ចំណេះដឹងទូទៅ៖ សមាជិកអាស៊ានចំនួន៥ ដែលអនុវត្តកាតព្វកិច្ចយោធា
01-05-2026 20:26
(ភ្នំពេញ)៖ មានប្រទេសសមាជិកអាស៊ានចំនួន៥ ដែលអនុវត្តកាតព្វកិច្ចយោធា។ ប្រទេសទាំងនេះតម្រូវឱ្យពលរដ្ឋប្រុសដែលមានអាយុគ្រប់កំណត់ ត្រូវចូលបម្រើក្នុងជួរកងទ័ពតាមរយៈពេលដែលច្បាប់បានកំណត់ ដើម្បីការពារសន្តិសុខជាតិ និងបូរណភាពទឹកដី។
ប្រទេសអាស៊ានដែលអនុវត្តកាតព្វកិច្ចយោធា រួមមាន៖ ថៃ, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា និងសិង្ហបុរី។ ចំណែកឯកម្ពុជាវិញ កំពុងរៀបចំដាក់ឱ្យអនុវត្តឡើងវិញនៅឆ្នាំ២០២៦ ខាងមុខនេះ។
ប្រទេសចំនួន ៥ទៀត ក្នុងអាស៊ាន រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងទីម័រឡេស្តេ មិនអនុវត្តកាតព្វកិច្ចយោធាជាកំហិត គឺដោយសារពួកគេប្រើប្រាស់ ប្រព័ន្ធកងទ័ពស្ម័គ្រចិត្ត ឬមានកម្លាំងគ្រប់គ្រាន់ស្រាប់។
ខាងក្រោមនេះជាមូលហេតុសំខាន់ៗដែល ៥ប្រទេសនោះ មិនតម្រូវឱ្យមានការបម្រើទ័ពជាកំហិត៖
*មានចំនួនកងទ័ពស្ម័គ្រចិត្តគ្រប់គ្រាន់៖ ប្រទេសដូចជា ឥណ្ឌូណេស៊ី និង ហ្វីលីពីន មានប្រជាជនច្រើន ដែលធ្វើឱ្យមានអ្នកស្ម័គ្រចិត្តចូលបម្រើការងារក្នុងជួរកងទ័ពគ្រប់គ្រាន់តាមតម្រូវការការពារជាតិ ដោយមិនចាំបាច់ប្រើច្បាប់បង្ខំ។
*ការសន្សំសំចៃថវិកាជាតិ៖ ការបណ្តុះបណ្តាល និងការផ្តល់របបដល់កងទ័ពកំហិតក្នុងចំនួនច្រើនលើសលប់ អាចជាបន្ទុកចំណាយខ្ពស់ដល់ថវិកាជាតិ។ ជាក់ស្តែង ប្រទេសម៉ាឡេស៊ី ធ្លាប់មានកម្មវិធីបណ្តុះបណ្តាលយុវជន ប៉ុន្តែត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារបញ្ហាថវិកា។
*ការផ្តោតលើគុណភាព និងវិជ្ជាជីវៈ៖ ប្រទេសទាំងនេះយល់ឃើញថា កងទ័ពដែលចូលបម្រើការដោយការស្ម័គ្រចិត្ត មានឆន្ទៈ និងវិជ្ជាជីវៈខ្ពស់ជាងកងទ័ពដែលចូលដោយសារការបង្ខំតាមច្បាប់។
*សន្តិសុខជាតិមានស្ថិរភាព៖ ប្រទេសមួយចំនួនដូចជា ព្រុយណេ មានកម្លាំងកងទ័ពតូចតែទំនើប និងមិនសូវមានការគំរាមកំហែងពីខាងក្រៅខ្លាំង ទើបមិនចាំបាច់មានការកេណ្ឌទ័ពទ្រង់ទ្រាយធំ៕



