យល់ដឹងកីឡា៖ មូលហេតុសំខាន់ៗដែលពាន World Cup ដណ្តើមបានដោយក្រុមប្រទេសនៅតែអឺរ៉ុប និងអាមេរិកឡាទីន

12-02-2026 08:32

(បរទេស)៖ គិតចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ផ្តើមឡើងដំបូងកាលពីឆ្នាំ១៩៣០ ដែលមាន ២២សម័យកាលមកនេះ គេសង្កេតឃើញថា មានតែក្រុមស្ថិតនៅទ្វីបអឺរ៉ុប និងអាមេរិកខាងត្បូងប៉ុណ្ណោះ ដណ្តើមបានជើងឯក។

ក្នុងចំណោមនៃការរៀបចំកម្មវិធី ៤ឆ្នាំម្តងមានរយៈពេល ២២លើកមកនេះ ក្រុមប្រទេសនៅតំបន់អាមេរិកឡាទីនមានដូចជា អ៊ុយរូហ្គាយធ្លាប់ឈ្នះ ២លើក អាហ្សង់ទីន ៣លើក និងប្រេស៊ីល ៥លើក ហើយក្រៅពីនោះគឺក្រុមប្រទេសនៅអឺរ៉ុបយកទាំងអស់តែម្តង។

តួយ៉ាងអាល្លឺម៉ង់ និងអ៉ីតាលី ដណ្តើមបាន ៤ដងដូចគ្នា បន្ទាប់មកបារាំង ឈ្នះបាន ២ដង រួមទាំងអង់គ្លេស និងអេស្ប៉ាញ ដណ្តើមបាន ១ដងដូចគ្នា។

តើមូលហេតុ និងកត្តាអ្វីខ្លះបានជាពាន World Cup ដណ្តើមបានតែ ២តំបន់យ៉ាងដូច្នេះ? ចុះតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកខាងជើងវិញ តើពួកគេពិតជាលេងនៅមានកម្រិតមែនទេ?

ខាងក្រោយនេះ សូមបង្ហាញជូននូវចំណុចសំខាន់ៗ ដែលអាចសបញ្ជាក់ថា តំបន់ទាំង២ នេះពិតជាស័ក្តិសមជើងឯក World Cup តជំនាន់ពិតមែន ប៉ុន្តែក៏មិនអាចសន្និដ្ឋានថា តំបន់ផ្សេងគ្មានលទ្ធភាពដែរទៅថ្ងៃអនាគត តាមរយៈការដកស្រង់ចេញផ្សាយពីគេហទំព័រ Quora។

១៖ កត្តាប្រវត្តិសាស្រ្ត និងវប្បធម៌

ជាតំបន់ប្រវត្តិសាស្រ្តបាល់ទាត់ដ៏យូរលង់ណាស់មកហើយ មានទាំងរចនាសម្ព័ន្ធក្លិប លីគជាតិ និងការអភិវឌ្ឍន៍យុវជនថ្នាល ដែលជាអាថ៌កំបាំងដ៏យូរយារណាស់មកហើយនៅអាមេរិកឡាទីន និងអឺរ៉ុប។ នៅទីនេះពួកគេបណ្តុះធនធានគ្រូបង្វឹក និងកីឡាករនានា អំពីតាក់តិចលេងប្លែកៗ។

បាល់ទាត់ ជាប្រភេទកីឡាឈានមុខគេនៅអឺរ៉ុប និងអាមេរិកឡាទីន ស្ទើរគ្រប់ទីកន្លែង និងតំបន់ដែលពួកគេរស់នៅ។ តំបន់ទាំងនេះប្រជុំទៅដោយក្លិបខ្លាំងៗ និងការប្រកួតប្រជែងពានធំៗទៀតផង។

២៖ កត្តាទេពកោសល្យ និងកាយសម្បទា

នៅតំបន់ឡាទីន និងអឺរ៉ុប បណ្តុះបណ្តាលកីឡាករអាជីពឆ្នើមៗជាច្រើន ពោរពេញដោយបច្ចេកទេស និងជំនាញ ស្របពេលនៅអឺរ៉ុប អំណោយផលកត្តារាងកាយ តាក់ទិច និងកត្តាស្ថានភាពកម្រិតខ្ពស់។

៣៖ ការធ្វើទំនើបកម្មបាល់ទាត់ និងគុណភាពប្រកួតប្រជែង

ក្លិបលំដាប់កំពូលៗ ប្រកួតប្រជែងពាន UEFA Champions League ដែលជាលីគល្អផ្តាច់គេនៅអឺរ៉ុប ប្រមូលផ្តុំទៅដោយកីឡាករល្បីៗ សំបូរបទពិសោធន៍ និងជំនាញលេងនៅទីនេះ និងជាទីកន្លែងមានអានុភាពខ្ពស់ផងដែរ ដើម្បីជាប់ជម្រើសជាតិ។

៤៖ កត្តាហេដ្ឋារចនាសម្ព័ន្ធ ធនធាន និងការវិនិយោគ

នៅអឺរ៉ុបមានហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការជួយគាំទ្រដល់យុវជន គ្រឿងបរិក្ខារ ផ្នែកវេជ្ជសាស្រ្ត និងការវិភាគទៀតផង គ្រាដែលក្រុមប្រទេសនៅអាមេរិកឡាទីន លើកដម្កើងកីឡាករមានទេពកោសល្យ ជាមួយនឹងការជួយជ្រោមជ្រែងជាប្រព័ន្ធ។

៥៖ ការកើនឡើង និងរួមតូចដៃគូប្រកួតប្រជែង

នៅអាស៊ី អាហ្រ្វិក អូសេអានី និងអាមេរិកខាងជើង និងកណ្តាល ផ្តោតសំខាន់តែទៅលើទីផ្សារ ជាជាងអភិវឌ្ឍន៍យុវជន, ការជួលគ្រូបង្វឹកមកពីបរទេស និងការវិនិយោគរបស់ក្លិបជាដើម។

ទោះជាយ៉ាងណា កាលព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា គេឃើញមានម៉ារ៉ុក ប្រទេសស្ថិតនៅទ្វីបអាហ្វ្រិកបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង ដែលជារឿយៗមានតែក្រុមនៅអឺរ៉ុប និងអាមេរិកឡាទីនតែប៉ុណ្ណោះ។

នេះសបញ្ជាក់ឱ្យឃើញថា ទៅថ្ងៃអនាគតអាចមានក្រុមមកពីតំបន់ក្រៅពីអឺរ៉ុប និងអាមេរិកខាងត្បូង ដណ្តើមបានជើងឯក World Cup ជាមិនខាន៕