ចំណេះដឹងទូទៅ៖ ពិធីលាងជើងខ្មែរ! ពីបុរាណគេឲ្យប្អូន ឬក្មួយកូនក្រមុំ លាងជើងឲ្យកូនកម្លោះ

20-04-2026 20:46

(ភ្នំពេញ)៖ បែបបទនៃការធ្វើពិធីលាងជើង គឺជាចំណុចសំខាន់ណាស់ ដែលវាជាផ្នែកមួយនៃពិធីមង្គលការខ្មែរ។ ការលាងជើងត្រូវបានខ្មែរខ្លះ ដែលទទួលឥទ្ធិពលអឺរ៉ុប អះអាង ជាការបន្ថោកតម្លៃស្ត្រី។ មតិនេះហើយ ធ្វើឲ្យពិធីលាងជើង ត្រូវបានកាត់ចោលនៅក្នុងពិធីអាពាហ៍ពិពាហ៍ ភាគច្រើនតែម្តង។

ក៏មានមតិនារីនិយាយលើបណ្តាញសង្គមនិយាយថា «សុខចិត្តអត់ប្តីក៏មិនធ្វើតាមក្បួនហ្នឹងដែរ ព្រោះសិទ្ធិអត់ស្មើគ្នា។ ណាមួយខ្ញុំមានសមត្ថភាពរកលុយចាយដោយខ្លួនឯង»។

តាមពិត ពីបុរាណគេឲ្យប្អូន ឬក្មួយកូនក្រមុំ លាងជើងឲ្យកូនកម្លោះ។ ប៉ុន្តែ ឥលូវនេះ នៅក្នុងពិធីមង្គលការ មានតំបន់ខ្លះលុបចោលពិធីលាងជើងទាំងស្រុង ឯតំបន់ខ្លះទៀត បានឲ្យកូនក្រមុំលាងជើងកូនកម្លោះ ឯកូនកម្លោះត្រូវលាងជើងកូនក្រមុំវិញដូចគ្នាទៅទៀត។ កាន់តែខុសនៅពេលមានការលុបចោលពិធីបុកល័ក្ខ តែបែរជាបញ្ចូលពិធីកាត់នំខេក នៅពេលល្ងាច និងថតមុនការ (Pre-wedding) យករូបថតដាក់មុខរោងទៅវិញ។

តើពិធីលាងជើង ពិតជាបន្ទាបបន្ថោកតម្លៃស្ត្រីមែនឬ?
យោងតាមសៀវភៅ «ក្បួនអាពាហ៍ពិពាហ៍» សរសេរដោយអ្នកឧកញ៉ា មហាមន្ត្រី ញិក នូវ ចាងហ្វាងក្រុមព្រះរាជមន្ទីរ រៀបរាប់ថា ពិធីលាងជើងនេះ គេធ្វើនៅវេលាព្រឹកម៉ោង៤ ថ្ងៃសំពះផ្ទឹម គឺនៅថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយនៃពិធីមង្គលការ។ លោកសរសេរថា គេឲ្យក្រាលសំពត់ស ឬកន្ទេល តាំងពីក្បាលជណ្តើរថ្មី (ពីដើមគេសង់ផ្ទះថ្មី ដើម្បីធ្វើពិធីមង្គលការ) រៀងដល់ទីសំពះ និងឲ្យមានក្មេងប្រុសម្នាក់ចាំសែនក្បាលជណ្តើរ ឲ្យមានថ្មរលីង ១មួយដុំ ដាក់នៅលើជណ្តើរ ហើយឲ្យមានវេចស្លាក្រនៀត (ស្លាក្រនៀត ឬស្លាថ្នាត់ គឺម្លូដែលគេបៀកបត់ញាត់បញ្ចូលមុខគ្នា) ១ម៉ាត់ ដាក់នឹងជាយកន្សែងច្របុច ឲ្យក្មេងប្រុស ឬស្រីម្នាក់ ដែលត្រូវជាប្អូន ឬជាក្មួយសាមីខ្លួនកូនស្រីនោះកាន់ មានទឹក ១ផ្តឹលផង តម្កល់ទុកឲ្យក្មេងនោះឈរចាំនៅជើងជណ្តើរ។ លុះសាមីខ្លួនកូនប្រុសដល់មក ឲ្យឈរលើថ្ម ឲ្យក្មេងនោះហុចទឹកឲ្យសាមីខ្លួនលាងជើង (មានខ្លះឲ្យ លាងនឹងទឹកដូងខ្ចីក៏មាន)។ [...] លុះសាមីខ្លួនប្រុសនោះលាងជើងរួចហើយ ឲ្យក្មេងកាន់កន្សែងស្លានោះហុចទៅឲ្យសាមីខ្លួនប្រុសស្រាយយកស្លាស៊ី។ ការរៀបរាប់របស់អ្នកឧកញ៉ាមហាមន្ត្រី ញិក នូវ បានស្រង់ប្រភពពីការចងក្រងរបស់ព្រះជ័យចេស្តាបរមរាជាធិបតី។

ជាមួយគ្នានេះ សៀវភៅ «ក្បួនទម្រង់ការអាពាហ៍ពិពាហ៍» របស់ឧត្តមប្រីយ៍ជា ចាប ពិន និពន្ធបណ្ឌិត អតីតអធិបតីក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បានឲ្យដឹងថា ពិធីលាងជើង គេធ្វើនៅវេលាអរុណរះ ថ្ងៃទី៣ គឺថ្ងៃសំពះផ្ទឹម ដែលជាថ្ងៃចុងក្រោយនៃពិធីមង្គលការ។ លោកសរសេរថា វេលាហែទៅ (ឡើងលើផ្ទះរៀបចំពិធីមង្គលការ) កូនប្រុសត្រូវមានប្រាក់យ៉ាងតិចត្រឹម ១ស្លឹង ឬ ១កាក់ជាប់នឹងខ្លួន ខណៈទៅដល់មាត់ជណ្តើរផែនថ្មមួយ គេដាក់ទុកឲ្យកូនប្រុសឈរលាងជើង ហើយនឹងឃើញក្មេងប្រុស ១នាក់ ជាប្អូនបង្កើត ឬជាញាតិជិតរបស់ខាងកូនស្រី កាន់ផ្តិលទឹកមកលាងជើងឲ្យ ហើយនឹងឲ្យស្លា ១ម៉ាត់ ដែលដៃកូនស្រីបៀកឲ្យ។ កូនប្រុសទទួលស្លាស៊ីហើយ ត្រូវឲ្យប្រាក់ដែលជាប់មកនឹងខ្លួនទៅក្មេងនោះ ហើយក្មេងនោះ ត្រូវដឹកដៃកូនប្រុសឡើងទៅជណ្តើរទៅ។ ការរៀបរាប់របស់ឧត្តមប្រីយ៍ជា ចាប ពិន ស្របនឹងអ្នកឧកញ៉ាមហាមន្ត្រី ញិក នូវ។

ខ្មែរតែងតែឲ្យតម្លៃស្ត្រីខ្ពស់ណាស់ ក្នុងការជ្រើសរើសគូស្រករ
យើងឃើញថា ក្រោយដណ្តឹងកូនក្រមុំ កូនកម្លោះត្រូវទៅបម្រើគ្រួសារខាងស្រីសព្វគ្រប់កិច្ចការ (៣ខែឡើងទៅ ខ្លះ ៣ខែ ឬ ១ឆ្នាំ ឬ៣ឆ្នាំ) ដើម្បីឲ្យគ្រួសារខាងស្រីវាយតម្លៃលក្ខណៈសម្បត្តិ ថាអាចធ្វើជា មេគ្រួសារបាន ឬអត់។ បើគេពុំពេញចិត្តនោះទេ គេផ្តាច់ពាក្យ ពេលណាក៏បាន។

ការលាងជើង បានបង្កប់ទស្សនៈវិជ្ជា។ ន័យចំ គឺខាងប្រុស បានបម្រើគ្រួសារខាងស្រីគ្រប់សព្វកិច្ចការ ទាំងលើកលាមកគោ ក្របី មើលជ្រូក មាន់ ទា ស្រែ ចម្ការ ជាដើមក្តី នាំឲ្យប្រលាក់ជើង។ បម្រើគ្រួសារគេពេញមួយថ្ងៃហើយ ត្រូវទៅផ្ទះខ្លួនវិញ។ គេមិនឲ្យឡើងផ្ទះ ឬជួបមុខកូនស្រីឡើយ។ អីចឹង នៅពេលសម្រេចលើកកូនឲ្យហើយ គេឲ្យឡើងផ្ទះហើយ។ កូនក្រមុំនៅពេល ឃើញការលំបាកនេះ ក៏លាងជើងឲ្យបង្ហាញការជួយយកអាសារ។ ន័យធៀប គឺកូនប្រុស បើធ្លាប់ពាក់ព័ន្ធនឹងនារីណា ក៏សូមដាច់ស្រេចត្រឹមនេះ ដូចលាងជើងឲ្យស្អាត ចាប់ផ្តើមជាថ្មីជាមួយកូនក្រមុំ។ ជាមួយគ្នានឹងការលាងជើង គេឃើញកូនកម្លោះ គេឲ្យឡើងជាន់លើថ្ម ដើម្បីបង្ហាញថា ខ្លួននឹងក្លាយជាបង្គោលគ្រួសារហើយ។

គេលាងជើងកូនកម្លោះ ដើម្បីជម្រះរឿងកន្លង ជាពិសេសគេចង់ផ្តល់គំនិតថា ចាប់ពីថ្ងៃនេះទៅ កូនកម្លោះ ចាប់ផ្តើមដើរផ្លូវថ្មីដោយមានដៃគូជីវិតហើយ អីចឹងកូនកម្លោះមិនអាចនៅឱបក្រសោបរឿងអតីតកាល ដែលមិនល្អទេ។ បើអ្នកចង់ឲ្យគេលាងជើងកូនក្រមុំដែរនោះ តើវាមិនមែនមានន័យថា នារីនោះធ្លាប់មានប្រវត្តិមិនល្អដែរ ឬយ៉ាងណា? អីចឹង បើឲ្យលាងជើងកូនស្រី វាស្មើនឹងការវាយតម្លៃទុកមុនថា នារីធ្លាប់ប្រលូកប្រលាក់នឹងបុរសណាហើយ។ ចំណុចនេះ វាកាន់តែចាកឆ្ងាយរឿងដែលគេចង់លើកតម្លៃស្ត្រីទៅទៀត។

ខ្មែរ បានឲ្យតម្លៃស្ត្រី ហើយដោយយល់ឃើញពីតម្លៃស្ត្រី ទើបខ្មែរបង្កើតនូវរឿងមួយចំនួន ដូចជា ឲ្យបុរសដណ្តឹងស្រ្តី ឲ្យបុរសទៅបម្រើខាងស្រី ពេលរៀបការឲ្យស្ត្រីកាន់លុយជាដើម៕