ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពី «អ្នកតា» តាមជំនឿជនជាតិខ្មែរ

11-02-2026 20:09

(ភ្នំពេញ)៖ បច្ចុប្បន្ន​ប្រជាជន​ខ្មែរ​ចំនួន​ដ៏​ច្រើន​លើស​លប់​ មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​។ ប៉ុន្តែ​មុន​នឹង​សាសនា​ព្រះពុទ្ធ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​ធ្លាប់​មាន​ជំនឿ​លើ​សាសនា​ព្រាហ្មណ៍ ហើយ​​នៅ​​សម័យ​​ដើម​​មុន​​នឹង​​ទទួល​យក​សាសនា​ព្រាហ្មណ៍​ដែល​នាំចូល​ដោយ​ជនជាតិ​ឥណ្ឌា​នោះ ជនជាតិ​ខ្មែរ​ដើម​ជា​ម្ចាស់​ស្រុក​មាន​អរិយធម៌​និង​ជំនឿ​ផ្ទាល់​ខ្លួន​រួច​ទៅ​ហើយ ដូច​ជា​ការ​ជឿ​លើ​កម្លាំង​ធម្មជាតិ, កម្លាំង​ក្រៅ​ខ្លួន​ដែល​ហៅ​ថា «ជំនឿ​ជីវចលនិយម»។

តាម​ឯកសារ​ខ្លះ​សរសេរ​ថា ប្រពៃណី​​អ្នក​កាន់​សាសនា​ព្រាហ្មណ៍​ នៅ​ប្រទេស​ឥណ្ឌា​តែង​ចាត់​ទុក​វត្ថុ​បី​យ៉ាង​គឺ ព្រះព្រហ្ម, ព្រះសិវៈ (ឥសូរ) និងព្រះវិស្ណុ (នារាយណ៍) ថា​ជា​ព្រះអម្ចាស់​របស់​ពួក​គេ ប្រហែល​គ្នា​នឹង​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដែល​តែង​ចាត់​ទុក​វត្ថុបីយ៉ាង គឺព្រះពុទ្ធ, ព្រះធម៌ និងព្រះសង្ឃ ជាទីសក្ការៈដែរ។ ពួក​ព្រាហ្មណ៍​ទុក​ព្រះព្រហ្ម​ ជា​ព្រះ​កសាង​លោក, ព្រះ​សិវៈ​ជា​ព្រះ​បង្កើត​លោក និង​បំផ្លាញលោក ខណៈព្រះវិស្ណុ​ជា​ព្រះ​រក្សា​លោក គឺពុំឃើញមានទុក​ព្រះសិវៈជាអ្នកតាទេ។ តែនៅស្រុកខ្មែរ ឃើញមានទុកព្រះសិវៈជាអ្នកតា ខ្លះហៅថា អ្នកតា​ព្រះ​នារាយណ៍ និងទុកព្រះកាឡី (នាងខ្មៅ) ទេពីព្រះសិវៈជាអ្នកតា ខ្លះហៅថាអ្នកតានាងខ្មៅ។

ចំពោះព្រះព្រហ្ម មិនឃើញមានទុកជាអ្នកតាទេ។ ដូចនេះយើង ឃើញថាពាក្យ អ្នកតា គ្មាន​នៅ​ក្នុង​សាសនា​ព្រះពុទ្ធ និងសាសនាព្រាហ្មណ៍ឡើយ។ តាមសៀវភៅ «ព្រះរាជពិធីទ្វារទសមាស» បានបង្ហាញថា ពាក្យអ្នកតា ពុំមានក្នុងសិលាចារិក ឬ​រឿង​បុរាណ​ផ្សេងៗ​ឡើយ។ គេឃើញ​មាន​ពាក្យ​នេះ​តែ​ក្នុង​រឿងរ៉ាវ ដែលតាក់តែង​ឡើង​​ក្នុង​សម័យក្រោយៗប៉ុណ្ណោះ។ ពាក្យអ្នកតា គូគ្នានឹងពាក្យអ្នកដូន ដែលសម្គាល់ភេទខុសគ្នា។ ប៉ុន្តែពាក្យអ្នកដូន គេពុំសូវយកមកប្រើប្រាស់ឡើយ។ ទោះបីជាអ្នកតាភេទ​ប្រុស ឬភេទស្រីក៏ដោយ គេប្រើតែពាក្យអ្នកតា ជាសម្គាល់ដូចគ្នា។ ឧទាហរណ៍ដូចជាអ្នកតាជំទាវម៉ៅ។

តើអ្នកតាមានប្រភពមកពីណា?

អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចោញយោបល់ខុសៗគ្នាអំពីបញ្ហានេះ។ មតិ​ខ្លះ​យល់​ថា​អ្នកតា​ គឺ​ជា​ព្រលឹង​របស់​បុព្វបុរស​ ឬ​ជំពូក​មនុស្ស​ជាវីរបុរស (អ្នកខ្លាំង​ពូកែ) ប្រចាំស្រុក ឬតំបន់ណាមួយ។ បើមានសេចក្តីជំពាក់ចិត្តដោយកិច្ចការណាមួយក្នុងលោក លុះស្លាប់ហើយតែងតែកើតទៅជាអ្នកតា, ដូចជាឧកញ៉ាសួគ៌ាលោកមឿង ចៅហ្វាយខេត្តពោធិ៍សាត់ ដែលស្លាប់ក្នុងពេលធ្វើសឹកព្រះចន្ទរាជានោះ គេថាទៅកើតជាអ្នកតាឃ្លាំងមឿង នៅខេត្តពោធិ៍សាត់សព្វថៃ្ងនេះ។ ឯអ្នកខ្លះយល់ថា ពួក​បុព្វបុរស​មាន​ជីតា​ជា​ដើម (ពុំចាំបាច់ជាមនុស្សមានមហិទ្ធិប្ញទ្ធិទេ) នៅពេលស្លាប់ហើយ តែង​ទៅកើតជាខ្មោចមួយពួកនៅចាំថែរក្សាកូនចៅដែលនៅរស់។ ដូច្នេះពាក្យអ្នកតា បានក្លាយទៅជាខ្មោចមួយពួក ដែលនៅរក្សាមនុស្ស។

មតិខ្លះទៀតថា អ្នកតា ក្លាយចេញមកពីពាក្យថាទេវតា។ នៅជំនាន់ដើមប្រហែល ជាហៅថាអ្នកតាទេវតា យូរៗមកកាត់ចោលទេវ ចេញនៅត្រឹមតែអ្នកតា ហើយហៅជាប់រៀងមកដល់សព្វថៃ្ងនេះ ដោយហេតុមនុស្សបុរាណកាលនៅពេលនិយាយហៅឈ្មោះអ្នកធំច្រើនដាក់ពាក្យថាអ្នកនៅខាងដើម។ ដូចយ៉ាងហៅព្រះសង្ឃថា អ្នកយើង ហៅស្តេច ថាអ្នកព្រះបាទជាអម្ចាស់។ ដូចច្នេះពាក្យអ្នកតា ក្នុងទីនេះចាស់បុរាណសម្តៅយកភូមិទេវតា គឺ​ទេវតា​ជាន់ទាប​ដែល​អាស្រ័យ​នៅ​ស្ថាន​មនុស្សលោក​នេះ។

ហេតុអ្វីបានជាប្រជាជនខ្មែរមានជំនឿលើអ្នកតា?

តាមសៀវភៅ «ទំនៀមទម្លាប់​និងពិធីបុណ្យផ្សេងៗ» បានសរសេរបកស្រាយថា មូលហេតុដែលរាប់អានអ្នកតា រហូត​ដល់​ទៅ​ខ្មោច, អារក្ស និងបិសាចផ្សេងៗ ជាប់មកពីទំនៀមទម្លាប់មនុស្សក្នុងជាន់ដើម ពីក្នុងសម័យដែលមិនទាន់កើតមានអ្នកប្រាជ្ញ ព្រះពុទ្ធជាដើមក្នុងលោកមានអ្នកល្ងង់ខ្លៅច្រើន ជា​អ្នក​ប្រកប​ដោយ​សេចក្តី​តក់ស្លុតក្នុងរឿងស្លាប់ និងរឿងដែលមិនសមប្រកបច្រើន។ ហេតុនោះកាលណាគេឃើញអ្វីប្លែកចម្លែកអស្ចារ្យក្នុងចិត្ត គេក៏ស្មានថារបស់នោះ គង់មានអានុភាពជួយខ្លួនបាន ទើប​នាំ​គ្នា​បន់បួងសួងសុំឱ្យសម្រេចតាមសេចក្តីប្រាថ្នាជាទីពឹងទៅ។

អ្នកតាមានពីរប្រភេទ រួមមាន៖

១៖ ពួកទេវតារក្សាព្រះនគរប្រជាជនខ្មែរតែងហៅថាអ្នកតាព្រះស្រុក សម័យក្រុងឧដុង្គមានអ្នកតាឃ្លាំងមឿងនៅខាងត្បូងព្រះបរមរាជវាំង និង​អ្នកតា​ដំបង​ដែក​នៅ​ភ្នំ​ព្រះរាជទ្រព្យ​ជា​អ្នកតា​ព្រះ​ស្រុក។ នៅ​ក្រុង​ភ្នំពេញ​មានអ្នកតាព្រះចៅនៅវត្តភ្នំជាអ្នកតាព្រះស្រុក។

២៖ អ្នកតារក្សាខេត្ត រក្សាស្រុកទាំងឡាយគេហៅថាអ្នកតាចាស់ស្រុក។ អ្នកតាក្រុមនេះជាចន្ទល់ចម្ពាមរបស់អ្នកតាព្រះស្រុក។ នៅក្នុងប្រទេសខ្មែរ មាន​អ្នកតា​ជាច្រើន​នៅ​ពាសពេញ​តាម​ភូមិ, ស្រុក និងខេត្ត​ ដូច​ជាអ្នកតាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់, អ្នកតាដំបងដែក នៅភ្នំជីសូរ (ក្នុងខេត្តតាកែវ), អ្នកតាជំទាវម៉ៅ​ នៅតាមបណ្តោយផ្លូវជាតិលេខ៤ (ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ) ​​ជាដើម។ អាស្រ័យ​ដោយ​មាន​អ្នកតា​ជាច្រើនបែបនេះ ទើបពុទ្ធសាសនបណ្ឌិត្យសម័យដើម បានចងក្រងទុកក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី៨ ដែលមាន​រៀបរាប់​ចាប់​តាំង​​​ពី​ដើមកំណើត​ដំបូង​របស់​អ្នកតា​នីមួយៗ។ ចំពោះ​រូបតំណាងអ្នកតា​ខ្លះវិញ ពុំប្រាកដថា ជារូបបុព្វបុរសកាលនៅរស់ទេ គឺគេគ្រាន់​តែធ្វើរូបសន្មតិ និងអ្នកតា​ខ្លះ​ទៀត​មាន​​រូប​តំណាង​​ជា​ដុំថ្ម​តែ​​ប៉ុណ្ណោះ។ ចំពោះ​ការគោរព​បូជាមានខុសប្លែកគ្នាទៅតាមតំបន់នីមួយៗ។

យើងសូមលើកយកឧទាហរណ៍មួយ ដែលក្រុមស្រាវជ្រាវទំនៀមទម្លាប់នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បាន​ចុះ​​ទៅ​ឃើញ​និង​សាកសួរ​ផ្ទាល់ កាលពីថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០០២។ នៅក្នុងភូមិរកា ឃុំស្រយ៉ូវស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ មានប្រាសាទចាស់បុរាណមួយ​ដែល​បាក់បែក​ស្ទើរ​បាត់បង់​រូបរាង​​ទៅហើយ។ ប្រជាជននៅទីនោះ តែងហៅប្រាសាទនេះថា «ប្រាសាទរកា» ហើយគេមានជំនឿថា នៅក្នុងប្រាសាទនេះ មានអ្នកតាចាំថែរក្សាបងប្អូនអ្នកភូមិទាំងអស់។

អាស្រ័យ​​ដោយ​​​មាន​​​ជំនឿ​​បែប​នេះ ទើប​អ្នក​ភូមិ​តែង​ប្រារឰ​ធ្វើ​ការ​សែន​ ព្រេន​អ្នកតា​តៗ​គ្នា​រហូត​មក​ដល់​បច្ចុប្បន្ន។ ការសែនព្រេន​នោះ​ មាន​លក្ខណៈ​សាមញ្ញ​ជាទីបំផុត គឺ​ជា​រៀង​រាល់​ថៃ្ង​សៅរ៍ គេ​តែង​​នាំ​គ្នា​សែនព្រេន​អ្នកតា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ដល់​អ្នកភូមិ​ទាំងអស់ កុំឱ្យមានជំងឺឈឺថ្កាត់អ្វីឡើយ។ ប៉ុន្តែបើស្ថិតក្នុងករណីខ្លះ​ដូចជា​មាននរណាម្នាក់ឈឺ ឬ​មាន​គ្រោះធម្មជាតិ​​ផ្សេងៗ​ក្នុងភូមិ គេ​ក៏​មាន​ការសែនព្រេន​អ្នកតា​ខុស​ពី​វេលា​ថៃ្ង​សៅរ៍​នោះ​ដែរ។

រហូតមកដល់បច្ចុប្បន្ន ទោះបីវិទ្យាសាស្ត្រ​មានការរីក​ចម្រើនជឿនលឿនយ៉ាងណាក៏​ដោយ ក៏​អ្នកវិទ្យាសាស្ត្រ​ពុំ​អាច​ប្រឆាំង​ឬ​ធ្វើ​ការ​បកស្រាយ​អំពី​ជំនឿ​ក្រៅ​ខ្លួន​របស់​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​ឱ្យ​បានជ្រះស្រឡះបានដែរ តួយ៉ាង ដូចជាបញ្ហាអ្នកតា ជាដើម ព្រោះ​ថា​វិទ្យាសាស្ត្រ​ត្រូវការ​ទិន្នន័យ​ពិត​​ ឬ​បាតុភូត​ដែល​កើត​ឡើង​ពិត​ប្រាកដ​​តាម​ច្បាប់​​​ធម្មជាតិ​ ដើម្បី​យក​ទៅ​ពិសោធន៍​​ម្តង​ហើយ​ម្តង​ទៀត​មុន​នឹង​ទទួល​យក​ឬ​បដិសេធ​ចោល​ទ្រឹស្តី​ ឬ​សម្មតិកម្ម​ណា​មួយ។ ជំនឿ​លើ​អ្នក​តា លើ​ព្រលឹង​ខ្មោច លើ​ព្រះ​អាទិទេព​ លើ​ទេវតា រឿង​ចាប់​​ជាតិ​​ជា​ថ្មី មិន​មែន​ជា​បាតុភូត​កើត​ឡើង​តាម​ច្បាប់​ធម្មជាតិ​ទេ ហេតុ​នេះ​ហើយ​វា​ក៏​គ្មាន​ទិន្នន័យ​សម្រាប់អ្នក​វិទ្យាសាស្ត្រ​ត្រូវ​ចំណាយ​ពេល​សិក្សាស្រាវជ្រាវ​ដែរ ព្រោះ​ពួក​គេ​មិន​អាច​សិក្សា​លើ​វត្ថុ​​ដែល​​គ្មាន​ការ​​ពិត​ក្នុង​ធម្មជាតិ។

ជា​ការ​សន្និដ្ឋាន អ្នក​វិទ្យាសាស្ត្រ​បាន​ទាត់​ចោល​ជំនឿ​សាសនា​ ឬ​អរូបិយ​ជំនឿ​ទាំង​អស់​នៅ​លើ​​ពិភពលោក​ ដោយ​ប្រើ​ពាក្យ​ថា វា​ជា​រឿង​គ្មាន​ប្រយោជន៍​អ្វី​ដល់​សង្គមមនុស្ស​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក្តី​ ជំនឿ​លើ​អ្នកតា​នៅ​តែ​​ស្ថិតជាប់ក្នុងផ្នត់គំនិត និងដួងព្រលឹងខ្មែរជានិច្ច ទោះ​តិច​ ឬ​ច្រើន​ក៏ដោយ ដូចជា នៅ​ពេល​អ្នក​ណា​មាន​ជំងឺ ឬ​ហៅថាអ្នកតាកាច់អាសន្នអន្ធក្រ ឬ​ជួប​ប្រទះ​នូវមហន្តរាយផ្សេងៗ គេតែងរកគ្រឿងសំណែនទៅសែនអ្នកតា។ នៅ​ពេល​គេ​កើត​ទុក្ខព្រួយ​ចិត្តខ្លាំង គេ​រមែង​រំលឹក​គុណ​ដល់​អ្នកតា​ដោយ​ឧទាន​អំពាវ​នាវ​ថា​ «អ្នកតា អ្នកដូនអើយ! ជួយ​ខ្ញុំ​​ផង» បើ​ទោះ​ពួក​គេ​ដឹង​ក្នុង​ចិត្ត​ថា​​ការ​ធ្វើ​ដូច្នេះ​វា​គ្មាន​បាន​ផល​អ្វី​បន្តិច​បន្តួច​ក៏​ដោយ ប្រៀប​ដូច​ជា​ពួក​គ្រិស្តបរិស័ទ​ដែល​ខំ​បន់ស្រន់​បួង​សួង​ ឬ​អធិដ្ឋាន​ទៅ​ដល់​ព្រះអាទិទេព​ ឬ​ព្រះ​ជា​ម្ចាស់​​របស់​ពួក​គេ​ដូច្នោះ​ដែរ។

កិច្ច​ពិធី​ ឬ​ការ​និយាយ​ជា​មួយ​អ្នកតា​ ឬ​ព្រះ​អាទិទេព​ គឺ​គ្រាន់​តែ​ជា​កិច្ច​ធ្វើ​ឲ្យ​រួច​ពី​ដៃ​ដើម្បី​អស់​ចិត្ត​ប៉ុណ្ណោះ ព្រោះ​រាប់ពាន់​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ គ្មាន​មនុស្ស​ណា​ម្នាក់​​អាច​​អះអាង​​បញ្ជាក់​បាន​ថា​ មាន​អ្នកតា​ ឬ​ព្រះ​អាទិទេព​អ្វី​ជួយ​ពួក​គេ​ឲ្យ​សម្រេចបំណង​ពិតប្រាកដ​ណា​មួយ​ក្រៅពី​ការ​បន្លែបន្លប់​ខួរ​ក្បាល​ខ្លួន​ឲ្យ​មាន​សេចក្តី​ជឿជាក់​គ្រាន់​បើ​ជា​មុន​បន្តិច​នោះ៕