ចំណេះទូទៅ៖ ប៉ុន្មានឆ្នាំទៀត ទើបផែនដីរលាយ?
28-01-2026 20:00
(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០២៦នេះ បើយោងតាមអ្នកវិទ្យាសាស្ត្រ លោក Stephen Hawking មនុស្សលោកសល់ពេលមិនដល់ ១ ០០០ឆ្នាំទៀតទេ ក្នុងការរស់នៅលើភពផែនដីនេះ ដូច្នេះមនុស្សសំឡឹងមើលភពផ្សេង ហើយស្រាវជ្រាវរកកន្លែងរស់នៅផ្សេងទៀត នៅក្នុងលំហអាកាស។ ប៉ុន្តែបើតាមអង្គការ NASA ៥ ០០០លានឆ្នាំ ផែនដីនឹងរលាយ ខណៈតាមទ្រឹស្តីសាសនា មិនមានពេលជាក់លាក់។
ទស្សនៈលោក Stephen Hawking
លោក Stephen Hawking ធ្លាប់ព្រមានថា បើសិនជាមនុស្សមិនផ្លាស់ប្តូររបៀបរស់នៅ ដូចជា ការបំផ្លាញបរិស្ថាន, អាវុធនុយក្លេអ៊ែរ, AI, ជំងឺរាតត្បាត និងការប្រែប្រួលអាកាសធាតុទេ មនុស្សអាចមិនអាចរស់នៅលើផែនដីបានក្នុងអនាគតវែងបានទេ។
*ការព្រមាន រយៈពេល ១ ០០០ឆ្នាំ (២០១៦)៖ នៅក្នុងសុន្ទរកថាមួយ នៅឯសាកលវិទ្យាល័យ Oxford University Union កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ លោក Hawking មិនគិតថាមនុស្សលោកនឹងរស់រានមានជីវិត ១ ០០០ឆ្នាំទៀត ដោយមិនគេចផុតពីផែនដីនោះទេ។ លោកបានលើកឡើងពីការគំរាមកំហែងដូចជាសង្រ្គាមនុយក្លេអ៊ែរ ការឡើងកម្តៅផែនដី មេរោគថ្មីៗ និងបញ្ញាសិប្បនិម្មិត (AI)។
*ការព្រមាន “ផែនដីក្លាយជាដុំភ្លើង - Ball of Fire" រយៈពេល ៦០០ឆ្នាំ (២០១៧)៖ នៅខែវិច្ឆិកា ឆ្នាំ២០១៧ នៅឯកិច្ចប្រជុំកំពូល Tencent WE Summit ក្នុងទីក្រុងប៉េកាំង លោក Hawking បានព្រមានថា មនុស្សជាតិត្រូវតែចាកចេញពីផែនដីក្នុងរយៈពេល ៦០០ឆ្នាំ ដោយព្យាករថា នៅឆ្នាំ២៦០០ ពិភពលោកនឹងក្លាយជាដុំភ្លើង ដោយសារតែចំនួនប្រជាជនច្រើនពេក និងការប្រើប្រាស់ថាមពលខ្ពស់។
*ការព្រមានរយៈពេល ១០០ឆ្នាំ (២០១៧)៖ នៅក្នុងខ្សែភាពយន្តឯកសាររបស់ BBC ដែលមានចំណងជើងថា Expedition New Earth ដែលបានចាក់ផ្សាយក្នុងឆ្នាំ២០១៧ លោក Hawking បានលើកឡើងថា មនុស្សជាតិចាំបាច់ត្រូវរកភពថ្មី ក្នុងរយៈពេល ១០០ឆ្នាំ ដើម្បីរស់រានមានជីវិត។
អង្គការ NASA
បើតាមអង្គការ NASA សេណារីយ៉ូមួយ ដែលធ្វើឲ្យផែនដីរលាយ គឺកម្តៅនៃព្រះអាទិត្យ ដូចលោក Stephen Hawking និយាយដែរ។ ប៉ុន្តែ អង្គការនេះថា ក្នុងរយៈពេលប្រហែល ៥ ០០០លានឆ្នាំទៀត ព្រះអាទិត្យនឹងអស់ឥន្ធនៈអ៉ីដ្រូសែនរបស់វា ហើយចាប់ផ្តើមស្លាប់។ វានឹងពង្រីកខ្លួនទៅជាយក្សពណ៌ក្រហម (Red Giant) ដែលអាចលេបត្របាក់ភពផែនដី។ ទោះបីជាផែនដីរួចផុតពីការលេបត្របាក់ក៏ដោយ កម្តៅខ្លាំងពីព្រះអាទិត្យនឹងធ្វើឱ្យផ្ទៃផែនដីក្តៅខ្លាំងរហូតដល់គ្មានជីវិតរស់នៅបាន។
សេណារីយ៉ូមួយទៀតដែរនោះ គឺការបាត់បង់បរិយាកាសរស់នៅ ដែលបង្កដោយមនុស្ស។ បន្តិចម្តងៗ ផែនដីបាត់បង់បរិយាកាសរបស់ខ្លួនទៅក្នុងលំហ។ ដំណើរការនេះត្រូវបានពន្លឿនដោយសកម្មភាពរបស់មនុស្ស ដូចជា ការបំពុលបរិយាកាស។ ប្រសិនបើបរិយាកាសបាត់បង់ ផែនដីនឹងក្លាយទៅជាកន្លែងដែលគ្មានជីវិត ដូចជាភពអង្គារដែរ។
សេណារីយ៉ូមួយផ្សេងទៀត គឺការប៉ះទង្គិចជាមួយវត្ថុធំៗ ដូចជា អាចម៍ផ្កាយ។ ផែនដីត្រូវបានវាយប្រហារដោយអាចម៍ផ្កាយជាញឹកញាប់។ ការប៉ះទង្គិចជាមួយអាចម៍ផ្កាយ អាចបណ្តាលឱ្យមានការផុតពូជទ្រង់ទ្រាយធំ ដូចដែលបានកើតឡើងចំពោះសត្វដាយណូស័រ កាលពីបុព្វកាលដែរ។ ក្រៅពីសេណារីយ៉ូទាំងនេះ ក៏មានគ្រោះថ្នាក់ផ្សេងទៀតដែលគំរាមកំហែងដល់ផែនដីផងដែរ ដូចជាសង្គ្រាមនុយក្លេអ៊ែរ, ការប្រែប្រួលអាកាសធាតុ ភ្នំភ្លើងធំៗ និងការរីករាលដាលនៃជំងឺ។
ទស្សនៈសាសនា
*ព្រះពុទ្ធសាសនា៖ ពិភពលោកមាន ការកើតឡើង និងវិនាស ប៉ុន្តែការបញ្ចប់មិនមានថ្ងៃកំណត់ច្បាស់លាស់នោះទេ។
*សាសនាអាប្រាហាំ (គ្រីស្ទាន / យូដា / អ៉ីស្លាម)៖ មានការលើកឡើងពីថ្ងៃចុងក្រោយនៃផែនដី ប៉ុន្តែមិនមានអ្នកណាដឹងថ្ងៃម៉ោងណាទេ ពោលគឺផែនដីបញ្ចប់ដោយឆន្ទៈរបស់ព្រះ មិនមែនវិទ្យាសាស្ត្រ៕



