យល់ដឹងកីឡា៖ ការប្រែមុខមាត់បាល់ទាត់កម្ពុជា រយៈពេល ៦អាណត្តិចុងក្រោយ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា

26-02-2026 08:46

(ភ្នំពេញ)៖ ជាង ២ទសវត្សរ៍ចុងក្រោយនេះ វិស័យកីឡាបាល់ទាត់នៅកម្ពុជា បានប្រែមុខមាត់ថ្មី ជាមួយការវិវឌ្ឍន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលជំរុញឲ្យមានការអភិវឌ្ឍសម័យទំនើប ស្របតាមនិយាមអន្ដរជាតិ ទាំងរចនាសម្ព័ន្ធដឹកនាំ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សជាដើម។

ក្រោយរងការបំផ្លាញស្ទើរទាំងស្រុង ក្នុងរបបខ្មែរក្រហម (ឆ្នាំ១៩៧៥-១៩៧៩) វិស័យកីឡាបាល់ទាត់ ក៏បានងើបឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា (១៩៧៩) ហើយបានភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នអន្ដរជាតិ រួមមានសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) អំឡុងទសវត្សរ៍ឆ្នាំ៩០។ ឆ្លងកាត់ដំណាក់កាលស្ដារឡើងវិញនេះ សហព័ន្ធក៏បានធ្វើកំណែទម្រង់ថ្មី ពិសេសការកំណត់អាណត្តិបោះឆ្នោត ៤ឆ្នាំម្ដង សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីលោក សៅ សុខា ចូលដឹកនាំ។

នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលការបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដំបូង នៅឆ្នាំ២០០៦ និងអាណត្តិបន្ដបន្ទាប់រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗ ក្នុងមហាសន្និបាត លើកទី២០ លោកបានទទួលការបោះឆ្នោតជ្រើសតាំងជាប្រធានសហព័ន្ធ ក្នុងអាណត្តិថ្មី ឆ្នាំ២០២៦-២០៣០ ត្រូវនឹងអាណត្តិទី៦ ដែលលោកត្រូវបន្ដបេសកកម្មដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា។

ក្រោមការដឹកនាំរបស់លោករយៈពេលជាង ២០ឆ្នាំកន្លងមក សហព័ន្ធបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការរៀបចំការប្រកួត ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិជាដើម។ ផ្ដើមពីការធ្វើសកម្មភាពមួយ ដែលប្រជាពលរដ្ឋភាគច្រើនគិតថាមិនសូវសំខាន់ ហើយស្ទើរតែគ្មានទីលានប្រកួតនៅក្នុងប្រទេស បច្ចុប្បន្នបាល់ទាត់បានទទួលការគាំទ្រ និងចូលរួមលេង ទាំងបែបកម្សាន្ដ និងអាជីពយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់វ័យ និងមានទីលានតូចធំជាច្រើន បានសាយភាយពាសពេញប្រទេស។

សម្រាប់ទិសដៅសំខាន់ៗចំពោះមុខ សហព័ន្ធបាននឹងកំពុងសាងសង់ទីស្នាក់ការថ្មី និងកីឡដ្ឋានគោកធ្លកដ៏ទំនើប នៅស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានតម្លៃប្រមាណ ៤.៤លានដុល្លារ ក្រោមជំនួយពី FIFA។ លើសពីនេះ សហព័ន្ធនឹងជំរុញសកម្មភាពប្រកួតកម្រិតយុវជនតាមខេត្ត និងគម្រោងបង្កើតសាលាមត្ដេយ្យបាល់ទាត់ ដោយផ្ដើមពីខេត្តស្វាយរៀង បន្ថែមលើការពង្រឹងសាលាបាល់ទាត់ជាតិបាទី ដើម្បីគាំទ្រផែនការយុទ្ធសាស្ដ្ររយៈពេលវែង ក្នុងការកំណត់គោលដៅនាំក្រុមជម្រើសជាតិកម្ពុជា ទៅលេងពានរង្វាន់ FIFA World Cup នាឆ្នាំ២០៤២ ឬឆ្នាំ២០៤៦ ទៀតផង។

គួរដឹងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតឡើងដំបូងនៅឆ្នាំ១៩៣៣ ហើយបានចូលជាសមាជិក FIFA និង AFC នៅឆ្នាំ១៩៥៤ ដំណាលគ្នា មុនចូលជាសមាជិកសមាគមកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នៅឆ្នាំ១៩៩៨។ នេះយោងតាមគេហទំព័ររបស់សហព័ន្ធ The-ffc.org៕