ចំណេះដឹងទូទៅ៖ មកស្គាល់ផ្លូវនាវាទេសចរណ៍ ដែលធ្វើដំណើរជុំវិញពិភពលោក
17-03-2026 18:46
(ភ្នំពេញ)៖ នាវាទេសចរណ៍ដែលធ្វើដំណើរជុំវិញពិភពលោក មានកាលវិភាគខុសៗគ្នា ទៅតាមការរៀបចំរបស់ក្រុមហ៊ុននាវាទេសចរណ៍ទាំងនោះ។ ប៉ុន្តែ ថ្ងៃនេះ Fresh News សូមបង្ហាញផ្លូវនាវាទេសចរណ៍មួយ ដែលគេដាក់ឈ្មោះថា MV Gemini ដែលធ្វើដំណើរជុំវិញពិភពលោក ក្នុងរយៈពេល ១២៩ថ្ងៃ និងមានតម្លៃសំបុត្រទូទៅ ១៨ ០០០ដុល្លារអាមេរិក។
នាវានេះចេញពីទីក្រុង San Francisco ចុះទៅខាងត្បូង រួចបន្តដំណើរទៅ Costa Rica បន្ទាប់មកឆ្លងកាត់ព្រែកជីក Panama ឆ្ពោះទៅកាន់ Tobago និងបន្តទៅ Puerto Rico ។ បន្ទាប់មកនាវានេះ ចេញទៅឆ្នេរ Miami និងបន្តទៅផ្នែកខាងលិច ដើម្បីឆ្ពោះទៅ Bermuda ហើយឆ្លងកាត់សមុទ្រអាត្លង់ទិច ដើម្បីទៅ Azores និង Cape Verde ។
បន្ទាប់មកទៀត នាវានេះបន្តទៅអាហ្រ្វិកខាងត្បូង ហើយឆ្ពោះទៅទិសខាងកើត ចូលទៅកោះម៉ាល់ឌីវ និងស្រីលង្កា។ នាវាមួយនេះ ឆ្លងកាត់មហាសមុទ្រឥណ្ឌា ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី បន្ទាប់មកឡើងទៅតាមសមុទ្រចិនខាងត្បូង ដើម្បីទៅទីក្រុងតូក្យូ។
ការធ្វើដំណើរក៏បន្តទៅទិសខាងត្បូង ដើម្បីទៅទីក្រុងស៉ីដនី បន្ទាប់មកចេញទៅប្រទេសញូវហ្ស៉ីឡែនដ៍។ វាក៏បន្តទៅ Vanuatu និង Fiji ក្រោយមកទៅ Tonga និង Samoa ឆ្លងកាត់មហាសមុទ្រប៉ាស៉ីហ្វិក ទៅរដ្ឋហាវ៉ៃ ហើយទៅចុងបញ្ចប់ ឬចំណុចចាប់ផ្តើមវិញ គឺទីក្រុង San Francisco ៕



