ចំណេះដឹង EV! តើការសាកថ្មឡានអគ្គិសនីក្រោមពន្លឺថ្ងៃក្ដៅខ្លាំង មានហានិភ័យអ្វីខ្លះ? តិចនិកគួរយល់ដឹងដើម្បីរក្សាអាយុកាលថ្មឱ្យបានយូរ

08-04-2026 10:12

(ភ្នំពេញ)៖ ខណៈដែលអាកាសធាតុនៅកម្ពុជាកំពុងឡើងកម្ដៅខ្លាំង ម្ចាស់រថយន្តអគ្គិសនី (EV) ភាគច្រើនតែងតែមានកង្វល់ថា «តើការសាកថ្មពេលថ្ងៃត្រង់ក្ដៅខ្លាំង ទីកន្លែងដែលគ្នាដំបូលអាចបង្កឱ្យមានគ្រោះថ្នាក់ផ្ទុះឆេះ ឬប៉ះពាល់ដល់ឡានដែរឬទេ? ខាងក្រោមនេះគឺជាការបកស្រាយលម្អិតពីអ្នកជំនាញបច្ចេកវិទ្យារថយន្ត ដើម្បីឱ្យលោកអ្នកបើកបរដោយទំនុកចិត្ត និងសុវត្ថិភាព៖ ទី១៖ មិនមានគ្រោះថ្នាក់ផ្ទុះឆេះភ្លាមៗឡើយ ជាការពិតណាស់ រថយន្តអគ្គិសនីទំនើបៗ ត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងថ្មឆ្លាតវៃ Battery Management System (BMS) ឬអាចហៅថា «ប្រព័ន្ធគ្រប់គ្រងថាមពលថ្ម» និងជាមួយប្រព័ន្ធត្រជាក់ដោយសារធាតុរាវ (Liquid Cooling)។ នៅពេលសីតុណ្ហភាពឡើងក្ដៅខ្លាំង ប្រព័ន្ធទាំងនេះនឹងធ្វើការបញ្ចុះកម្ដៅដោយស្វ័យប្រវត្តិ ប្រសិនបើកម្ដៅឡើងដល់កម្រិតគ្រោះថ្នាក់ឡាននឹងកាត់ផ្ដាច់ចរន្តសាកភ្លាមៗ ដើម្បីបង្ការហានិភ័យ។ ទី២៖ ផលប៉ះពាល់ដែលអ្នកគួរដឹង (ហានិភ័យមិនផ្ទុះ តែខូចគុណភាព) ទោះបីជាមិនផ្ទុះឆេះ ប៉ុន្តែការសាកថ្មក្រោមពន្លឺថ្ងៃក្ដៅខ្លាំងអាចបង្កផលវិបាកចំនួន ៣៖ ១៖ សាកថ្មយឺតជាងមុន ដើម្បីការពារសុវត្ថិភាព ឡាននឹងកាត់បន្ថយល្បឿនសាកថ្ម (Thermal Throttling) ដែលធ្វើឱ្យលោកអ្នកចំណាយពេលរង់ចាំយូរជាងធម្មតា។ ២៖ អាយុកាលថ្មឆាប់ចុះខ្សោយ កម្ដៅគឺជាសត្រូវធំរបស់ថ្ម ការសាកថ្មក្នុងសីតុណ្ហភាពខ្ពស់ញឹកញាប់ នឹងធ្វើឱ្យកោសិកាថ្មឆាប់ខូចគុណភាព (Degradation) នាំឱ្យឡានជិះមិនសូវបានឆ្ងាយដូចមុន។ ៣៖ សម្ពាធលើប្រព័ន្ធត្រជាក់ ម៉ាស៊ីនត្រជាក់ឡានត្រូវធ្វើការធ្ងន់បំផុតដើម្បីបញ្ចុះកម្ដៅថ្ម ដែលអាចបណ្ដាលឱ្យឆាប់សឹករីករាល់ដាលទៅគ្រឿងបន្លាស់ពាក់ព័ន្ធ។ ទី៣៖ តិចនិកសាកថ្មដោយសុវត្ថិភាពក្នុងរដូវក្ដៅ ដើម្បីរក្សាគុណភាពថ្មឡានឱ្យនៅល្អ និងជិះបានរាប់សិបឆ្នាំទៅតាមស្តង់ដារផលិត លោកអ្នកគួរអនុវត្តដូចខាងក្រោម៖ ១៖ ជៀសវាងពេលមានអាកាសធាតុឡើងកម្តៅខ្លាំង បើអាចគួរជៀសវាងការសាកថ្មនៅចន្លោះម៉ោង ១១ ព្រឹក ដល់ ៣ រសៀល ហើយពេលវេលាដ៏ល្អបំផុត គឺពេលយប់ ឬព្រលឹមស្រាងៗ។ ២៖ រក្សាម្លប់ឱ្យឡាន ត្រូវជ្រើសយកន្លែងមានដំបូងល្អ គឺត្រូវរកស្ថានីយសាកថ្មដែលមានដំបូល ឬកន្លែងដែលមានម្លប់ ដើម្បីកុំឱ្យកម្ដៅថ្ងៃបុកចំថ្មខ្លាំង និងតួរឡានផ្ទាល់ខ្លាំង។ ៣៖ កុំទុកឡានឱ្យអស់ថ្មខ្លាំងពេក ត្រូវព្យាយាមរក្សាសាកថ្មឡាននៅពេលវានៅសល់លើសពី ២០% ខណៈការសាកថ្មពីកម្រិតថាមពលនៅសល់ទាបខ្លាំងក្នុងអាកាសធាតុក្ដៅ អាចធ្វើឱ្យថ្មឡើងកម្ដៅលឿនបំផុត។ ជាការកត់សម្គាល់ផងថា ការសាកថ្មពេលថ្ងៃក្ដៅមិនមែនជារឿងគួរឱ្យខ្លាចរហូតដល់មិនហ៊ានសាកនោះទេ ប៉ុន្តែវាជារឿងដែលត្រូវប្រុងប្រយ័ត្ន ហើយការយល់ដឹងពីតិចនិកទាំងនេះ នឹងជួយឱ្យរថយន្ត EV របស់អ្នកនៅតែមានសមត្ថភាពថាមពលថ្មខ្ពស់ និងប្រើប្រាស់បានយូរអង្វែង ៕