ចំណេះដឹងទូទៅ៖ ឈ្វេងយល់ខ្លះៗពី ឧស្ម័នធម្មជាតិរាវ (LNG), ឧស្ម័នឥន្ធនៈរាវ (LPG) និងប្រេងឥន្ធនៈ (Petrol)
24-03-2026 13:26
(ភ្នំពេញ)៖ សង្គ្រាមលើអ៉ីរ៉ង់ ដោយអ៉ីស្រាអែល និងអាមេរិក នៅតំបន់មជ្ឈឹមបូព៌ា បានធ្វើឲ្យប៉ះពាល់ដល់ថាមពលសាកលទាំងមូលតែម្តង ជាពិសេសប្រេងឥន្ធនៈបានឡើងថ្លៃមិនធម្មតា បន្ទាប់ពីអ៉ីរ៉ង់រឹតបន្តឹងនាវាដឹកជញ្ជូនប្រេងឥន្ធនៈតាមច្រកហ័រម៉ូហ្ស។ ជាមួយគ្នានេះ ថ្មីៗនេះក្រុមហ៊ុនថាមពលរដ្ឋកាតា បាត់បង់សមត្ថភាពនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ១៧ភាគរយ ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់ផងដែរ។
បញ្ហានេះ នាំឲ្យមានចម្ងល់រវាងភាពខុសគ្នារវាងឧស្ម័នធម្មជាតិរាវ (LNG), ឧស្ម័នឥន្ធនៈរាវ (LPG) និងប្រេងឥន្ធនៈ (Petrol)។ ហេតុនេះហើយ បានជា Fresh News បង្ហាញចំណុចខ្លះៗ អំពី LNG LPG និង Petrol ដូចខាងក្រោម។
ឧស្ម័នធម្មជាតិរាវ LNG (Liquefied Natural Gas)
វាជាឧស្ម័នធម្មជាតិ ដែលមានសារធាតុមេតានយ៉ាងច្រើន (Methane) ដែលត្រូវរក្សាទុកក្នុងកម្រិតក្រោម ១៦២អង្សា (-162°C)។ នៅពេលប្រើ គេត្រូវបម្លែងវាវិញទៅជាឧស្ម័ន ហើយដុតយកកម្តៅ។ LNG គឺសម្រាប់ផលិតអគ្គិសនី ប្រើក្នុងរោងចក្រ ឧស្សាហកម្ម ប្រើសម្រាប់បើកនាវា និងរថយន្តមួយចំនួន។ ចំពោះផលលើបរិស្ថានវិញ វាបញ្ចេញផ្សែង និងឧស្ម័នកាបូនិច (CO₂) តិចជាងគេ។ LNG ជាឋាមពលស្អាតជាង LPG និង Petrol ។ ឧស្ម័ននេះ ត្រូវការបច្ចេកវិទ្យាខ្ពស់ ដើម្បីរក្សាទុក (ធ្វើឲ្យត្រជាក់ខ្លាំង) ហើយវាមិនងាយប្រើក្នុងផ្ទះធម្មតាទេ។ មានន័យថា វាក៏ជាថាមពលស្អាត ប៉ុន្តែពិបាករក្សាទុក។
ឧស្ម័នឥន្ធនៈរាវ LPG (Liquefied Petroleum Gas)
វាគឺជាឧស្ម័នដែលអាចក្លាយជារាវ ដែលសម្បូរសារធាតុប្រូប៉ាន (Propane) និងប៊ូតាន (Butane)។ វាមិនចាំបាច់ធ្វើឲ្យត្រជាក់ខ្លាំងទេ គ្រាន់តែដាក់ក្នុងធុងរបស់វាតាមបច្ចេកទេស ក៏ក្លាយជាសាធារតុរាវភ្លាម។ LPG គឺគេប្រើសម្រាប់ចម្អិនអាហារ ដែលជាទូទៅគេស្គាល់វាថា ជាហ្គាសក្នុងផ្ទះ។ គេក៏ប្រើវាសម្រាប់ឧស្សាហកម្មតូចៗ និងសម្រាប់យានយន្តមួយចំនួន។ ចំពោះផលប៉ះពាល់លើបរិស្ថាន LPG ស្អាតជាង Petrol តែមិនស្អាតដូច LNG នោះទេ។ ចំពោះអត្ថប្រយោជន៍ គឺវាងាយប្រើ និងងាយដឹកជញ្ជូន (ធុងហ្គាស) ហើយពេញនិយមក្នុងផ្ទះ។
ប្រេងឥន្ធនៈ Petrol (Gasoline)
វាជាប្រេងឆៅដែលបានចម្រាញ់ ជាសារធាតុរាវ (liquid) ធម្មតា។ វាមិនចាំបាច់ធ្វើឲ្យត្រជាក់ដូច LNG នោះដែរ។ ប្រេងឥន្ធនៈ គឺគេប្រើសម្រាប់ចាក់រថយន្ត និងម៉ូតូ (ប្រើច្រើនបំផុត)។ ប៉ុន្តែ ផលប៉ះពាល់លើបរិស្ថានវិញ វាបំពុលច្រើនជាងគេ ដោយសារបញ្ចេញ CO₂ ខ្លាំង។ ទោះយ៉ាងណា ប្រេងឥន្ធនៈ មានអត្ថប្រយោជន៍នៅត្រង់ថា ងាយប្រើ និងមានគ្រប់ទីកន្លែង៕



