ចំណេះដឹងទូទៅ៖ តើអ្នកដឹងទេ? មានមនុស្សយន្តបំបែកកំណត់ត្រា រត់ពាក់កណ្តាលម៉ារ៉ាតុន លឿនជាងមនុស្ស
22-04-2026 19:29
(ភ្នំពេញ)៖ នៅក្នុងខែមេសា ឆ្នាំ២០២៦នេះ នៅឯកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុន ទីក្រុងបច្ចេកវិទ្យាប៉េកាំង (Beijing E-Town Half Marathon) មនុស្សយន្ត ឈ្មោះថា «ផ្លេកបន្ទោរ» បង្កើតឡើងដោយក្រុមហ៊នបច្ចេកវិទ្យាចិន ហរន័រ (Honor) បានរត់ជោគជ័យនៅនាទី ៥០ និង ២៦វិនាទី។ នេះជាការរត់បំបែកកំណត់ត្រារបស់មនុស្សម្នាក់ឈ្មោះ ចាកុប គីបលីម៉ូ (Jacob Kiplimo) ដែលរត់ជោគជ័យនៅនាទី ៥៧ និង ២០វិនាទី នៅទីក្រុងលីស្បុន (Lisbon) នៅក្នុងខែមីនា ឆ្នាំ២០២៦។
នេះមិនមែនមានន័យថា គ្រឿងយន្ត ជាអត្តពលិកល្អជាងមនុស្សនោះទេ ដោយសារប្រភេទការប្រណាំងដាច់ដោយឡែកពីគ្នា, ច្បាប់និងលក្ខខណ្ឌផ្សេងៗគ្នា ដែលមនុស្សយន្តខ្លះមានស្វ័យភាព ខ្លះទៀតបញ្ជាពីចម្ងាយ ឬជំនួយ, មនុស្សយន្តមិនមានអារម្មណ៍អស់កម្លាំង ឈឺចាប់ ឬអស់ថាមពលដូចមនុស្សទេ តែវាត្រូវបានកំណត់ដោយអាគុយ ម៉ូទ័រ និងប្រព័ន្ធត្រជាក់ជំនួសវិញ។
មនុស្សយន្ត នៅតែមិនល្អឥតខ្ចោះដូចមនុស្ស ដោយសារមនុស្សយន្តជាច្រើនបានដួល ធ្លាក់ ឬដំណើរការខុសប្រក្រតីក្នុងអំឡុងពេលប្រណាំង។
ករណីមនុស្សយន្តបំបែកកំណត់ត្រា រត់ពាក់កណ្តាលម៉ារ៉ាតុន លឿនជាងមនុស្ស គេមិនសម្តៅលើការប្រជែងផ្នែកកីឡាទេ តែគេចង់និយាយពីវឌ្ឍនភាពដ៏ធំធេងផ្នែកវិស្វកម្មមនុស្សយន្ត ការកែលម្អតុល្យភាព ការស៊ូទ្រាំ និងការគ្រប់គ្រងចលនា ព្រមទាំងការធ្វើតេស្តជាក់ស្តែងសម្រាប់មនុស្សយន្ត នៅក្នុងការងារនាពេលអនាគត (សង្គ្រោះ, ភស្តុភារ, ល)។
គួរជម្រាបដែរថា កាលពី ១ឆ្នាំមុន មានមនុស្សយន្តដែលរត់បានលឿនបំផុតដោយចំណាយពេល ២ម៉ោង និង ៤០នាទី។ ករណី មនុស្សយន្ត ឈ្មោះថា «ផ្លេកបន្ទោរ» បានរត់ជោគជ័យនៅនាទី ៥០ និង ២៦វិនាទី ជាគម្លាតជោគជ័យធំធេងណាស់៕





