ចំណេះដឹងទូទៅ៖ បារតក្នុងផលិតផលថែរក្សាស្បែក ជួយឲ្យស្បែកស តែបំផ្លាញតម្រងនោម និងបង្កហានិភ័យជាច្រើន

25-02-2026 22:49

(ភ្នំពេញ)៖ សព្វថ្ងៃនេះ​ មានអ្នកលក់ឡេលាសាធារបារត (Mercury / Hg) ក្នុងផលិតផលថែរក្សាស្បែក។ គេបាននិងកំពុងធ្វើទីផ្សារថា ឡេរបស់គេជួយឲ្យស្បែកសភ្លឺថ្លា និងសបានរហ័សជាដើម។

ស្ថាប័នសុខភាពអន្តរជាតិ ដូចជា អង្គការសុខភាពពិភពលោក ឬ World Health Organization (WHO) សុទ្ធតែបានព្រមានអំពីគ្រោះថ្នាក់បារតក្នុងផលិតផលថែរក្សាស្បែក។ នេះព្រោះតែវាបំផ្លាញតម្រងនោម និងបង្កហានិភ័យជាច្រើន។

អ្នកជំនាញបានឲ្យដឹងថា បារតត្រូវបានប្រើប្រាស់ក្នុងឡេ ដើម្បីទប់ស្កាត់ការបង្កើតមេឡានីន melanin ដែលធ្វើឲ្យស្បែកមើលទៅសភ្លឺលឿន ប៉ុន្តែវាជាធាតុពុលធ្ងន់ធ្ងរ (heavy metal) ដែលអាចស្រូបចូលតាមស្បែក។ ផលប៉ះពាល់រយៈពេលខ្លី គឺវាធ្វើឲ្យរលាកស្បែក ឬអាលែកហ្ស៊ី ឈឺក្បាល វង្វេង ក្អួតចង្អោរ និងកើតការរលាកភ្នែកក៏មាន។

ចំពោះផលប៉ះពាល់រយៈពេលវែង គឺជាចំណុចគ្រោះថ្នាក់បំផុត ដោយសារវាប៉ះពាល់៖

*ប្រព័ន្ធប្រសាទ៖ បារតអាចប៉ះពាល់ខួរក្បាល និងសរសៃប្រសាទ ងាយភ្លេច ខ្សោយការផ្ចង់អារម្មណ៍ ងាយខឹង ឬធ្លាក់ទឹកចិត្ត ញ័រដៃ (tremor) និងស្ពឹកដៃជើង។ ការខូចប្រព័ន្ធប្រសាទខ្លះ មិនអាចស្ដារឡើងវិញបានពេញលេញវិញទេ។

*តម្រងនោម៖ វាបណ្តាលឲ្យខូចតម្រងនោម និងបញ្ហានោម។

*ស្ត្រីមានផ្ទៃពោះ និងកុមារ៖ បារតអាចឆ្លងកាត់សុកទៅទារក ដែលប៉ះពាល់ការអភិវឌ្ឍខួរក្បាល នាំឲ្យកុមារមាន IQ ទាប។ នេះជាមូលហេតុដែល WHO ហាមឃាត់យ៉ាងតឹងរឹង។

ហេតុអ្វីនៅតែមានលក់ឡេលាយបារត? នេះក៏ព្រោះតែផលិតផលខ្លះផលិតក្រៅប្រព័ន្ធត្រួតពិនិត្យ ដោយការលក់តាមអនឡាញ និងគ្មានស្លាកសញ្ញាច្បាស់៕