ចំណេះដឹងទូទៅ៖ ក្រោយសង្គ្រាម ៦០ថ្ងៃ, ទោះសភាអាមេរិក មិនព្រមឲ្យបន្តសង្គ្រាម ក៏ប្រធានាធិបតីមានសិទ្ធិវេតូច្បាប់ ក្នុងការបន្តសង្គ្រាម

29-04-2026 20:24

(ភ្នំពេញ)៖ អត្ថបទមុន លោកអ្នកបានដឹងហើយថា សភាអាមេរិក គឺជាអង្គការដែលមានសិទ្ធិស្របច្បាប់ក្នុងការប្រកាសសង្គ្រាម ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ប្រធានាធិបតីតែងតែចាប់ផ្តើមសកម្មភាពយោធាជាមុន ហើយសភាសម្រេចចិត្តនៅពេលក្រោយថា តើត្រូវគាំទ្រពួកគេ ឬអត់។ ក្នុងន័យនេះ ច្បាប់ស្តីពីដំណោះស្រាយអំណាចសង្គ្រាម (War Powers Resolution) គឺជាច្បាប់អាមេរិក ដែលបានដាក់ចេញនៅឆ្នាំ១៩៧៣ ដើម្បីកំណត់អំណាចប្រធានាធិបតី ក្នុងការបញ្ជូនកងទ័ពអាមេរិក ទៅកាន់ទីតាំងជម្លោះយោធា ដោយគ្មានការអនុម័តពីសភា។

នៅក្រោមច្បាប់នេះ ប្រធានាធិបតីត្រូវតែជូនដំណឹងដល់សភាក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីចាប់ផ្តើមសកម្មភាពយោធា ហើយអាចបន្តបាន ៦០ថ្ងៃប៉ុណ្ណោះ។ បើសភាមិនយល់ព្រម ត្រូវតែបញ្ឈប់សកម្មភាព។ ទោះយ៉ាងណា ក្រោយសង្គ្រាម ៦០ថ្ងៃ ទោះសភាអាមេរិក មិនព្រមឲ្យបន្តសង្គ្រាម ក៏ប្រធានាធិបតីមានសិទ្ធិវេតូច្បាប់ ក្នុងការបន្តសង្គ្រាមដែរ។

តើការវេតូដំណើរទៅដូចម្តេច?
ក្រោមរដ្ឋធម្មនុញ្ញអាមេរិក ប្រធានាធិបតីមានសិទ្ធិវេតូច្បាប់ ដែលអនុម័តដោយសភា។ ប៉ុន្តែ សភាអាចបដិសេធសិទ្ធិវេតូនោះ ដោយប្រើសំឡេងភាគច្រើន ២ភាគ៣។

ដូចលោកអ្នកដឹងហើយ នៅក្នុងច្បាប់ស្តីពីដំណោះស្រាចអំណាចសង្គ្រាម ចែងថា ប្រធានាធិបតីត្រូវតែជូនដំណឹងដល់សភាក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីចាប់ផ្តើមសកម្មភាពយោធា ហើយអាចបន្តបាន ៦០ថ្ងៃប៉ុណ្ណោះ។ បើសភាមិនយល់ព្រម ត្រូវតែបញ្ឈប់សង្គ្រាម។

ប្រសិនបើសភាអាមេរិកអនុម័តច្បាប់ ដើម្បីបញ្ឈប់សកម្មភាពយោធា ប្រធានាធិតីអាចប្រើសិទ្ធិវេតូច្បាប់នោះ។ ប៉ុន្តែ សភាក៏អាចបដិសេធសិទ្ធិវេតូនោះដែរ បើមានសំឡេងគ្រប់គ្រាន់។

នៅក្នុងការអនុវត្តជាក់ស្តែង ដំណើរការទៅដូចម្តេច?
សភាអាមេរិក កម្ររកសំឡេងបានដល់ទៅ ២ភាគ៣ ដើម្បីបដិសេធសិទ្ធិវេតូណាស់។ សមាជិកសភាជួនកាល ជៀសវាងការប្រឈមមុខដាក់គ្នាដោយផ្ទាល់។ ម្យ៉ាងទៀត ប្រធានាធិបតី អាចតវ៉ាថា សកម្មភាពខ្លួន មិនមែនជា «អរិភាព» នៅក្រោមច្បាប់។ អីចឹង ទោះបីជាសភាមានអំណាច្បាប់ នៅក្នុងភាពជាក់ស្តែង ប្រធានាធិបតីតែងតែបន្តសកម្មភាពយោធា។

ក្នុងប្រវត្តិសាស្ត្រ ប្រធានាធិបតី លោក Richard Nixon បានប្រើប្រាស់សិទ្ធិវេតូ ក្នុងការអនុម័តច្បាប់ស្តីពីដំណោះអំណាចសង្គ្រាម នៅពេលច្បាប់នោះបានអនុម័ត។ ប៉ុន្តែ សភាបានបដិសេធសិទ្ធិវេតូនោះ​ នាំឲ្យច្បាប់នោះចូលជាធរមានរហូតមកដល់សព្វថ្ងៃ៕

អត្ថបទគួរអាន៖ ប្រធានាធិបតីអាមេរិក អាចចាប់ផ្តើមសកម្មភាពយោធាក្នុងករណីចាំបាច់ ប៉ុន្តែមិនអាចលើស៦០ថ្ងៃឡើយ បើគ្មានការយល់ព្រមពីសភា https://freshnews.com.kh/localnews/426028-2026-04-28-20-17-31