ចំណេះដឹងទូទៅ៖ មកស្គាល់សិលាចារឹករកឃើញថ្មី នៅទួលប្រាសាទកជ្រៃ ខេត្តបន្ទាយមានជ័យ

18-05-2026 20:24

(បន្ទាយមានជ័យ)៖ ទួលប្រាសាទកជ្រៃ មានទីតាំងស្ថិតនៅភូមិព្រះអណ្តូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយ ៣,៧ គីឡូម៉ែត្រ ប៉ែកឦសានប្រាសាទភ្នំកូនខ្លែង។ បច្ចុប្បន្ន ប្រាសាទនេះបានបាក់បែកនៅសល់តែគ្រឹះប៉ុណ្ណោះ ប៉ុន្តែមាននៅសល់វត្ថុសិល្បៈធ្វើអំពីថ្មភក់ជាច្រើន។

គួរឱ្យចាប់អារម្មណ៍ នៅខែមេសា ឆ្នាំ២០២៦ លោក ចាន់ អឿន អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ បានប្រទះឃើញសិលាចារឹកថ្មីមួយដែលចារឹកនៅលើជើងទម្រព្រះប្រតិមា ក្នុងអំឡុងពេលចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពបុរាណដ្ឋាននេះ ដើម្បីធ្វើបច្ចុប្បន្នភាពសាជាថ្មី។ បន្ទាប់ពីបានរកឃើញ លោក ចាន់ អឿន និងលោក គី បញ្ញារិទ្ធិ អនុប្រធានការិយាល័យសារមន្ទីរ បានរាយការណ៍ព័ត៌មាននេះមកកាន់ខ្ញុំ ហើយខ្ញុំបាទបានចុះទៅធ្វើសំណៅផ្តិតដល់ទីតាំងផ្ទាល់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។

តើសិលាចារឹករកឃើញថ្មីនៅទួលប្រាសាទកជ្រៃ ខេត្តបន្ទាយមានជ័យ មានខ្លឹមសារ និងអត្ថន័យដូចម្តេចខ្លះ?

លោក កំ វណ្ណារ៉ា បានឲ្យដឹងថា ដោយសារតែជើងទម្រថ្មភក់នេះបាក់បែកជាបំណែកទៅហើយ អក្សរចារឹកបានបាក់បែកជាបំណែក និងខ្លះទៀតស្ថិតនៅជាប់ជាមួយជើងទម្រនៅឡើយ។ ផ្នែកខ្លះចារឹកនៅលើគែមខាងលើនៃទម្រ (ក្បាល) និងផ្នែកខ្លះទៀតចារឹកនៅលើក្បាច់បន្ទះត្រង់នៅចំពាក់កណ្តាល (តួ)។ នៅគែមខាងលើ (ក្បាលជើងទម្រ) ចារឹកជាភាសាខ្មែរបុរាណ ក្នុងទម្រង់ជាអក្សរជ្រៀងនៃស.វ.ទី១២ ដោយមានអក្សរចំនួន ២ផ្នែក ហើយក្នុងនោះផ្នែកទី១មានចំនួន ២បន្ទាត់ និងផ្នែកទី២ មានចំនួន ១បន្ទាត់។ ក្នុងចំណោមអក្សរទាំងនោះ មានផ្នែកខ្លះរលុបបាត់ដោយអន្លើ នាំឱ្យពិបាកអាន។ រីឯ នៅក្បាច់បន្ទះត្រង់ចំពាក់កណ្តាលទម្រ (តួ) ចារឹកអក្សរចំនួន ២ផ្នែក ពោល គឺផ្នែកទី១ ចារជាភាសាសំស្រ្កឹតមានចំនួន ២បន្ទាត់ (ស្មើ ១ ស្លោក) និងផ្នែកទី២ ចារជាភាសាខ្មែរ​ចំនួន ១បន្ទាត់។

ដោយសារតែអក្សរចារឹកនៅគែមខាងលើរលុបបាត់ដោយអន្លើ ផ្នែកខាងលើដែលនៅសេសសល់ គឺគ្រាន់តែឱ្យយើងដឹងអំពីតង្វាយជាមូលនិធិសម្រាប់ប្រាសាទតែប៉ុណ្ណោះ ព្រោះពាក្យនៅសល់មានដូចជា ភូមិវោ, ស្រេវ្នុរ (ស្រែទួល) ជាដើម។ រីឯផ្នែកខាងក្រោម រៀបរាប់អំពីការប្រារព្ធពិធីទក្ឞិណោទក (ច្រូចទឹក ឬទឹកទក្ឞិណោទក) ថ្វាយដល់ព្រះប្រតិមា។

ចំណែក អក្សរនៅផ្នែកកណ្តាលដែលចារឹកជាភាសាសំស្រ្កឹតនិងខ្មែរនោះ គឺនាំឱ្យយើងដឹងថា ជើងទម្រ ឬបល្ល័ង្កនេះ គឺជាបល្ល័ង្កសម្រាប់តម្កល់ពុទ្ធបដិមា (ទេពក្នុងព្រះពុទ្ធសាសនា) ព្រោះបានបង្ហាញថា ព្រះប្រតិមា «ព្រះមុនិន្រ្ទ» ដែលជាព្រះនាមរបស់ព្រះពុទ្ធ «មហាត្មា» (មានខ្លួន ឬអាត្ម័នដ៏មហាសាល) ទ្រង់មានព្រះកិត៌ិនាម ឬពិសិដ្ឋ ហើយទ្រង់គង់នៅក្រោមពោធិមណ្ឌល។ បន្ថែមពីនេះ គេបញ្ជាក់ថា ពុទ្ធប្រតិមានេះបានស្ថាបនាឡើងដោយអ្នកដែលមិនជាប់ជំពាក់នឹងផលប្រយោជន៍ខ្លួនឯង មាននាមថា «វសុទេវ» រួមជាមួយសប្បុរសជនជាច្រើននាក់ទៀត។ ដូច្នេះហើយ ខ្លឹមសារសិលាចារឹកនៅគែមខាងលើ (ផ្នែកខាងក្រោម) ដែលរៀបរាប់អំពីពិធីទក្ឞិណោទក (ពិធីច្រូចទឹក) គឺប្រហែលជាធ្វើទៅលើពុទ្ធប្រតិមានេះឯង (ព្រះមុនិន្រ្ទ)។

ជារួមមក សិលាចារឹករកឃើញថ្មីនៅប្រាសាទកជ្រៃ ខេត្តបន្ទាយមានជ័យ គឺជាប្រភពពត៌មានដែលផ្តល់ឱ្យយើងដឹងថា ជើងទម្រ ឬបល្ល័ង្កនេះ ជាវត្ថុតម្កល់ប្រតិមាព្រះពុទ្ធអង្គដែលមានព្រះនាមថា «ព្រះមុនីន្រ្ទ» ដែលជាប្រតិមាស្ថាបនាឡើងដោយអ្នកប្រាជ្ញម្នាក់ឈ្មោះ «វសុទេវ» និងសប្បុរសជនជាច្រើនទៀត។ ម្យ៉ាងវិញទៀត សិលាចារឹកនេះ ក៏ជាប្រភពឱ្យយើងដឹងថា បុរាណដ្ឋានដែលសព្វថ្ងៃកំពុងបាក់បែកនេះ គឺពីមុនមកជាទេវស្ថានព្រះពុទ្ធសាសនាមហាយាន នៅស.វ.ទី១២៕