ចំណេះដឹងទូទៅ៖ មកស្គាល់ប្រទេស មានច្បាប់ហាមឃាត់ការសុំទាន និងការដាក់ទាន តាមទីសាធារណៈ

30-01-2026 21:23

(ភ្នំពេញ)៖ មានប្រទេស និងតំបន់ជាច្រើនដែលមាន ច្បាប់ឬបទបញ្ជាផ្សេងៗ ដែលហាមឲ្យលុយអ្នកសុំទាន ហាមការសុំទាន (begging/panhandling) ឬក៏កំណត់តឹងតែងមិនឲ្យធ្វើសកម្មភាពនេះ ដើម្បីការពារសណ្តាប់ធ្នាប់នៅសាធារណៈ ឬការពារជនទេសចរជាតិ និងអន្តរជាតិ។

ខាងក្រោម ជាប្រទេស មានច្បាប់ហាមឃាត់ការសុំទាន និងការដាក់ទាន តាមទីសាធារណៈ៖

*នេប៉ាល់ (Nepal)៖ មានច្បាប់ហាមការសុំទាន ឆ្នាំ១៩៦២ Begging (Prohibition) Act ដែលហាមការសុំទានក្នុងទីសាធារណៈ និងហាមមនុស្សអាយុក្រោម ១៦ឆ្នាំសុំទាន។ បើសុំទានអាចជាប់ទោស ដល់កម្រិតជាប់ពន្ធនាគារ។

*ស្វីស (Switzerland)៖ ក្នុងប្រទេសស្វីស មានដែនដីជាច្រើន (ដូចជា Geneva, Zurich) ហាមសុំទានក្នុងទីតាំងជាក់លាក់ ឬពេលយប់។

*អង់គ្លេស និង វេលដ៍ (England & Wales)៖ យោងតាមច្បាប់ Vagrancy Act 1824 ការសុំទានត្រូវចាត់ទុកជាបទល្មើស (illegal)។

*ហុងហ្គារី (Hungary)៖ យោងតាមច្បាប់ The Act on Misdemeanours ប្រទេសនេះហាមការសុំទានទូទាំងប្រទេស (nationwide ban) និងហាមសូម្បីយកអ្វីៗពីធុងសំរាម ដែលជាផ្នែកនៃការប្រយុទ្ធប្រឆាំងភាពក្រីក្រ។ អ្នកល្មើស ប្រឈមនឹងការផាកពិន័យ ការធ្វើការសហគមន៍ ឬអាចជាប់ពន្ធនាគារបើគេហាមម្តងហើយនៅតែធ្វើទៀត។ អាជ្ញាធរមូលដ្ឋាន ក៏បានហាមអ្នកគ្មានផ្ទះសម្បែងរស់នៅតំបន់ទេសចរណ៍។

*ប៉ូឡូញ (Poland)៖ ការសុំទាននៅទីតាំងសាធារណៈមិនឲ្យមានទេ។ ការសុំទាននៅទីសាធារណៈ ក្នុងប្រទេសប៉ូឡូញ ត្រូវបានចាត់ទុកថាជាបទល្មើសកម្រិតស្រាល យោងតាមមាត្រា៥៨ នៃក្រមព្រហ្មទណ្ឌកម្រិតស្រាល (Petty Offences Code) ប្រសិនបើបុគ្គលនោះមានសមត្ថភាពធ្វើការ ឬមានមុខរបរចិញ្ចឹមជីវិត។

*ឥណ្ឌា (India)៖ នៅទីក្រុងធំៗ ដូចជា Mumbai និង Delhi មានច្បាប់ BPBA 1959 (Bombay Prevention of Begging Act) ដែលប្រឆាំងនឹងការសុំទាន។

*បារាំង (France)៖ ការសុំទានមិនមែនជាបទល្មើសព្រហ្មទណ្ឌនៅក្នុងប្រទេសបារាំងនោះទេ ខណៈដែលច្បាប់ប្រឆាំងនឹងការសុំទានត្រូវបានលុបចោលនៅឆ្នាំ១៩៩៤។ ប៉ុន្តែ ការសុំទានហួសហេតុ ដែលរួមមានការគំរាម ការប្រើប្រាស់កុមារ ឬសត្វពាហនៈ គឺខុសច្បាប់ និងត្រូវផ្តន្ទាទោសដោយការផាកពិន័យរហូតដល់ ៣ ៧៥០ អឺរ៉ូ ឬជាប់ពន្ធនាគារ។ អភិបាលក្រុងក្នុងតំបន់ ក៏អាចដាក់កម្រិតជាបណ្តោះអាសន្នលើការសុំទាននៅក្នុងតំបន់ដែលមានមនុស្សច្រើន ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។

*លុចសំបួរ (Luxembourg)៖ ទីក្រុងលុចសំបួ បានអនុវត្តការហាមឃាត់ការសុំទាននៅតំបន់ដែលមានមនុស្សច្រើន (ហាងលក់តាមដងផ្លូវ សួនច្បារ ទីលានសាធារណៈ និងចំណតរថយន្ត) ចន្លោះពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់។ បទប្បញ្ញត្តិនេះ មានគោលបំណងដោះស្រាយការសុំទាន និងអនុញ្ញាតឱ្យប៉ូលីសពិន័យបុគ្គលពី ២៥ ទៅ ២៥០អឺរ៉ូ។

*ដាណឺម៉ាក (Denmark)៖ ប្រទេសដាណឺម៉ាកមានច្បាប់ប្រឆាំងនឹងការសុំទានដ៏តឹងរ៉ឹង ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៧ ដើម្បីដាក់ទោសព្រហ្មទណ្ឌលើការសុំទាននៅក្នុងតំបន់សាធារណៈ ដូចជាស្ថានីយ៍ ផ្លូវថ្មើរជើង និងនៅជិតផ្សារទំនើប។ អ្នកបំពាន នឹងរកការកាត់ទោសជាប់ពន្ធនាគារភ្លាមៗដោយគ្មានលក្ខខណ្ឌរយៈពេល១៤ថ្ងៃ។

*ហ្វីលីពីន (Philippines)៖ មានច្បាប់មួយហៅថា Anti-Mendicancy Law បង្កើតនៅឆ្នាំ១៩៧៨ (Presidential Decree No. 1563) ដែលអនុវត្តលើមនុស្សដែលមានសមត្ថភាពធ្វើការមិនស្វែងរកការងារ តែទៅសុំទានក្នុងសាធារណៈ ដោយជាប់ពិន័យ ឬដាក់ពន្ធនាគារ ហើយច្បាប់នេះក៏កំណត់ទណ្ឌសម្រាប់អ្នកដែលផ្តល់លុយ ឬជួយឲ្យសុំទាន (abet mendicancy) ផងដែរ។

*ថៃ (Thailand)៖ ថៃបានចេញច្បាប់ថ្មីៗ (Beggar Control Act B.E. 2559 / 2016) ដែលហាមការសុំទានគ្រប់ប្រភេទ (ផ្តល់ទាន/សុំទាន) នៅលើផ្លូវសាធារណៈ បុគ្គលដែលសុំទានអាចត្រូវ ពិន័យជាប្រាក់ ឬជាប់គុក ឬទាំងពីរជាមួយគ្នា ហើយប្រជាជនជនជាតិថៃដែលគ្មានកម្លាំងធ្វើការអាចទទួលជំនួយពីរដ្ឋ។

*ម៉ាឡេស៊ី (Malaysia)៖ រយៈពេលមុន មានច្បាប់ Vagrants Act ដែលប្រកាសថាការសុំទាន គឺជាបទល្មើស។ បន្ទាប់មកមានច្បាប់ Destitute Persons Act ឆ្នាំ១៩៧៧ ដែលមិនលើកឡើងថា ការសុំទានជាបទល្មើសទេ តែអនុញ្ញាតឲ្យអាជ្ញាធរនាំមនុស្សដែលគ្មានផ្ទះ ទៅមជ្ឈមណ្ឌលសង្គម និងអាចកសាងជំនាញវិជ្ជាជីវៈ៕