ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីប្រវត្តិពុទ្ធមណ្ឌល ដែលជាទីតាំងរៀបចំឆ្លងពិធីបុណ្យខួប៥៦ឆ្នាំ ការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក
13-02-2026 20:49
(កណ្តាល)៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ឬដែលគេស្គាល់ទូទៅថា ពុទ្ធមណ្ឌល មានទីតាំងស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ពុទ្ធមណ្ឌល បានក្លាយជាកន្លែងដែលរៀបចំឆ្លងពិធីបុណ្យខួប៥៦ឆ្នាំ ការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក។
ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា គឺជាមជ្ឍមណ្ឌលវិបស្សនាដំបូងគេបង្អស់ដែលបានបើកទ្វារឲ្យសិក្ខាកាម ដែលជាកុលបុត្រខ្មែរ បានសិក្សាបដិបត្តិវិបស្សនាធុរៈអប់រំចិត្ត ដែលជាមាគ៌ាឬផ្លូវដឹកនាំសត្វលោកឲ្យមានសេចក្តីសុខស្ងប់តាមផ្លូវកាយ វាចា និងចិត្ត មានភិក្ខុ សាមណេឧបាសក ឧបាសិកា សីលវ័ន្ត សីលវ ទាយក និងទាយិកា ជាច្រើនកំពុងបដិបត្តិនូវសាសនព្រហ្មចរិយធម៌។ នេះបើតាមគេហទំព័រពុទ្ធមណ្ឌល។
វិបស្សនាធុរៈជាកិច្ចដ៏សំខាន់មួយសម្រាប់ជាមាគ៌ាអប់រំផ្លូវចិត្តកាលពីបុព្វសម័យខាងដើម រហូតមកដល់ឆ្នាំ១៩៩៦ ពុទ្ធបរិស័ទតែងមានការបដិបត្តិព្រះធម៌តាមផ្លវវិបស្សនាធុរៈនៅតាមបណ្តាវត្តអារាមផ្សេងៗមានអាស្រមតំបន់ភ្នំ ឬព្រៃមានរុក្ខមុលសេនាសនៈជាដើមរហូតតរៀងមក ប៉ុន្តែពុំមានមានអង្គការចាត់តាំង ឬរចនាសម្ពន្ធ័មានច្បាប់គ្រប់គ្រងប្រត្យក្សនៅឡើង។
ឯការបដិបត្តិទៀតសោត គឺធ្វើទៅតាមការចេះចាំតគ្នាពីគ្រូមួយទៅគ្រូមួយទៀតបដិបត្តិតាមវាទ គ្រូបាអាចារ្យជាធំបដិបត្តិទៅតាមចំណេះដឹង និងជំនាញរបស់គ្រូវិបស្សនានីមួយៗលុះក្រោយមកទើបមកដល់ឆ្នាំ១៩៩៦ មានពុទ្ធបរិស័ទភាគច្រើនគោរពបដិបត្តិនូវព្រះធម៌វិបស្សនា។
វិបស្សនា គឺជាគន្ធធុរៈមួយពុំសូវមានសិក្ខាកាម ឬអ្នកបដិបត្តិធម៌ (ព្រះយោគី ឬព្រះយោគាវចរ) ច្រើននោះទេ ពីព្រោះជាធុរៈដែលសិក្សាអប់រំសមថវិបស្សនា គឺពិបាកទូន្មានប្រៀនប្រដៅអប់រំចិត្តទាល់តែបុគ្គលដាក់កាយហាត់ធ្វើសមាធិ គឺការចម្រើនខ្យល់អស្សាសបស្សាសៈ (ដង្ហើមចេញ-ចូល) ព្រះពុទ្ធសាសនាបែបវិបស្សនាធុរៈនេះ តែងមានការវិវត្តទ្រង់ទ្រាយទៅបន្តិចម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ។
ប្រវត្តិពុទ្ធមណ្ឌល
ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅខាងលិចភ្នំព្រះរាជទ្រព្យ(ភ្នំឧដ្តង្គ) ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ភាគខាងជើងរាជធានីភ្នំពេញ ចម្ងាយប្រមាណជា ៦០គីឡូម៉ែត្រ បើយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៥ឬធ្វើដំណើរតាមផ្លូវជាតិលេខ ៤ បនាប់មកបត់ខាងសាំដៃចូលមកតាមជាតិលេខ៥១។
នៅពាក់កណ្តាលឆ្នាំ១៩៩៥ សម្តេចព្រះសង្ឃរាជ ទេព វង្ស ជាមួយនឹងលោក ម៉ី យ៉ាំ ជាទីប្រឹក្សារបស់ព្រះអង្គ ទ្រង់បានពិគ្រោះយោបល់រិះរកមធ្យោបាយយ៉ាងណា ធ្វើឲ្យព្រះពុទ្ធសាសនាដែលរស់ឡើងវិញនេះ បានជ្រូតជ្រាបដល់ពុទ្ធបរិស័ទទូទៅ ដើម្បីគោរពបដិបត្តិឲ្យបានទូលំទូលាយរីកចម្រើនទៅថ្ងៃអនាគត។ ព្រះអង្គទ្រង់ព្រះតម្រិះចង់ឲ្យពុទ្ធបរិស័ទទាំងបព្វជិក និងគ្រហស្ថ បានសិក្សាស្វែងយល់នឹងគោរពបដិបត្តិគ្រប់ៗគ្នា។
សម្តេចទ្រង់លើកឡើងអំពីធុរៈក្នុងព្រះពុទ្ធសាសនាទាំងពីរគឺ គន្ធធុរៈ និងវិបស្សនាធុរៈថា គន្ធធុរៈយើងបានរៀបចំជាផ្លូវការឡើងវិញហើយ ត្រូវយកចិត្តទុកដាក់រៀបចំវិបស្សនាធុរៈជាផ្លូវការ ដើម្បីអនុគ្រោះដល់ភិក្ខុ សាមណេរ ឧបាសក និងឧបាសិកា ឲ្យបានសិក្សាផង។ ព្រះអង្គក៏បានសព្វព្រះរាជហប្ញទ័យដាក់បញ្ហានេះក្នុងអនុសំវច្ឆរមហាសន្និបាតលើកទី៥ ឆ្នាំ១៩៩៥ ដែលមានមន្ត្រីសង្ឃ ដើម្បីពិភាក្សាអនុម័ត។ អនុសំវច្ឆរៈនេះ មានការយាង និមន្ត និងអញ្ជើញពីព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ មន្ត្រីធម្មការ និងសាសនាគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌចូលរួម បានសម្រេចឯកច្ឆ័ន្ទបើកវិបស្សនាធុរៈ សិក្សាជាផ្លូវការតទៅ។
បន្ទាប់ពីអនុសំវច្ឆរៈចប់ហើយ សម្តេចជាអម្ចាស់ទ្រង់សព្វព្រះរាជាហប្ញទ័យ ឲ្យលោក ម៉ី យ៉ាំ ស្រាវជ្រាវទូទាំងប្រទេស ជ្រើសរើសយកព្រះធម្មាចារ្យផ្នែកវិបស្សនាធុរៈ ដើម្បីរៀបចំជាផ្លូវការឲ្យសមស្របទៅតាមការវិវឌ្ឍរីកចម្រើនរបស់ព្រះពុទ្ធសាសនាយើង។ ក្នងការស្រាវជ្រាវរកនេះ ក៏បានរកឃើញថា ក្រុមព្រះធម្មាចារ្យ សំ ប៊ុនធឿន បានសិក្សាវិបស្សនាធុរៈ តាមគម្ពីរវិសុទ្ធមគ្គ ដែលមានព្រះត្រៃបិដកជាគោល។ ដោយមូលហេតុនេះ ទើបសម្តេចព្រះសង្ឃរាជ ជាអម្ចាស់ទ្រង់សព្វព្រះរាជហប្ញទ័យ ស្តេចយាងទៅកាន់វត្តសុវណ្ណវតី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាទីកន្លែងដែលព្រះអង្គ សំ ប៊ុនធឿន គង់នៅទីនោះ ដើម្បីទ្រង់បានជួបពិភាក្សាការងារ ជាមួយមួយព្រះធម្មាចារ្យ សំ ប៊ុនធឿន និងឧទេ្ទសាចារ្យ ជឹម ឡូញ (ហៅ ថន) ផ្ទាល់។
ពេលនោះ ព្រះធម្មាចារ្យ សំ ប៊ុនធឿន កំពុងបើកវគ្គបង្រៀន និងជាប់ភារកិច្ចបង្រៀន ក៏បានស្នើសូមនិមន្តព្រះឧទ្ទេសាចារ្យ ជឹម ឡូញ (ហៅថន) និមន្តទៅគង់នៅវត្តឧណ្ណាលោមមុន ដើម្បីបានគង់នៅជិតសម្តេច ងាយស្រួលពិភាក្សាក្នុងការងារនេះផង និងសូមឲ្យព្រះអង្គជួយបង្រៀនបាលី នៅសាលាពុទ្ធិកបឋមសិក្សានាវត្តឧណ្ណាលោម។ លុះកន្លងមកចំនួន ៣ខែ ចប់ការបង្រៀន ព្រះធម្មាចារ្យ សំ ប៊ុនធឿន ក៏ត្រូវនិមន្តទៅគង់នៅទីក្រុងភ្នំពេញវិញ ប៉ុន្តែព្រះអង្គសំណូមពរ សូមគង់នៅវត្តណាមួយជាប់ជាយក្រុង មានសភាពស្ងប់ស្ងាត់បង្គួរ។ សម្តេច ព្រះសង្ឃរាជជាអម្ចាស់ ក៏បានទ្រង់ត្រាស់បង្គាប់ឲ្យអញ្ជើញលោក ជា សុធីរ ប្រធានគណៈកម្មការវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅគាល់ព្រះអង្គ ដើម្បីស្នើសុំរៀបចំវត្តនេះ ប្រគេនព្រះធម្មាចារ្យ សំ ប៊ុនធឿន គង់នៅហើយយកវត្តនេះ ជាទីស្នាក់ការមជ្ឈមណ្ឌលវិបស្សនាធុរៈទូទាំងប្រទេសតែម្តង ដែលមានព្រះធម្មាចារ្យ សំ ប៊ុនធឿន ជាអធិបតី។
បន្ទាប់ពីសម្តេចព្រះសង្ឃរាជជាអម្ចាស់ ទ្រង់សព្វព្រះរាជហប្ញទ័យផ្តួចផ្តើមការងារនេះភ្លាម លោក ជា សុធីរ ហាក់ដូចជាភ្ញាក់លាន់មាត់ថា៖ ឱ ហំ! ពេលនេះសម្តេចជាអម្ចាស់ប្រទានវត្ថុដ៏មានតម្លៃថ្លៃលើសពេជ្រប៉ុនដូងទុំ រាប់លានដងទៅទៀត ទូលព្រះបង្គំខ្ញុំ ព្រះករុណារំភើបណាស់ រំភើបអ្វីម្ល៉េះទេ ទូលព្រះបង្គំសូមទទួលព្រះរាជឱង្ការតម្កល់លើត្បូង។ បន្ទាប់ពីនោះមក លោក ជា សុធីរ បានប្រជុំព្រះសង្ឃ គណៈកម្មការវត្ត ទទួលព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ ដោយអំណរសាទរយ៉ាងក្រៃលែង ហើយក៏បានរៀបចំវត្ត ធ្វើកុដិប្រគេនព្រះអង្គគង់នៅយ៉ាងសមរម្យ។
ឆ្នាំ១៩៩៥ មានសប្បុរសជនម្នាក់នាម ស្រី ជាសាធារណ៍ និងលោក ហ៊ុយ សារី មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា បានប្រគេនដីមួយកន្លែងស្ថិតនៅខាងលិចភ្នំអដ្ឋរស្ស ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដល់ព្រះសង្ឃ មានសម្តេចព្រះសង្ឃរាជ ទេព វង្ស និងព្រះធម្មាចារ្យ សំ ប៊ុនធឿន ជាប្រធាន សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលទុកជាសម្បត្តិរបស់ព្រះពុទ្ធសាសនាតទៅ។ នៅពេលទទួលរួចហើយ សម្តេចជាអម្ចាស់បានទ្រង់ប្រសិទ្ធិនាមជាដំបូងថា៖ «អាស្រមសន្តិវ័ន»។ ក្រោយមកអាស្រមនេះ ជាសាខាមជ្ឈមណ្ឌលវិបស្សនាធុរៈវត្តនន្ទមុនី ដោយបាននិមន្តព្រះភិក្ខុសង្ឃ សាមណេរឧបាសក និងឧបាសិកា មានព្រះភិក្ខុ ស្រី ជាសាម៉េត និងធម្មារិនី ស្រី ជាព្រហ្មចារិនី ឲ្យគ្រប់គ្រង ដឹកនាំបដិបត្តិវិបស្សនាធុរៈនៅទីនេះ។
យោងសេចក្តីប្រកាសលេខ ០១/៩៩ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីការដំឡើងមជ្ឈមណ្ឌលវិបស្សនាធុរៈកម្ពុជា ទៅជាពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំ២០០០ មជ្ឈមណ្ឌលវិបស្សនាធុរៈវត្តនន្ទមុនី ក៏ត្រូវបានប្រកាសទទួលស្គាល់ជាមជ្ឈមណ្ឌលវិបស្សនាធុរៈ តាមប្រកាសលេខ ៨៦/២០០០ ក.ស.រ.វ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០០ ដែលមានព្រះធម្មវិបស្សនា សំ ប៊ុនធឿន ជាអធិបតី និងជាអគ្គនាយកវិបស្សនាធុរៈសិក្សានៃព្រះរាជាណាចក្រកម្ពជា។ ការផ្សព្វផ្សាយនូវព្រះធម៌មានសន្ទុះលឿនមានភាពជាក់ស្តែង នៅវត្តនន្ទមុនីមិនអាចទទួលសិស្សឲ្យស្នាក់នៅបានតាមសំណូមពរ ដោយមូលហេតុនេះ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន ក៏បានថ្វាយយោបល់ និងស្នើទូលសូមរាជានុញ្ញាតប្តូរទីតាំង ពីវត្តនន្ទមុនី មកអាស្រមសន្តិវ័ន នៅថ្ងៃទី៣០ ខែតុលាឆ្នាំ២០០០ ហើយប្តូរពីអាស្រមសន្តិវ័ន ទៅជាពុទ្ធមណ្ឌលវិបស្បនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។
បន្ទាប់ពីព្រះអង្គ បាននិមន្តមកគង់នៅពុទ្ធមណ្ឌលនេះ ព្រះអង្គពុំសូវមានពេលទំនេរ មួយថ្ងៃៗមានការងារជាច្រើនត្រូវធ្វើដូចជា ការរៀបចំផ្សព្វផ្សាយព្រះធម៌ តាមរយៈការចងក្រងនិពន្ធសៀវភៅធម៌ផ្សេងៗ ការសម្ដែងព្រះធម៌ ជាពិសេសគឺការរៀបចំប្រព័ន្ធគ្រប់គ្រងដឹកនាំនៅទីនេះ។ ទោះបីជាមានការងារច្រើនលំបាក និងមានទំហំធំធេងយ៉ាងណាក៏ដោយ ក៏ព្រះអង្គពុំដែលមានការត្អូញត្អែរម្តងណាឡើយ។ ម្យ៉ាងវិញទៀត ព្រះអង្គគឺជាព្រះសង្ឃគំរូមួយអង្គ មានវិរិយភាពតស៊ូខ្លាំងក្លាបំផុត ចំពោះវិស័យអប់រំ ជាពិសេសគឺការសិក្សារៀនសូត្រផ្ទាល់ ព្រះអង្គមិនដែលលះបង់ចោល បើទោះបីជាមានការមមាញឹកខាងវិបស្សនាធុរៈក៏ដោយ ព្រះអង្គរៀនខ្លួនឯង និងបង្ហាត់បង្រៀនសិស្សគណផង ដឹកនាំចាត់ចែងកសាងទីសេនាសនៈ និងអប់រំមហាជនឲ្យគោរពបដិបត្តិនូវសាសនព្រហ្មចរិយធម៌ នេះជាគំរូវិរិយភាពមិនអាចប្រកែកបានឡើយ។ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០០ ព្រះអង្គបាននិមន្តទៅបន្តការសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ទីក្រុងភ្នំពេញ)។
ការកសាងសមិទ្ធិនានា
ពុទ្ធមណ្ឌលបានកសាងនូវសមិទ្ធិផលនានាជាច្រើនដូចជា ជីកស្រះទឹក ទិញម៉ាស៊ីនភ្លើងរោងភ័ត្តឃ្លាំងសម្ភារៈ ពង្រីកផ្ទៃដីពុទ្ធមណ្ឌល ៣៧ ហិកតាបន្ថែម កុដិព្រះសង្ឃ តូបស្លឹកសីលវន្ត និងសីលវតី កសាងផ្លូវថ្នល់ក្នុង-ក្រៅពុទ្ធមណ្ឌល អាងទឹកចំណុះ ១០០០ ម៉ែត្រគីប និង៥០០ ម៉ែត្រគីប និងបណ្តាញទឹក និងភ្លើង ខ្លោងទ្វារ អង្គរធំ-បន្ទាយស្រី បន្ទប់អនាម័យ ដងទង់ ព្រះពុទ្ធបដិមាស្រះមុជ្ជលិន បណ្ណាល័យ សាលាអប់រំ កុដិទទួលភ្ញៀវ ឧបដ្ឋានសាលា និងសាលាវិបស្សនាអប់រំជាដើម។
ការងារបណ្តុះបណ្តាល និង អប់រំ
ក. ការងារចងក្រង និង និពន្ធសៀវភៅរួមមាន សមថ និងវិបស្សនាកម្មដ្ឋាន សីលកថាសង្ខេប គោលធម៌ថ្នាក់បឋម-មធ្យម និងឧត្តម បឋម-មធ្យមវិបស្សនាពិស្តារ គិរីមានន្ទសូត្រ បាដិហារិយុបោសថ និយមសីល វិក្រិត្យការគរុកោសល្យ មនុស្សចង់បានអ្វី ធុតង្គនិងបរិវាស វិន័យសីល ១០ និងឧត្តមវិបស្សនា ឆ្នាំទី១ ទី ២ ជាដើម។
ខ. ការងារបណ្តុះបណ្តាល៖ ដើម្បីតម្រូវទៅតាមសេចក្តីត្រូវការរបស់ពុទ្ធបរិស័ទទូទាំងប្រទេស ដែលខ្វះខាតនូវគ្រូកម្មដ្ឋាននោះ ព្រះអង្គបានបណ្តុះបណ្តាលនូវគ្រូបង្គោល និងសិក្ខាកាមដែលបានទទួលវិញ្ញាបនត្រ មានចំនួន២៤១០ រូបក្នុងនោះមានថ្នាក់បឋមវិបស្សនាបានចំនួន ២៣៣៨ រូប ថ្នាក់មធ្យមវិបស្សនា បានចំនួន ៦១ រូប និងថ្នាក់ឧត្តមវិបស្សនាបានចំនួន ១១ រូប ។
គ. ការបង្កើតមជ្ឈមណ្ឌលវិបស្សនាធុរៈតាមបណ្តាខេត្តមានដូចជា៖ ខេត្តក្រចេះ តាកែវ សៀមរាប ក្រុងកែប ពោធិ៍សាត់ កំពង់ធំ ក្រុងព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង កំពត ព្រៃវែង និងមណ្ឌលគិរី ជាដើម។
ឃ. ការបង្កើតគណៈកម្មាធិការនាយកដឹកនាំសិក្សាបាន ៤ រាជធានីខេត្ត គឺក្រុងភ្នំពេញ (វត្តនន្ទមុនី) ខេត្តពោធិ៍សាត់ ស្វាយរៀង និងតាកែវ៕



