ចំណេះដឹងទូទៅ៖ មូលហេតុប្រទេសខ្លះមានអាវុធនុយក្លេអ៊ែរ តែប្រទេសខ្លះមិនមាន
11-03-2026 20:35
(ភ្នំពេញ)៖ អាវុធនុយក្លេអ៊ែរនៅតែស្ថិតក្នុងចំណោមបច្ចេកវិទ្យាយោធាដ៏មានឥទ្ធិពល និងគួរឱ្យភ័យខ្លាចបំផុតនៅលើពិភពលោក។ ប៉ុន្តែមានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលមានវា ខណៈដែលភាគច្រើននៃពិភពលោកមិនដែលបានអភិវឌ្ឍសមត្ថភាពផលិតអាវុធនេះទេ។
តើអតុល្យភាពនេះ គេអាចពន្យល់បានយ៉ាងដូចម្តេច? ហេតុអ្វីបានជាប្រទេសមួយចំនួនមិនអាចមានវា?
ប្រវត្តិ
រឿងទាំងអស់នេះ បានចាប់ផ្តើមនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។ សហរដ្ឋអាមេរិកបានបង្កើតគ្រាប់បែកបរមាណូដំបូងដែលជាផ្នែកមួយនៃគម្រោងមេនហាតធេន (Manhattan Project) ហើយបានប្រើវានៅខែសីហា ឆ្នាំ១៩៤៥ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) និងណាហ្គាសាគី (Nagasaki)។ ការវាយប្រហារទាំងនេះ បានបំផ្លិចបំផ្លាញមិនគួរឱ្យជឿនៃអាវុធនុយក្លេអ៊ែរ និងជាការចាប់ផ្តើមនៃការប្រកួតប្រជែងជាសកល។
មិនយូរប៉ុន្មាន ប្រទេសដទៃទៀតបានចូលរួមក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ សហភាពសូវៀតបានធ្វើតេស្តគ្រាប់បែកដំបូងរបស់ខ្លួននៅឆ្នាំ១៩៤៩ បន្ទាប់មក គឺចក្រភពអង់គ្លេស បារាំង និងចិន។ ប្រទេសទាំងនេះសព្វថ្ងៃត្រូវបានគេស្គាល់ថា ជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ដែលត្រូវបានទទួលស្គាល់ដោយស្របច្បាប់ក្រោមសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។
ប្រទេសដែលមានសិទ្ធិមានអាវុធនុយក្លេអ៊ែរ
មកទល់ពេលនេះ មានប្រទេសចំនួន៩ ដែលបានអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ មានត្រឹមតែប្រទេស ៥ប៉ុណ្ណោះ ដែលត្រូវបានទទួលស្គាល់ដោយ NPT គឺ សហរដ្ឋអាមេរិក, រុស្ស៊ី, ចក្រភពអង់គ្លេស, បារាំង និងចិន។ ប្រទេស ៤ផ្សេងទៀត ដែលមិនត្រូវបានទទួលស្គាល់ដោយ NPT រួមមាន ឥណ្ឌា, ប៉ាគីស្ថាន, កូរ៉េខាងជើង និងអ៉ីស្រាអែល (ការកាន់កាប់ក្រៅផ្លូវការ)។
បើនិយាយពីការស្តុកអាវុធនុយក្លេអ៊ែរវិញ មានចំនួនច្រើនគួរឱ្យភ្ញាក់ផ្អើល ដោយគ្រាន់តែរុស្ស៊ី និងសហរដ្ឋអាមេរិក មានជាង ១០ ០០០គ្រាប់ ស្មើនឹងជិត ៩០% នៃចំនួនសរុបលើពិភពលោក។ ចំណែកចិន បារាំង និងអង់គ្លេស មានអាវុធនុយក្លេអ៊ែរខ្ទង់រយរៀងៗខ្លួន ខណៈប្រទេសផ្សេងទៀតមានចន្លោះពី ៤០ ទៅ ២០០គ្រាប់។
ហេតុអ្វីបានជាមានប្រទេសតិចតួចយ៉ាងនេះ?
*១. បច្ចេកវិទ្យា និងចំណេះ៖ ការផលិតគ្រាប់បែកនុយក្លេអ៊ែរ តម្រូវឱ្យមានវត្ថុធាតុ fissile ដូចជា អ៊ុយរ៉ាញ៉ូម ឬ ភ្លុយតូញ៉ូម គ្រឿងបរិក្ខារទំនើបៗ និងក្រុមអ្នកវិទ្យាសាស្ត្រជំនាញ។ ប្រទេសភាគច្រើនគ្រាន់តែខ្វះមធ្យោបាយបច្ចេកទេសប៉ុណ្ណោះ។
*២. ការចំណាយ៖ ការអភិវឌ្ឍ និងការរក្សាឃ្លាំងអាវុធនុយក្លេអ៊ែរ មានតម្លៃរាប់សិបពាន់លានដុល្លារ។ សម្រាប់ប្រទេសជាច្រើន ការវិនិយោគលើអាវុធមួយចំនួននោះ មិនមានប្រសិទ្ធភាពចំណាយនោះទេ។
*៣. សន្ធិសញ្ញាអន្តរជាតិ៖ សន្ធិសញ្ញា NPT ដែលបានចូលជាធរមាននៅឆ្នាំ១៩៧០ បានហាមឃាត់ប្រទេសមិនមែននុយក្លេអ៊ែរ អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ជាថ្នូរនឹងការទទួលបានថាមពលនុយក្លេអ៊ែរដោយសន្តិវិធី។
*៤. សន្តិសុខអន្តរជាតិ៖ ប្រទេសជាច្រើនចូលចិត្តពឹងផ្អែកលើការការពារ ដែលផ្តល់ដោយសម្ព័ន្ធមិត្តជាមួយនឹងអាវុធនុយក្លេអ៊ែរ ជាជាងការអភិវឌ្ឍឃ្លាំងអាវុធរបស់ពួកគេផ្ទាល់។ ឧទាហរណ៍ អង្គការសម្ព័ន្ធមិត្តនៃសន្តិសុខ ដូចជា NATO ដែលដឹកនាំដោយអាមេរិក និងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលដឹកនាំដោយរុស្សុី មានកម្មវិធីចែករំលែកអាវុធនុយក្លេអែរដល់គ្នាទៅវិញទៅមក ក្នុងចំណោរដ្ឋដែលជាសមាជិក៕






