ចំណេះដឹងទូទៅ៖ តើចំណុចកណ្តាលនៃពិភពលោកនៅឯណា?

06-05-2026 12:29

(ភ្នំពេញ)៖ ចំណុចកណ្តាលផែនដី ឬចំណុចកណ្តាលនៃពិភពលោក អាចមានអត្ថន័យខុសៗគ្នា ទៅតាមការកំណត់ផ្នែកភូមិសាស្ត្រ ព្រោះផែនដីមានរាងមូល (ស្វ៊ែរ) ដែលមិនមានចំណុចកណ្តាលនៅលើផ្ទៃនោះទេ។ បើផ្អែកតាមការគណារបស់វិទ្យាសាស្ត្រ តើចំណុចកណ្តាលផែនដី ស្ថិតនៅប្រទេសណា លើពិភពលោក?

ចំណុចដែលតែងតែលើកយកមកនិយាយ

*ចំណុចកណ្តាលនៃផ្ទៃដីគោក (Geographic Center of Landmass)៖ តាមការគណនាបែបវិទ្យាសាស្ត្រ ដើម្បីរកចំណុចកណ្តាលនៃផ្ទៃដីគោកទាំងអស់លើពិភពលោក ចំណុចនោះគឺស្ថិតនៅក្នុងប្រទេសទួរគី (Turkey)។ ទីតាំងវានៅស្រុក İskilip ក្នុងខេត្ត Çorum។ ការគណនា នោះគឺកាលពីឆ្នាំ១៩៧៣ និងឆ្នាំ២០០៣ អ្នកវិទ្យាសាស្ត្របានប្រើប្រាស់ទិន្នន័យផែនទីឌីជីថល ដើម្បីរកចំណុចដែលមានតុល្យភាពបំផុតរវាងទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។

*ចំណុចប្រសព្វនៃខ្សែរយៈទទឹង និងរយៈបណ្តោយសូន្យ (0°, 0°)៖ ចំណុចនេះត្រូវបានគេហៅថា Null Island ដែលជាចំណុចប្រសព្វរវាងខ្សែអេក្វាទ័រ (Equator) និងខ្សែរ៉ាដ្យង់ដើម (Prime Meridian)។ ទីតាំងវាស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិក ឈូងសមុទ្រហ្គីណេ (Gulf of Guinea) ក្បែរឆ្នេរសមុទ្រនៃប្រទេសហ្គាណា។ វាគឺជាចំណុចយោងដ៏សំខាន់សម្រាប់ប្រព័ន្ធ GPS និងការធ្វើផែនទីពិភពលោក។

*ជំនឿ និងប្រវត្តិសាស្ត្រក្នុងប្រវត្តិសាស្ត្រ ក៏មានការយល់ឃើញផ្សេងៗគ្នាអំពីចំណុចផែនដីផងដែរ៖ នៅប្រទេសអេហ្ស៊ីប អ្នកស្រាវជ្រាវខ្លះកាលពីអតីតកាលជឿថា មហាពីរ៉ាមីដហ្គីហ្សា (Great Pyramid of Giza) គឺជាចំណុចកណ្តាលនៃដីគោករបស់ផែនដី។ ទីក្រុងឡុងដ៍ (អង់គ្លេស) ក្នុងតំបន់ Greenwich ត្រូវបានចាត់ទុកជាចំណុចកណ្តាល (0° Longitude)។ អារ៉ាប៊ីសាអូឌីត ក្នុងជំនឿសាសនាឥស្លាម ទីក្រុងមេក្កា (Mecca) ត្រូវបានគេជឿថាជាចំណុចកណ្តាលនៃផែនដី។

សូមជម្រាបថា ប្រសិនបើផ្អែកលើការគណនាផ្ទៃដីគោក វាស្ថិតនៅប្រទេសទួរគី ប៉ុន្តែបើតាមប្រព័ន្ធកូអរដោនេផែនទី វាស្ថិតនៅក្បែរប្រទេសហ្គាណា ក្នុងមហាសមុទ្រ។ នេះក៏ព្រោះថា កាលពីឆ្នាំ១៩៧៣ រូបវិទូ Andrew J. Woods បានរកឃើញចំណុចកណ្តាលនេះ ស្ថិតនៅក្បែរទីក្រុងអង់ការ៉ា (Ankara) ប៉ុន្តែនៅឆ្នាំ២០០៣ ការគណនាថ្មី ដោយប្រើបច្ចេកវិទ្យាទំនើបជាងមុនបានរំកិលចំណុចនេះទៅកាន់ខេត្ត Çorum វិញ។ មូលហេតុចំណុចនេះត្រូវបានគេចាត់ទុកជា «ផ្ចិតផែនដី» ព្រោះវាជាចំណុចដែលមានតុល្យភាពបំផុតនៃផ្ទៃដីគោកទាំងអស់លើភពផែនដី (Geographic Center of Landmass)។ទោះជាយ៉ាងណា ប្រសិនបើគេគិតតាមកូអរដោនេសូន្យ (0,0) ដែលជាចំណុចប្រសព្វនៃខ្សែអេក្វាទ័រ និងខ្សែរ៉ាដ្យង់ដើម នោះវានឹងស្ថិតនៅ មហាសមុទ្រអាត្លង់ទិក ឈូងសមុទ្រហ្គីណេ ក្បែរឆ្នេរសមុទ្រនៃប្រទេសហ្គាណា (Ghana)។

ប្រវត្តិការស្វែងរកចំណុចកណ្តាលនៃផ្ទៃដីផែនដី

*ការគណនាដំបូងដោយប្រើដៃ (ឆ្នាំ១៨៦៤)៖ លោក Charles Piazzi Smyth ដែលជាតារាវិទូជនជាតិស្កុតឡែន បានព្យាយាមរកចំណុចកណ្តាលនៃផ្ទៃដីគោកជាលើកដំបូង។ តាមរយៈការវាស់វែងលើផែនទីសម័យនោះ លោកបានសន្និដ្ឋានថា ចំណុចកណ្តាល គឺស្ថិតនៅពីរ៉ាមីដហ្គីហ្សា (Great Pyramid of Giza) ក្នុងប្រទេសអេហ្ស៊ីប។ លោកយល់ថា សំណង់នេះត្រូវបានសង់ឡើងនៅចំចំណុចប្រសព្វនៃផ្ទៃដីគោកច្រើនបំផុត។

*ការគណនាដោយរូបវិទូ Andrew J. Woods (ឆ្នាំ១៩៧៣)៖ ជាងមួយសតវត្សក្រោយមក លោក Andrew J. Woods បានប្រើប្រាស់ការគណនាបែបគណិតវិទ្យាកាន់តែស៊ីជម្រៅ។ លោកបានបែងចែកផ្ទៃដីទាំងអស់លើលោកជាចំណុចតូចៗ រួចរកចំណុចមធ្យមដែលមានតុល្យភាពបំផុត។ លទ្ធផលរបស់លោកបានបង្ហាញថា ចំណុចកណ្តាល គឺស្ថិតនៅតំបន់ជិតទីក្រុងអង់ការ៉ា (Ankara) ប្រទេសទួរគី។

*បច្ចេកវិទ្យាឌីជីថល និងការរកឃើញចុងក្រោយ (ឆ្នាំ២០០៣)៖ នៅឆ្នាំ ២០០៣ លោក Holger Isenberg បានប្រើប្រាស់ទិន្នន័យពី Global Digital Elevation Model (ដែលជាទិន្នន័យកម្ពស់ដីបានមកពីផ្កាយរណប)។ តាមរយៈការគណនាដោយកុំព្យូទ័រដ៏ហ្មត់ចត់លើផ្ទៃដីគោកទូទាំងពិភពលោក (រួមទាំងទ្វីបអង់តាក់ទិកផងដែរ) លទ្ធផលបានបង្ហាញទីតាំងថ្មីដែលច្បាស់លាស់ជាងមុន គឺស្ថិតនៅទីតាំង ៤០°៥២′N ៣៤°៣៤′E ទីកន្លែងស្រុក İskilip ក្នុងខេត្ត Çorum ប្រទេសទួរគី។

ហេតុអ្វីបានជាទីតាំងនេះប្រែប្រួល?

មូលហេតុដែលទីតាំងនេះផ្លាស់ប្តូរពីអេហ្ស៊ីប មកទួរគី គឺដោយសារភាពច្បាស់លាស់នៃផែនទី។ កាលពីមុន យើងមិនទាន់ស្គាល់ទំហំដីគោកនៃទ្វីបទាំងអស់ច្បាស់លាស់ (ដូចជាអង់តាក់ទិក ឬកោះតូចៗ)។ ការប្រើប្រាស់កុំព្យូទ័រ ដែលជាបច្ចេកវិទ្យាថ្មីអាចគណនាផ្ទៃដីរាប់លានចំណុចក្នុងពេលតែមួយ ដែលខុសពីការវាស់ដោយដៃលើផែនទីសំប៉ែត។ បច្ចុប្បន្ន អាជ្ញាធរក្នុងខេត្ត Çorum បានរៀបចំតំបន់នោះជាកន្លែងទាក់ទាញទេសចរណ៍ និងបានដាក់ស្លាកសញ្ញាបញ្ជាក់ថាជា «ចំណុចកណ្តាលនៃពិភពលោក» ទៀតផង៕