យល់ដឹងកីឡា៖ នៅ Premier League ការពិន័យកាតលឿង-ក្រហម មានតម្លៃជិត ១០០ដុល្លារ
07-03-2026 08:50
(បរទេស)៖ ក្របខណ្ឌបាល់ទាត់អាជីព Premier League របស់អង់គ្លេស ដែលជាលីគមានប្រជាប្រិយភាពបំផុតទូទាំង សកលលោកនោះ មានការពិន័យកាតលឿង និងកាតក្រហម ក្នុងរង្វង់ជិត ១០០ដុល្លារឯណោះ។
បើយោងតាមការចេញផ្សាយដោយគេហទំព័រ ref six បានឱ្យដឹងថា English Premier League កាតលឿង (yellow card) ១សន្លឹកមានតម្លៃ ២០ផោន ស្មើនឹង ២៧ដុល្លារ ស្របពេលកាតក្រហម (red card) មានតម្លៃចាប់ពី ៥០ផោន ស្មើនឹង ៧៩ដុល្លារឡើងទៅផងដែរ។
ប្រភពខាងលើដដែលបានបន្ថែមទៀតថា បណ្តាក្រុមទាំងឡាយនៅ PL នឹងរងការពិន័យជាប្រាក់ប្រមាណ ២៥,០០០ផោន ប្រសិនបើមានក្រុមណាមួយទទួលបានកាតលើសពី ៦សន្លឹកឡើងទៅក្នុង ១ប្រកួត គ្រាដែលរដូវកាលឆ្នាំ២០២០-២០២១ មានដល់ទៅ ៦ក្លិបឯណោះ ក្នុងចំណោម ២០ក្រុមសរុប បានទទួលរងនូវទណ្ឌកម្មខាងលើនេះ។
នៅចាំបានថា ក្លិប Galatasaray របស់តួកគីបានដាក់ពិន័យខ្សែបម្រើហូឡង់ Wesley Sneijder ប្រមាណ ១.៩៦លានផោន ដែលជិតស្មើនឹង ៨០% នៃប្រាក់ឈ្នួលប្រចាំឆ្នាំរបស់លោកមាន ២.៥លានផោននោះ ដែលលេង ១រដូវ ២០១៥-១៦ រងការពិន័យកាតលឿងចំនួន ១១សន្លឹក៕



