យល់ដឹងកីឡា៖ អ៉ីតាលី នឹងសាងកំណត់ត្រាដ៏ខ្មៅងងឹតនៅ World Cup ប្រសិនធ្លាក់វគ្គជម្រុះលើកនេះ

24-03-2026 11:13

(បរទេស)៖ អ៉ីតាលី ក្នុងនាមម្ចាស់ជើងឯកពិភពលោក World Cup ៤សម័យកាល គឺជាចំណុចដ៏រសើបបំផុតនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ជាពិសេសសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអាសូរី (Azzurri) នេះតែម្តង។

តួយ៉ាង ប្រសិនបើអ៊ីតាលីមិនអាចឆ្លងផុតវគ្គជម្រុះ Play-off នាខែមីនា ឆ្នាំ២០២៦ នេះទេ ពួកគេនឹងបង្កើត «ប្រវត្តិសាស្ត្រដ៏អាក្រក់» ដែលមិនធ្លាប់មានពីមុនមកសម្រាប់ក្រុមដែលធ្លាប់ឈ្នះជើងឯកពិភពលោក ៤ឆ្នាំម្តងនេះ។

អ៉ីតាលី ប្រឈមមុខនឹងកំណត់ត្រាខ្មៅងងឹត ក្នុងនាមម្ចាស់ជើងឯក World Cup ៤លើកផងដែរកាលឆ្នាំ១៩៣៤, ១៩៣៨, ១៩៨២ និងចុងក្រោយកាលឆ្នាំ២០០៦) ប៉ុន្តែពួកគេបានខកខាន ២សម័យកាលជាប់គ្នារួចមកហើយ កាលឆ្នាំ២០១៨ នៅរុស្ស៊ីជម្រុះចាញ់ស៊ុយអែត និងនៅកាតា លេងជម្រុះចាញ់ម៉ាសេដូនថែមទៀតដោយមិននឹកស្មានដល់។

អ៊ីតាលី ត្រូវលេងវគ្គជម្រុះ Play-off ទៀត ក្នុងខែមីនានេះទៀត បន្ទាប់ពីចាញ់ន័រវែស និងបញ្ចប់ក្នុងតំណែងលេខ២ ក្នុងពូល។ បើពួកគេចាញ់ក្នុងវគ្គនេះទៀត ពួកគេនឹងក្លាយជា «អតីតជើងឯកដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលខកខាន World Cup ៣ជំនាន់ជាប់គ្នា»

គួរបញ្ជាក់ផងថា ក្នុងចំណោមប្រទេសដែលធ្លាប់ឈ្នះ World Cup ទាំង៨ ដោយរួមមានប្រេស៊ីល, អាល្លឺម៉ង់, អ៉ីតាលី, អាហ្សង់ទីន, បារាំង, អ៊ុយរូហ្គាយ, អង់គ្លេស និងអេស្ប៉ាញ ក្នុងនោះដែរមានដូចជា៖

- ប្រេស៊ីល ជាក្រុមតែ ១គត់ដែលមិនដែលខកខាន សូម្បីតែម្តង។
- អាល្លឺម៉ង់ មិនដែលខកខានដោយសារធ្លាក់ក្នុងវគ្គជម្រុះឡើយ ប៉ុន្តែធ្លាប់មិនចូលរួមក្នុងឆ្នាំ១៩៣០ និងត្រូវបានហាមឃាត់ក្នុងឆ្នាំ១៩៥០។
- បារាំង អង់គ្លេស អេស្ប៉ាញ អាហ្សង់ទីន និងអ៊ុយរូហ្គាយ សុទ្ធតែធ្លាប់ខកខានខ្លះៗ ប៉ុន្តែមិនដែលដល់ទៅ ៣ លើកជាប់គ្នានោះឡើយ៕