ចំណេះដឹងទូទៅ៖ លក្ខណៈ ៣១យ៉ាង របស់ស្ត្រីគ្រប់លក្ខណ៍ និងលក្ខណៈ ២៦យ៉ាង របស់បុរសគ្រប់លក្ខណ៍

24-04-2026 21:58

(ភ្នំពេញ)៖ ឯកសារខ្មែរបុរាណ បានកំណត់ពីលក្ខណៈ ៣១យ៉ាង របស់ស្ត្រីគ្រប់លក្ខណ៍ និងលក្ខណៈ ២៦យ៉ាង របស់បុរសគ្រប់លក្ខណ៍។ ប៉ុន្តែ នៅក្នុងសៀវភៅសុជីវធម៌ប្រចាំសង្គមគ្រួសារ បានឲ្យដឹងថា លក្ខណៈទាំងនោះហួសសម័យខ្លះទៅហើយ ដែលសម័យនេះមនុស្សលោកធ្វើត្រាប់តាមពុំកើត។

ស្រ្តី ដែលប្រកបដោយ លក្ខណៈ៣១យ៉ាង ហៅថា ស្រីគ្រប់លក្ខណ៍ រួមមាន៖

*១. មិនចេះអេចអូចនិយាយដើមគេ
*២. ចេះគួរសមក្រោកទទួលមាតាបិតានិងស្វាមី
*៣. ដឹងគុណ តបគុណ មាតាបិតាញាតិសន្តាន ទាំងពីរខាង
*៤. មិនចេះដេកថ្ងៃ
*៥. មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ
*៦. ចេះថែទាំរបស់ទ្រព្យ
*៧. មិនផិតក្បត់ស្វាមី
*៨. មិនចេះប្រចណ្ឌស្វាមី
*៩. គ្មានកលមាយា
*១០. មិនរំសាយសក់ឲ្យគេឃើញ
*១១. មានចិត្តអត់ធន់ធ្ងន់ធ្ងរ
*១២. មានជើងស្រាលមិនដើរតន្ត្រំក្តុងក្តាំង
*១៣. មិនឈរ ឬអង្គុយសំញែងកាយឲ្យគេឃើញ
*១៤. មិនដើរញ៉ិកញ៉ក់កាច់រាង
*១៥. ចេះសង្រួមភ្នែកមិនក្រឡេករឡេមរឡាម
*១៦. មានដំណើរល្អ មិនគ្រលែងកាយចំទយគូទ
*១៧. មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ
*១៨. មានសំឡេងតិចច្បាស់លាស់ មិននិយាយឡូឡា
*១៩. មិនចេះឡេះឡោះលេងសើច
*២០. មិននិយាយផ្តោះផ្តងចំពោះបុរសនិងស្រ្តី
*២១. មិនទម្រន់ ធ្វើការណាធ្វើទាល់តែហើយការនោះ
*២២. ទៅទីណាឆាប់ត្រឡប់វិញ មិនញៀនអង្គុយផ្ទះគេ
*២៣. ចេះទុកដាក់អីវ៉ាន់ក្នុងពេលគួរទុកដាក់
*២៤. ចេះរៀបចំផ្ទះសំបែង
*២៥. ចេះតុបតែងគ្រឿងឧបភោគបរិភោគ
*២៦. ខ្លាចចិត្តស្វាមីមាតាបិតា ហើយគោរពតាមឱវាទ
*២៧. បរិភោគចំណីអាហារ ក្រោយស្វាមីនិងមាតាបិតា
*២៨. ឈប់បរិភោគ មុនស្វាមីនិងមាតាបិតា
*២៩. ដេកលក់ក្រោយស្វាមី
*៣០. ភ្ញាក់មុនស្វាមី
*៣១. មានមេត្តាករុណាចេះធ្វើបុណ្យទាន។

ស្ត្រីដែលប្រកបដោយលក្ខណៈគ្រប់ពេញលេងញទាំង ៣១ខនេះ ហៅថា ស្ត្រីគ្រប់លក្ខណ៍ តែបើមិនពេញលេញទេមានខ្វះខាតខ្លះ ហៅថា ស្ត្រីខាតលក្ខណ៍។ បើមានតែត្រង់នេះខ្លះ ត្រង់នោះខ្លះរដាច់រដោច ហៅថា ស្ត្រីដាច់លក្ខណ៍។

បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​ ២៦​យ៉ាង​ ហៅថា​ប្រុស​គ្រប់​លក្ខណ៍ រួមមាន៖

*១.​ ឧស្សាហ៍​ខ្នះខ្នែង​ធ្វើ​ការ​រៀនសូត្រ​មិន​ប្រកាន់​ខ្លួន
*២.​ មិន​ចេះលួច​ប្លន់​កេង​កិប​ឆរបោក
*៣.​ មិន​ឈ្លានពាន​ចំពោះ​កូន​ប្រពន្ធ​អ្នកដទៃ
*៤.​ មិន​រំភើប​ញាប់​ញ័រ​ ភ័យ​អរ​ផ្តេសផ្តាស
*៥.​​ មិន​កុហកភូត​ភរ​ ឲ្យលើស​ពីការពិត
*៦. មិន​​និយាយ​ត្រាប់​ឲ​្យអៀន​ខ្មាស់
*៧ .​ បាន​ឮ​ដំណឹង​ហើយ​វិនិច្ឆ័យ​សិន​ ទើប​ជឿ​ជា​ក្រោយ
*៨.​ ធ្វើ​ការ​មិន​រួស​រាន់​ពេក​មិន​យឺត​យូរ​ពេក
*៩. មិន​ចេះ​និយាយ​បំភ្លើស​សើច​លេង
*១០. ចេះ​ទទួល​ភ្ញៀវ​ពន្លឺ​មិន​លាក់​មុខ
*១១.​ មាន​ថ្នាំ​កែ​រោគ​បម្រុងទុក​មិន​ឲ្យខ្វះ​ពេល​ត្រូវ​ការ
*១២. មិន​ប្រាប់​ការសម្ងាត់​ដល់​អ្នក​ដទៃ
*១៣. មិន​ផ្ញើរបស់​ទុក​នឹង​បុគ្គល​មិន​គួរ​ផ្ញើ
*១៤. មាន​ចិត្ត​អត់ធន់​តស៊ូ​មិន​ញ៉ាក
*១៥. មាន​ភក្តី​ភាព​ចំពោះ​ចៅហ្វាយ​នាយ
*១៦.​ មិន​ចេះ​ឡឹក​ឡក់​ចំពោះ​ស្រី​ក្រមុំ
*១៧. ស្គាល់​ចំណេញ​ស្គាល់​ខាត
*១៨. រក​ប្រដាប់​តុប​តែង​ខ្លួន​ឲ​្យភរិយា​បុត្រ​ធីតា​ និង​ខ្លួនឯង
*១៩. មិន​ទិញ​ជឿ​នូវ​របស់​ប្រើ​ប្រាស់​គ្រប់​យ៉ាង
*២០.​ ដឹង​គុណ​ តប​គុណ​ សរសើរ​គុណ​ នៃ​អ្នក​មាន​គុណ
*២១. គោរព​តាម​ឱវាទ មាតា​បិតា​ញាតិមិត្រ​ និង​អ្នក​ប្រាជ្ញ
*២២. ចេះ​អត់​ទ្រាំ​ស្តាប់​ នូវ​ពាក្យ​ដែល​គេ​ស្តី​បន្ទោស​ប្រដៅ
*២៣. មាន​កាយ​វាចា​ សមរម្យ​មិន​ឆ្គង
*២៤. ឲ្យ​ដំណឹង​មនុស្ស​ក្នុង​ផ្ទះ​ហើយ​ ទើប​ចេញ​ទៅ
*២៥. ចេះ​វាយ​ប្រដៅ​កូន​ដោយ​រំពាត់​យ៉ាង​តូច
*២៦.​ ខឹង​ឆាប់​បាត់​មិន​ចង​កំហឹង​ទុក។

បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់​ពេញ​ទាំង​ ២៦ ហៅ​ថា​ប្រុស​គ្រប់​លក្ខណ៍​ បើ​មិន​ពេញ​លេញ​ទេ​ មាន​ខ្វះ​ខាតខ្លះ​ ហៅ​ថា​ប្រុស​ខាត​លក្ខណ៍​ បើ​មាន​តែ​ត្រង់​នេះ​ខ្លះ​ត្រង់​នោះ​ខ្លះរដាច់​រដោច​ ហៅ​ថា​ប្រុស​ដាច់​លក្ខណ៍​ ឬ​អា​កំបាក់​ទន្សា៕