ចំណេះដឹងទូទៅ៖ តើប្រេងបម្រុងទុករបស់មហាអំណាចទាំង៥ និងប្រទេសមួយចំនួនទៀត ប្រើបានប៉ុន្មានថ្ងៃ?
06-03-2026 21:31
(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេងខ្នាតយក្ស និងពាណិជ្ជករជាច្រើនបានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន ក្រោយអ៉ីរ៉ង់ប្រកាសបិទនាវាចរណ៍ទាំងស្រុង ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល។ ប្រមាណ ២០ភាគរយនៃប្រេងពិភពលោក រួមទាំងការផលិតពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អ៉ីរ៉ាក់ គុយវ៉ែត និងអ៉ីរ៉ង់ រួមទាំងឧស្ម័ន LNG ចំនួនច្រើនសន្ធឹកសន្ធាប់ពីប្រទេសកាតា សុទ្ធតែត្រូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់មួយនេះ។
ហេតុនេះហើយ បានជា Fresh News ចង់ឆ្លើយនឹងសំណួថា «តើប្រេងបម្រុងទុករបស់មហាអំណាចទាំង៥ និងប្រទេសមួយចំនួនទៀត ប្រើបានប៉ុន្មានថ្ងៃ?»។
*សហរដ្ឋអាមេរិក
មានប្រមាណ ៤៥ ពាន់លានបារ៉ែល អាចប្រើបាន ២០ ទៅ ២៥ ថ្ងៃ (ស្តុកបម្រុងយុទ្ធសាស្ត្រ)។ នេះក៏ព្រោះតែការប្រើប្រាស់របស់អាម៉េរិក ប្រហែល ២០ លានបារ៉ែល/ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកក៏ជាប្រទេសផលិតប្រេងធំជាងគេបំផុតនៅលើពិភពលោក ដូច្នេះប្រទេសនេះក៏ពឹងផ្អែកយ៉ាងខ្លាំងលើផលិតកម្មក្នុងស្រុក។
*រុស្ស៊ី
មានប្រមាណ ៨០ ពាន់លានបារ៉ែល អាចប្រើបានច្រើនឆ្នាំ (ជាប្រទេសផលិត និងនាំចេញភាគច្រើន)។ រុស្ស៊ីផលិតប្រេងបានច្រើនជាង ១០ លានបារ៉ែល/ថ្ងៃ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសនាំចេញប្រេងធំជាងគេបំផុត។ ដោយសារតែជាអ្នកផលិតប្រេងបានច្រើនជាងការប្រើប្រាស់ អាចនិយាយបានថា រុស្ស៉ីមិនចេះខ្វះប្រេងទេ ហើយនៅតែអាចនាំចេញបានទៀតផង។
*បារាំង
មានទុនបម្រុងតិចណាស់ តិចជាង ០.១ ពាន់លានបារ៉ែល) អាចប្រើបាន ៩០ ថ្ងៃ (ស្តុកបម្រុងយុទ្ធសាស្ត្រ)។ និយាយជារួម ទុនបម្រុងប្រេងក្នុងស្រុកមានកម្រិតតិចតួច។ ដូចបណ្តាប្រទេសសហភាពអឺរ៉ុបភាគច្រើនដែរ ប្រទេសបារាំងរក្សាស្តុកប្រេងរបៀប «ស្តុកប្រេងសកលស្មើនឹងប្រហែល៩០ថ្ងៃនៃការនាំចូល» ក្រោមច្បាប់សន្តិសុខថាមពលអន្តរជាតិ (IEA standard)។
*ចក្រភពអង់គ្លេស
មានប្រមាណ ២ ទៅ ៣ ពាន់លានបារ៉ែល អាចប្រើបាន ៩០ ថ្ងៃ (ស្តុកបម្រុងបន្ទាន់)។ ប្រេងបម្រុងភាគច្រើនមកពីសមុទ្រខាងជើង។ ចក្រភពអង់គ្លេសក៏រក្សាប្រហែល៩០ថ្ងៃនៃស្តុកប្រេងបន្ទាន់ ដូចបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតដែរ។
*ចិន
មានប្រមាណ ២៨ ពាន់លានបារ៉ែល អាចប្រើបាន ២០០ថ្ងៃ (ស្តុកបម្រុងបន្ទាន់)។ ការប្រើប្រាស់ប្រេង ប្រមាណ ១៤-១៥ លានបារ៉ែល/ថ្ងៃ។
ក្រៅពីនេះ ប្រទេសជប៉ុន មានប្រេងបម្រុងស្មើនឹង ២៥៤ថ្ងៃនៃការប្រើប្រាស់ កូរ៉េខាងត្បូងមាន ២០៨ថ្ងៃ ឥណ្ឌាមាន៧៤ថ្ងៃ ហ្វីលីពីនមាន ៦០ថ្ងៃ ឥណ្ឌូណេស៊ីមាន ២០ថ្ងៃ និងវៀតណាមមាន ១៥ថ្ងៃ។
សូមជម្រាបថា នៅឆ្នាំ២០២៥ ប្រេងឆៅប្រហែល ១៣,៤ លានបារ៉ែលក្នុងមួយថ្ងៃបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលស្មើនឹងប្រហែល ៣០% នៃពាណិជ្ជកម្មប្រេងសមុទ្រសកល៕






