ចំណេះដឹងទូទៅ៖ តើព្រះរាជពិធីត្រស្តិសង្ក្រាន្ត ជាអ្វី?
18-03-2026 20:34
(ភ្នំពេញ)៖ ព្រះរាជពិធីត្រស្តិសង្រ្កាន្ត ជាព្រះរាជពិធីដ៏ធំមួយ ក្នុងចំណោមព្រះរាជពិធីធំៗផ្សេងទៀតនៃព្រះរាជពិធីទ្វាទសមាស របស់នគរខ្មែរ ដែលមានរយៈពេលរហូតដល់ទៅ៣យប់ ៤ថ្ងៃ។ ព្រះរាជពិធីនេះ ប្រៀបបាននឹងដូចការកាត់គ្រោះ ផ្ដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី និងសូមតែសុខសិរីជ័យមង្គលជូនព្រះនគរផងដែរ។
វចនានុក្រម សម្តេច ជួន ណាត បានឲ្យដឹងថា ត្រស្ដិ [ត្រស់ ] ជាឈ្មោះព្រះរាជពិធីមួយប្រភេទ ធ្វើក្នុងវេលាយប់ ១៤ រោចខែផល្គុន; ក្នុងរជ្ជកាលពីបុរាណហៅថា ពិធីបញ្ជាន់ត្រស្ដិ, សម័យឥឡូវហៅថា ពិធីភាណយក្ខ ឬ ពិធីសូត្រភាណយក្ខ។ ពាក្យថា ត្រស្តិ ក្លាយមកពីភាសាសំស្រ្កឹតថា ត្រុដ កិ. «កាត់, ផ្ដាច់»; ត្រុដិ ន. «ដំណើរកាត់, ការផ្ដាច់»; ក្នុងព្រះរាជពិធីនេះ សំដៅយកសេចក្ដីថា «ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី»; មានទំនងជាលំអានឲ្យយល់បានថា កាលពីក្នុងសម័យបុរាណលោកហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬ ពិធីបញ្ជាន់ត្រុដិ ព្រោះសព្វថ្ងៃនេះ បណ្ដាជនក្នុងខែត្រសៀមរាប នៅហៅភ្លេង, ចម្រៀងមួយប្រភេទថា ភ្លេងត្រុដិ, ច្រៀងត្រុដិ (ត្រុត), គេលេងតែក្នុងឱកាសចូលឆ្នាំថ្មី, សហេតុឲ្យយល់ច្បាស់ថា ត្រុដិ នេះហើយក្លាយមកជាពាក្យថា ត្រស្ដិ។ ពិធីបញ្ជាន់ត្រស្ដិនេះ ពីបុរាណជាន់ដើម ចួនណាលោកហៅថា ពិធីសម្ពច្ឆរច្ឆិន្ន ឬសម្ពច្ឆរច្ឆិន្នពិធី «ពិធីផ្ដាច់ឆ្នាំ»។
ខាងក្រោមនេះជាការសង្ខេបចេញពីព្រះរាជពិធីត្រស្តិសង្ក្រាន្ត ពីសៀវភៅទ្វាទសមាស ភាគ៣៖
នៅថ្ងៃទី១២ ១៣ ១៤ និង ១៥រោច ខែផល្គុន ជារៀងរាល់ឆ្នាំ នៅក្នុងព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជា តែងតែធ្វើព្រះរាជពិធីមួយដ៏ឱឡារឹក ហៅថា ព្រះរាជពិធីត្រស្តិសង្ក្រាន្ត។ ព្រះរាជពិធីនេះ តែងតែធ្វើឡើងនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ និងក្នុងរោងមណ្ឌលទាំង៥ ខាងក្រៅកំពែងព្រះបរមរាជវាំង ជាកិច្ចជូនដំណើរឆ្នាំចាស់ ដែលត្រូវចេញទៅ ទទួលឆ្នាំថ្មី ដែលត្រូវចូលមក និងបំបាត់ឧបទ្រព្យចង្រៃក្នុងឆ្នាំចាស់ឲ្យអស់ទៅ អញ្ជើញទេវតាឆ្នាំថ្មី ឲ្យចូលមកចម្រើនសិរីសួស្តីជ័យមង្គលមហាប្រសើរ ចំពោះព្រះរាជប័ល្លង្ក និងដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីនេះមានឈ្មោះហៅច្រើនយ៉ាង គឺថា ព្រះរាជពិធីត្រស្តិសង្ក្រាន្តក៏បាន ថាព្រះរាជពិធីបញ្ជាន់ត្រស្តិក៏បាន ថាព្រះរាជពិធីសម្ពច្ឆរច្ឆិន្នក៏បាន ថាព្រះរាជពិធីសូត្រភាណយក្សក៏បាន តែក្នុងផ្លូវការហៅថា ព្រះរាជពិធីត្រស្តិសង្ក្រាន្ត។
ពាក្យថា ត្រស្តិ ឬត្រុដិ ប្រែថា ការកាត់ ការផ្តាច់ ពាក្យថា សម្ពច្ឆរច្ឆិន្ន ប្រែថា ការផ្តាច់ឆ្នាំ គឺការជូនដំណើរឆ្នាំចាស់ ទទួលដំណើរឆ្នាំថ្មី ឯពាក្យថា សូត្រភាណយក្ស គឺសូត្របណ្តេញយក្ស ខ្មោចបិសាច ហើយនឹងពាក្យ បញ្ជា់ត្រស្តិ គឺបញ្ជាន់បណ្តេញខ្មោចបិសាចឆ្នាំចាស់ ឲ្យបរវៀសជៀសឆ្ងាយទៅ។ រួមពាក្យទាំងអស់នេះ បានសេចក្តីថា ព្រះរាជពិធីដែលធ្វើនៅថ្ងៃទី១២ ១៣ ១៤ ១៥ រោច ខែផល្គុន ជាព្រះរាជពិធីជូនដំណើរឆ្នាំចាស់ ដែលត្រូវផុតទៅ នៅថ្ងៃ១៥រោច ខែផល្គុន ទទួលដំណើរឆ្នាំថ្មី ដែលត្រូវធ្វើដំណើរចូលមកនៅថ្ងៃ ១កើត ខែចេត្រ ព្រោះថា តាំងពីថ្ងៃ ១កើត ខែចេត្រទៅ លោករាប់ថា ជាឆ្នាំថ្មីហើយ គ្រាន់តែមិនទាន់ឡើងស័កប៉ុណ្ណោះ៕



