ចំណេះដឹងទូទៅ៖ ទំនៀមចាប់ត្រី ដែលជាមរតកវប្បធម៌ដ៏មានតម្លៃរបស់អ្នកស្រុកអង្គរ

09-02-2026 20:46

(ភ្នំពេញ)៖ ពិធីចាប់ត្រី នៅខេត្តសៀមរាប គឺជាទំនៀមទម្លាប់មួយដែលប្រជាជនខ្មែរធ្វើតាំងពីបុរាណកាលមក ដើម្បីអបអរពិធីបុណ្យឡើងមាឃ។ ពិធីនេះធ្វើឡើងនៅត្រពាំងបឹង ដែលជាបឹងបុរាណ ស្ថិតក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង។

ត្រីដែលចាប់បាន មួយផ្នែកយកទៅធ្វើម្ហូបក្នុងគ្រួសារ និងមួយផ្នែកទៀតសម្រាប់ធ្វើម្ហូបក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា។ ពិធីនេះត្រូវបានចាត់ទុកជាបេតិកភណ្ឌវប្បធម៌អរូបី ដែលបង្ហាញពីសាមគ្គីភាពនិងភាពរស់រវើកក្នុងសហគមន៍។ ទំនៀមចាប់ត្រី ដែលជាមរតកវប្បធម៌ដ៏មានតម្លៃរបស់អ្នកស្រុកអង្គរ ទើបតែបានរៀបចំ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ខាងក្រោមនេះជាអត្ថបទស្រាវជ្រាវដោយយសោធរ៖

នៅផ្នែកខាងកើតនៃតំបន់អង្គរ ក្នុងចំណោមភូមិដែលមានឈ្មោះលេចធ្លោជាងគេ មានភូមិមួយដែលសព្វថ្ងៃសរសេរជា «បង្កោង» ហើយឈ្មោះនេះ អ្នកស្រុកជាទូទៅ ទោះជារស់នៅឆ្ងាយពីនោះល្មមៗក៏តែងតែស្គាល់ ឬធ្លាប់ឮ។ សិលាចារឹកពីស.វ.ទី៩ដែលគេប្រទះឃើញនៅតំបន់រលួសក៏និយាយ ច្រើនកន្លែងពីភូមិនោះ ដោយសរសេរថា «វកោង»។

មិនត្រឹមតែសិលាចារឹកទេដែលធ្វើឲ្យយើងដឹងថាភូមិនោះ ឬក្រុមភូមិម្ដុំនោះមានតាំងពីបុរាណកាល គឺយើងអាចឃើញតឹកតាងរឿងនេះដោយឃើញថា មានសំណល់ឡកុលាលភាជន៍ពីសម័យនោះច្រើន ដែលទើបនឹងខូចខាតជាស្ថាពរក្នុងពេលថ្មីនេះ។

សម្បត្តិមួយដែលជាសម្បត្តិរួមនៃអ្នកស្រុកភូមិបង្កោង គឺត្រពាំងមួយដែលគេហៅថា «ត្រពាំងបឹង» ហើយដែលមានផ្ទៃក្រឡាទំហំប្រមាណមួយហិកតា។ តម្រុយមួយដែលឲ្យស្មានបានថានេះជាត្រពាំងបុរាណ គឺយើងឃើញមានថ្មគោលមួយនៅក្នុងនោះ។ បើតាមអ្នកខ្លះអះអាង គឺកាលពីមុននេះមានថ្មគោលដល់ទៅពីរ ប៉ុន្តែថ្មមួយទៀតគេលួចបាត់ទៅ ដោយសារនៅលើនោះមានចម្លាក់។

ប្រពៃណីអ្នកស្រុកទាក់ទងនឹងត្រពាំងនេះគួរឲ្យចាប់អារម្មណ៍ក្រៃលែង ដែលយើងខ្ញុំនឹងសង្ខេបដូចតទៅ។ មានតែអ្នកស្រុកភូមិបង្កោងមួយគត់ដែលគេទុកជាម្ចាស់បឹងនោះ មានន័យថាក្រៅពីអ្នកភូមិបង្កោងគ្មាននរណាម្នាកអាចប៉ះពាល់បានទេ។ ឯអ្នកស្រុកផ្ទាល់សោតក៏មិនអាចរកត្រីនៅទីនោះក្រៅពីរយៈពេលមួយដែលគេអនុញ្ញាតបានឡើយ។

ហើយអ្នកដែលគ្រប់គ្រងសព្វថ្ងៃនេះ គឺគណៈកម្មការមួយដែលមានសមាជិក២៧រូប បូករួមនឹងចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិផង។ ក្នុងមួយឆ្នាំគេរើសយកថ្ងៃណាមួយក្នុងខែមាឃ ដែលមនុស្សមួយភូមិតែម្តង រួមគ្នាមករកត្រី។ ថ្ងៃនោះគឺមួយថ្ងៃមុនថ្ងៃ «ឡើងមាឃ»។

ជាទូទៅនៅតំបន់អង្គរគេច្រើនឡើងមាឃនៅថ្ងៃ៣កើត ប៉ុន្តែឧទាហរណ៍ជាក់ស្តែងដែលឃើញថ្មីៗនេះ គឺនៅភូមិបង្កោងគេឡើងនៅថ្ងៃ៧រោច ដែលជាការយឺតយ៉ាវហួសធម្មតាបន្តិច។ មុននោះមួយថ្ងៃអ្នកស្រុកនាំគ្នាទៅរកត្រីនៅត្រពាំងនោះដោយកាន់ឧបករណ៍រៀងៗខ្លួនយកទៅជាមួយ។ លុះជួបជុំគ្នានៅមាត់បឹងហើយក៏ពុំទាន់មាននរណាម្នាក់ចុះទៅនេសាទភ្លាមដែរ ដ្បិតក្បួនច្បាប់របស់គេតម្រូវថា ឲ្យចាំទទួលការអនុញ្ញាតិពីមេភូមិ ឬគណកម្មការភូមិជាមុនសិន។ ឯឧបករណ៍គេឲ្យប្រើបានតែសំណាញ់, អង្រុត និងឈ្នាង ប៉ុណ្ណោះ រីឯមង, អួន ឬអញ្ចងជាដើម គឺគេពុំឲ្យប្រើឡើយ។ ពេលដែលរកគឺនាំគ្នារកប្រសេកប្រសាចពេញផ្ទៃបឹង។

នៅក្នុងបឹងនោះគេបានដាក់សម្រាស់ពីរកន្លែងរួចជាស្រេចទៅហើយ ដោយប្រើបន្លា, បែកឈើ ឬកូនឈើទុកឲ្យត្រីជ្រកពួន។ ដូច្នេះហើយបានជានៅពេលចុងបញ្ចប់ គេនាំគ្នាទៅហ៊ុមព័ទ្ធសម្រាស់នោះ ដោយសារមានត្រីច្រើនទៅជ្រកផ្តុំគ្នា។

ក្នុងការនេសាទនោះ គ្មាននរណាដៃទទេឡើយ គឺសុទ្ធតែបានត្រីរៀងៗខ្លួន ដែលចុងបញ្ចប់ទៅគេយកមកបញ្ចូលរួមគ្នា។ មួយភាគធំគេប្រស់ទុកសម្រាប់ឡើងមាឃនៅថ្ងៃស្អែក ឯមួយភាគតូចគេយកទៅចម្អិនទទួលទានរួមគ្នានៅមាត់បឹង ក្នុងថ្ងៃនោះតែម្តង។

តាមស្មានមើលទំនៀមនេះប្រហែលកើតមកពីយូរអង្វែងហើយ ដែលបង្ហាញពីក្បួនច្បាប់ ឬក៏ថាជាវិន័យផ្ទៃក្នុងប្រចាំសហគមន៍ ដែលធ្វើឲ្យរស់ក្នុងលំនឹងមួយបានល្អ។ សហសេវិកដែលចូលរួមស្រាវជ្រាវជាមួយគ្នានេះមាន៖ លោកឯម គឹមស្រ៊ាង, អ៊ូ គង្គា, អាន រស្មី, គា រក្សា, ស៊ុម សុមេធ, តូច សុភៈ, អ្នកស្រី សរ សុធីតា, កញ្ញា សឿន ដាណែត៕