ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីក្រុមប្រឹក្សាសន្តិភាព បង្កើតឡើងដោយប្រធានាធិបតីអាមេរិក ទី៤៧ លោក ត្រាំ

20-02-2026 20:01

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមប្រឹក្សាសន្តិភាព (Board of Peace) ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីអាមេរិកទី៤៧ លោក ដូណាល់ ត្រាំ ក្នុងខែមករា ឆ្នាំ២០២៦ ដើម្បីគ្រប់គ្រងការកសាងសន្តិភាព និងស្តារតំបន់ហ្គាហ្សាឡើងវិញ ដោយមានលោក ត្រាំ ជាប្រធានអចិន្ត្រៃយ៍មួយជីវិត។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមប្រឹក្សាសន្តិភាពមានសមាជិក ២៧ប្រទេស រួមទាំងសម្ព័ន្ធមិត្តអាមេរិកនៅមជ្ឈិមបូព៌ា និងប្រទេសផ្សេងៗទៀតដូចជាកម្ពុជា ដោយប្រទេសជាសមាជិកអចិន្ត្រៃយ៍ត្រូវបង់វិភាគទាន ១ពាន់លានដុល្លារ និងមានថវិកា ៥ពាន់លានដុល្លារ សម្រាប់កិច្ចប្រឹងប្រែងជួសជុលកសាងតំបន់ហ្កាហ្សាឡើងវិញ។

កម្ពុជាបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។ ក្នុងនាមជា​សមាជិក​ស្ថាប​និកសម្រាប់​អាណត្តិ​ ៣ឆ្នាំ ការចូលរួមរបស់កម្ពុជា គឺ​មិនតម្រូវឱ្យបង់ថវិកាទេ។

ការបង្កើត និងទិសដៅក្រុមប្រឹក្សាសន្តិភាព

ក្រុមប្រឹក្សាសន្តិភាព គឺជាអង្គការអន្តរជាតិមួយដែលបានបង្កើតឡើងមានគោលបំណងផ្សព្វផ្សាយ សន្តិភាព និងការដោះស្រាយជម្លោះសម្រាប់តំបន់ដែលរងសង្គ្រាម និងភាពអស្ថិរភាព។ គម្រោងនេះបាន ប្រកាសជាផ្លូវការ ដោយលោក ត្រាំ នៅខែមករា ឆ្នាំ២០២៦ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum នៅទីក្រុងដាវ៉ូស Davos។

ក្រុមនេះ មានទិសដៅជំរុញសន្តិភាពសកល ចូលរួមក្នុងការស្តារស្ថានភាពសន្តិភាព គ្រប់គ្រងនិងជួយកែលម្អតំបន់ជម្លោះ, ជាពិសេសនៅការស្តារតំបន់កាហ្សា (តាមសេចក្តីព្រាងតម្រៀបសន្តិភាព)។

គោលបំណងសំខាន់ៗ

*សន្តិភាព និងស្ថិរភាព៖ ដើម្បីអនុវត្តការដោះស្រាយសង្គ្រាមដោយវិធានការសម្របសម្រួល និងទប់ស្កាត់ការប្រទូស្តរាយ។
*ការស្តារសេដ្ឋកិច្ច និងសង្គមក្រោយជម្លោះ៖ ការលើកកម្ពស់ការជួសជុល និងការអភិវឌ្ឍនៅតំបន់ដែលទទួលការខូចខាត។
*ការផ្តល់ជំនួយ និងការចូលរួមអន្តរជាតិ៖ តាមរយៈការចូលរួមធនធាន និងការរួមចំណែកពីប្រទេសជាច្រើន។

ប្រទេសចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព គិតត្រឹមខែមករា ឆ្នាំ២០២៦

*មជ្ឈិមបូព៌ា៖ អ៉ីស្រាអែល អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម ហ្ស៊កដានី អេហ្ស៊ីប បារ៉ែន គុយវ៉ែត និងតួកគី។
*អាស៊ី៖ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន វៀតណាម កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន ម៉ុងហ្គោលី និងកម្ពុជា។
*អឺរ៉ុប៖ ហុងគ្រី ប៊ុលហ្គារី អាល់បានី អាមេនី អាស៊ែបៃហ្សង់ បេឡារុស និងកូសូវ៉ូ។
*អាមេរិក៖ សហរដ្ឋអាមេរិក អាហ្សង់ទីន អែលសាល់វ៉ាឌ័រ និងប៉ារ៉ាហ្គាយ៕