ចំណេះដឹងទូទៅ៖ ហេតុអ្វីរូបិយវត្ថុបរទេសជាច្រើន មានសំនៀងថា «រៀល» ដូចខ្មែរ?
16-03-2026 20:11
(ភ្នំពេញ)៖ នៅលើលោកនេះ មានប្រទេសជាច្រើន មានរូបិយវត្ថុជាតិ ឬលុយ ដែលមានសំនៀងថា «រៀល» ដូចខ្មែរដែរ។ លុយប្រទេសទាំងនោះ រួមមាន លុយរៀលអ៉ីរ៉ង់ (Iranian rial) លុយរៀលប្រេស៉ីល (Brazilian real) លុយរៀលអ៊ូម៉ង់ (Omani rial) លុយរៀលយ៉េមែន (Yemeni rial) ខណៈប្រទេសផ្សេងទៀត ហៅស្រដៀងដែរដូចជា លុយរីយ៉ាល់អារ៉ាប់ប៊ីសាអ៊ូឌីត (Saudi riyal) និងលុយរីយ៉ាល់កាតា (Qatari riyal)។
ចំពោះខ្មែរយើងវិញ មូលហេតុដែលលុយខ្មែរមានឈ្មោះថា «រៀល» ត្រូវបានគេបកស្រាយច្រើនយ៉ាង។ ការបកស្រាយខ្លះថា គេយកតាមឈ្មោះត្រីរៀល, ខ្លះថាមកពីពាក្យរៀល (Rea) ដែលជាលុយអេស្ប៉ាញ និងនិរុត្តិសាស្ត្រមួយទៀតយល់ថា ពាក្យនេះក្លាយមកពីពាក្យ «រីយ៉ាល» (Riyal) ដែលជាកាក់ប្រាក់របស់អារ៉ាប់/ម៉ិកស៊ិក ដែលប្រើប្រាស់ក្នុងការជួញដូរនៅសម័យលង្វែក។
ទោះជាយ៉ាងណាក៏ដោយ មានការយល់ឃើញស្រដៀងគ្នាជាច្រើនពីអ្នកសិក្សាស្រាវជ្រាវ ដែលគេហៅលុយខ្មែរ និងប្រទេសមួយចំនួនទៀតថា «រៀល» ដោយសារវាមានប្រភពដើមពីអេស្ប៉ាញ។
សតវត្សរ៍ទី១៤ អេស្ប៉ាញបង្កើតរូបិយវត្ថុរៀល
រូបិយវត្ថុរៀល ត្រូវបានបង្កើតឡើងដំបូងដោយអាណាចក្រខាស្ទាយល៍ (ផ្នែកនៃដែនដីអេស្ប៉ាញបច្ចុប្បន្ន) នៅឆ្នាំ១៣៥០។ ពាក្យរៀល ឬ real មានន័យថាស្តេច ឬ royal។ ក្រោយមក អេស្ប៉ាញ បានបង្កើតកាក់ប្រាក់ ដែលគេស្គាល់ថាដុល្លារអេស្ប៉ាញ (Spanish dollar)។ កាក់នេះ បានក្លាយទៅជារូបិយវត្ថុសម្រាប់ធ្វើពាណិជ្ជកម្មពិភពលោកលើកដំបូង។
សតវត្សរ៍ទី១៥ ព័រទុយហ្កាល់ទទួលយកការប្រើប្រាស់
នៅដើមសតវត្សរ៍ ឆ្នាំ១៤០០ ព័រទុយហ្កាល់ បានទទួលយកការប្រើប្រាស់រូបិយវត្ថុអេស្ប៉ាញ ដែលហៅថា រៀលព័រទុយហ្កាល់ (Portuguese real)។ ព័រទុយហ្កាល់ ប្រើប្រាស់ពាក្យរៀល ចាប់ពីឆ្នាំ១៤៣០ ដល់ឆ្នាំ១៩១១។
សតវត្សរ៍ទី១៦-១៨ លុយរៀលមានពាសពេញពិភពលោកដោយសារពាណិជ្ជកម្ម
ក្នុងយុគសម័យរុករក អេស្ប៉ាញ និងព័រទុយហ្កាល់ បានបង្កើតចក្រភពនាយសមុទ្រដ៏ធំធេង។ កាក់របស់ប្រទេសទាំងនេះ បានចរាចរណ៍យ៉ាងទូលំទូលាយ នៅអាមេរិកឡាទីន អាហ្វ្រិក មជ្ឈិមបូព៌ា អាស៉ីខាងត្បូង អាស៉ីអាគ្នេយ៍ និងចិន។ ដោយសារការធ្វើពាណិជ្ជកម្មនេះ ពាក្យថា «រៀល» បានជ្រៀតចូលក្នុងភាសាជាច្រើន។
សតវត្សរ៍ទី១៦-១៩ ប្រាក់ដុល្លារអេស្ប៉ាញគ្រប់គ្រងពាណិជ្ជកម្មពិភពលោក
កាក់ប្រាក់អេស្ប៉ាញ ឈ្មោះថា៨រៀល ឬ 8-real បានក្លាយជារូបិយវត្ថុជួញដូរទូទាំងពិភពលោក មិនថា ចិន ហ្វីលីពីន ម៉ិចស៉ិច និងពែរ៊ូ។ សូម្បីតែពាណិជ្ជកម្មដំបូង នៅក្នុងអាណានិគមអាមេរិក បានប្រើប្រាស់កាក់នេះ មុនពេលការបង្កើតដុល្លារអាមេរិក។
នៅសតវត្សរ៍ទី១៩-២០ រូបិយបណ្ណថ្មី ដែលមានឥទ្ធិពលដោយសារពាក្យ «Real»
ពាក្យរៀលនេះ បានវិវត្តទៅជាឈ្មោះរូបិយបណ្ណដែលប្រើប្រាស់ដោយប្រទេសផ្សេងៗ តាមភាសានៃប្រទេសនោះ។ ឧទាហរណ៍ លុយរៀលប្រេស៊ីល លុយរៀលអ៉ីរ៉ង់ លុយរីយ៉ាល់អារ៉ាប៊ីសាអូឌីត និងលុយរៀលខ្មែរ។ ឈ្មោះទាំងនេះ ត្រូវបានបង្កើតឡើងតាមរយៈពាណិជ្ជកម្ម អាណានិគម និងការសម្របតាមភាសា៕







