* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

យល់ដឹងកីឡា៖ ព្រឹត្តិការណ៍បាល់ទាត់ World Cup ត្រូវបានអាក់ខានរៀបចំ ២លើកជាប់គ្នា ដោយសារសង្រ្គាម

23-03-2026 09:19

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលលេងយ៉ាងទៀងទាត់រៀងរាល់ ៤ឆ្នាំម្តង និងរៀបចំបាន ២២សម័យមកនេះ ក៏ធ្លាប់ត្រូវបានលុបចោល ២លើកជាប់ៗគ្នាផងដែរ ដោយសារតែវិបត្តិសង្រ្គាមលោកលើកទី២។

ការខកខានមិនបានរៀបចំចំនួន ២លើកជាប់គ្នាបែបនេះ ពោលគឺនៅឆ្នាំ១៩៤២ និងឆ្នាំ១៩៤៦ ដោយពុំទាន់រកឃើញប្រទេស ដើម្បីធ្វើម្ចាស់ផ្ទះនៅឡើយទេ ស្របពេលមានប្រទេសអាល្លឺម៉ង់ និងប្រេស៊ីល សុទ្ធតែបានដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះសម្រាប់ World Cup 1942 ដូចគ្នា ប៉ុន្តែត្រូវបានសហព័ន្ធ FIFA សម្រេចលុបចោលវិញ បន្ទាប់ពីអាល្លឺម៉ង់បានវាយលុកចូលប្រទេសប៉ូឡូញក្នុងឆ្នាំ១៩៣៩ ដែលជាការចាប់ផ្ដើមនៃសង្គ្រាមលោកលើកទី២។

លុះចូលមកដល់ឆ្នាំ១៩៤៦ កម្មវិធី World Cup នៅតែពុំទាន់អាចរៀបចំឡើងវិញបានដដែល ទោះបីជាសង្គ្រាម World War II បានបញ្ចប់នៅក្នុងឆ្នាំ១៩៤៥ ក៏ដោយ ដ្បិតពិភពលោក ជាពិសេសនៅអឺរ៉ុបបានធ្លាក់ចូលក្នុងសភាពខ្ទេចខ្ទីខ្លាំង។

សហព័ន្ធបាល់ទាត់ជាតិជាច្រើនបានជួបវិបត្តិហិរញ្ញវត្ថុ កង្វះខាតធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធកីឡានានាត្រូវបានបំផ្លិចបំផ្លាញ។ ដោយសារតែមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំផែនការ និងការប្រកួតជម្រុះតាមតំបន់ FIFA ក៏បានសម្រេចមិនរៀបចំការប្រកួតក្នុងឆ្នាំ១៩៤៦ បន្តទៀត។

ទោះជាយ៉ាងណា បន្ទាប់ពីអវត្តមានអស់រយៈពេល ១២ឆ្នាំ គិតចាប់ពីឆ្នាំ១៩៣៨ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបានត្រឡប់មកវិញនៅក្នុងឆ្នាំ១៩៥០ ដែលមានប្រេស៊ីលធ្វើម្ចាស់ផ្ទះ ហើយអ៊ុយរូហ្គាយ ដណ្តើមបានជើងឯក World Cup ជាលើកទី២ របស់ពួកគេ ក្រោយខកខានតាំងពីឆ្នាំ១៩៣០ មក៕