ចំណេះដឹងទូទៅ៖ ទោសប្រហារជីវិតសម្រាប់ទណ្ឌិតសម័យបុរាណ

22-05-2026 23:45

(ភ្នំពេញ)៖ ទោសប្រហារជីវិតសម្រាប់ទណ្ឌិតនៅសម័យបុរាណ មានភាពឃោរឃៅខ្លាំងណាស់។ នៅសម័យបច្ចេកវិទ្យានេះ គេមិនឃើញមានទារុណកម្មយកមកប្រើសម្រាបសម្លាប់ទណ្ឌិតទៀតទេ។ នៅសម័យនេះ កុំថាឡើយធ្វើទារុណកម្មសម្លាប់មនុស្ស សូម្បីតែការសម្លាប់សត្វយកមកបរិភោគសព្វថ្ងៃ ក៏គេមិនឲ្យមានទង្វើព្រៃផ្សៃដែរ។

ខាងក្រោមនេះ គឺជាទោសប្រហារជីវិតសម្រាប់ទណ្ឌិតសម័យបុរាណ ដែលយោងប្រភពសៀវភៅ «នីតិព្រហ្មទណ្ឌទូទៅ» របស់លោក រុន ពណ្ណារិទ្ធ និងលោកស្រី ចាំង ស៉ីណាត ព្រមទាំងសៀវភៅ «ការស្រាវជ្រាវច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីរបស់កម្ពុជា» របស់លោក អាដេម៉ា ឡឺក្លែរ៖

*១- អ្នកប្រហាជីវិត៖ ត្រូវធ្វើឲ្យទណ្ឌិតមានរបួសយ៉ាងធ្ងន់ជាមុន បណ្តាលឲ្យមានឈាមហូរចេញមកពីក្បាល ហើយយកទណ្ឌិតទៅដាក់លើបន្ទះដែក ដុតឡើងក្រហម បន្ទាប់មកទៀតទុកឲ្យទណ្ឌិតនៅលើបន្ទះដែកនោះរហូតដល់ឆេះអស់សាច់ឈាមនៅសល់តែឆ្អឹងប៉ុណ្ណោះ។
*២- អ្នកប្រហារជីវិត៖ ត្រូវពន្លាត់ស្បែកក្បាលរបស់ទណ្ឌិត ដើម្បីឲ្យស្បែកក្បាលនោះធ្លាក់គ្របមុខឲ្យជិត។
*៣- អ្នកប្រហារជីវិត៖ ត្រូវចាក់ប្រេងទៅក្នុងមាត់របស់ទណ្ឌិត រួចទុកឲ្យមាត់នៅបើកចំហរដោយដាក់ដំបងមួយជាចន្ទល់ បន្ទាប់មកទើបយកភ្លើងមក ដុតមាត់របស់ទណ្ឌិតឲ្យឆេះសន្ធោសន្ធៅឡើង។
*៤៖ អ្នកប្រហារជីវិត៖ ត្រូវពុះមាត់ទណ្ឌិតឲ្យរយះចេញជាពីរទាំងសងខាង រហូតដល់ទៅត្រចៀក រួចហើយទុកឲ្យចំហចោលរហូតដល់ទណ្ឌិតនោះ ស្លាប់បាត់បង់ជីវិត។
*៥- អ្នកប្រហារជីវិត៖ ត្រូវចងម្រាមដៃទាំងដប់របស់ទណ្ឌិតនឹងក្រណាត់ដែលជ្រលក់ប្រេងឲ្យជោគ បន្ទាប់មកក៏ដុតទណ្ឌិតឲ្យឆេះស្លាប់បាត់បង់ជីវិតតែម្តង។
*៦- អ្នកប្រហារជីវិត៖ វះជូតសាច់ទណ្ឌិតចាប់តាំងពីដើមករហូតមកដល់ភ្នែកគោល បន្ទាប់មកក៏វាយដំអ្នកទោសរហូតដល់ស្លាប់បាត់បង់ជីវិត។
*៧- អ្នកប្រហារជីវិត៖ ត្រូវពន្លាត់ស្បែកអ្នកទោសពីដើមករហូតមកដល់ចង្កេះ រួចហើយក៏យកស្បែកដែលពន្លាត់បាននោះមកគ្របផ្នែកខាងក្រោម របស់ទណ្ឌិត។
*៨- អ្នកប្រហារជីវិត៖ ត្រូវយកច្បូកដែកមកចាក់លើខ្លួនរបស់ទណ្ឌិតឲ្យផ្ទប់ទៅនឹងដីជាប់ ដើម្បីកុំឲ្យអ្នកទោសរើរួចខ្លួន បន្ទាប់មកយកភ្លើងមកដុតអ្នក ទោសនោះឲ្យឆេះរហូតដល់ស្លាប់បាត់បង់ជីវិត។
*៩- អ្នកប្រហារជីវិត៖ ត្រូវយកកាំបិតប៉័ងតោពន្លះយកសាច់ទណ្ឌិតបន្តិចម្តងៗឲ្យមានដំបៅជាច្រើនកន្លែង រហូតទាល់តែអ្នកទោសស្លាប់បាត់បង់ជីវិត។
*១០- អ្នកប្រហារជីវិត៖ ត្រូវយកកាំបិតមកកាត់សាច់ជើងរបស់ទណ្ឌិតបន្តិចម្តងៗរហូតដល់នៅសល់តែឆ្អឹងប៉ុណ្ណោះ។

*១១- អ្នកប្រហារជីវិត៖ ត្រូវយកកាំបិតមកពន្លះសាច់របស់អ្នកទោស ហើយក៏យកស្និតដែកចាក់លើខ្លួនរបស់អ្នកទោសរហូតដល់នៅសល់តែឆ្អឹង ប៉ុណ្ណោះ។
*១២- អ្នកប្រហារជីវិត៖ ដាក់អ្នកទោសឲ្យអង្គុយចុះ រួចហើយយកបន្ទះដែកស្រួចចាក់លើក្បាលរបស់ទណ្ឌិតឲ្យធ្លាយពីត្រចៀកម្ខាងទៅត្រចៀកម្ខាងទៀត។
*១៣- អ្នកប្រហារជីវិត៖ យកដុំថ្មវាយបំបែកឆ្អឹងរបស់អ្នកទោស ក៏ប៉ុន្តែមិនបកស្បែក ឬសាច់អ្នកទោសទេ បន្ទាប់មកក៏យកអ្នកទោសទៅពត់រុំឲ្យដូចជា កញ្ចប់មួយ រួចហើយយកទៅបោះចោល។
*១៨- អ្នកប្រហារជីវិត៖ យកប្រេងក្តៅស្រោចទៅលើអ្នកទោសរហូតដល់ស្លាប់បាត់បង់ជីវិត។
*១៥- អ្នកប្រហារជីវិត៖ យកឆ្កែដែលអត់ចំណីយូរមកហើយ ឲ្យមកខាំសាច់របស់អ្នកទោស រហូតដល់នៅសល់តែឆ្អឹងប៉ុណ្ណោះ។
*១៦- អ្នកប្រហារជីវិត៖ យកពូថៅពុះបំបែកខ្លួនប្រាណរបស់អ្នកទោស។
*១៧- អ្នកប្រហារជីវិត៖ ចាក់អ្នកទោសនឹងលំពែងរហូតដល់ស្លាប់បាត់បង់ជីវិត។
*១៨- អ្នកប្រហារជីវិត៖ ជីករណ្តៅមួយកប់អ្នកទោសទាំងរស់ រហូតដល់ត្រឹមចង្កេះ បន្ទាប់មកយកចំបើងគ្របពីលើរួចក៏ដុតភ្លើងឲ្យឆេះ។ នៅខណៈដែលអ្នកទោសឆេះខ្លួនរហូតដល់ឡើងពងស្បែកហើយ អ្នកប្រហារជីវិតយកនង្គ័លដែកទៅបោះលើរាងកាយរបស់អ្នកទោសរហូតដល់ខ្ទេច រាងកាយតែម្តង។
*១៩- អ្នកប្រហារជីវិត៖ ពន្លះយកសាច់របស់អ្នកទោសយកទៅឆានឹងប្រេង រួចហើយបង្ខំឲ្យអ្នកទោសបរិភោគសាច់នោះឲ្យអស់។
*២០- អ្នកប្រហារជីវិត៖ យកដំបងមកវាយសំពងអ្នកទោសរហូតដល់ស្លាប់បាត់បង់ជីវិត។
*២១- អ្នកប្រហារជីវិត យកផ្តៅមានបន្លាមកវាយអ្នកទោសរហូតដល់ស្លាប់បាត់បង់ជីវិត៕
រៀបរៀងដោយ៖ ឡោ ក្រឹម