ចំណេះដឹងទូទៅ៖ អ្នកប្រើប្រាស់កម្មវិធីកុំព្យូទ័រ ដែលមានមិនអាជ្ញាបណ្ណ ប្រឈមនឹងការបាត់បង់ឯកសារទាំងស្រុង
25-05-2026 20:50
(ភ្នំពេញ)៖ ជាទូទៅអ្នកប្រើប្រាស់កុំព្យូទ័រភាគច្រើននៅកម្ពុជា តែងតែមានទម្លាប់ក្នុងការប្រើប្រាស់កម្មវិធីកុំព្យូទ័រ ដែលមានមិនអាជ្ញាបណ្ណ ឬយើងតែហៅថា Crack ឬ Patch ជាដើម។ មូលហេតុចម្បង គឺដោយសារតែក្រុមហ៊ុន ឬអ្នកប្រើប្រាស់ភាគច្រើនមិនមានថវិការគ្រប់គ្រាន់ក្នុងការទិញអាជ្ញាបណ្ណកម្មវិធីទាំងនោះ ឬមិនមានការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់កម្មវិធីទាំងនោះ។
កាលពី៥ឆ្នាំមុន ការប្រើប្រាស់កម្មវិធី Crack គឺភាគច្រើនមិនមានជួបបញ្ហាធំដុំនោះទេ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ គឺវាក្លាយទៅជាបញ្ហាប្រឈមមួយដ៏ធំសម្រាប់ក្រុមហ៊ុន និងអ្នកប្រើប្រាស់។
លោក អ៊ូ ផាន់ណារិទ្ធ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) បានឲ្យដឹងថា បញ្ហានេះក៏ព្រោះតែ៖
*១. តើកុំព្យូទ័រមួយណានាពេលបច្ចុប្បន្ននេះ មិនមានភ្ជាប់ទៅអ៉ិនធឺណិត?
*២. តើមានក្រុមហ៊ុនមួយណាដែលមិនប្រើប្រាស់អ៉ិនធឺណិត ឬបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួលដល់ការងារធុរកិច្ចរបស់ខ្លួន?
នៅពេលដែលអ្នកចុចទៅលើ Crack file, អ្នកវាយប្រហារ (អ្នកដែលបង្កើត crack) នឹងមានលទ្ធភាពក្នុងការគ្រប់គ្រងកុំព្យូទ័ររបស់អ្នកទាំងស្រុង ឬអាចតំឡើងមេរោគចាប់ជម្រិតរួចទាមទារឱ្យអ្នកធ្វើការបង់ប្រាក់ ដើម្បីទទួលបានឯកសារមកវិញ។ បើកុំព្យូទ័រនោះស្ថិតនៅក្នុងបណ្តាញតែមួយនៅក្នុងក្រុមហ៊ុនរបស់អ្នក កុំព្យូទ័រទាំងអស់នៅក្នុងបណ្តាញនោះ អាចទទួលរងគ្រោះទាំងអស់។
សម្រាប់អ្នកដែលមិនទាន់ទទួលរងគ្រោះដោយមេរោគចាប់ជម្រិតនោះទេ សូមអនុវត្តតាមចំណុចល្អៗដូចខាងក្រោម៖
*១. ជៀសវាងការប្រើប្រាស់កម្មវិធីដែលមិនមានអាជ្ញាបណ្ណបើសិនជាអាចធ្វើទៅបាន
*២. កុំទាញយកកម្មវិធីពីប្រភពមិនច្បាស់លាស់ (មិនមែនជាវេបសាយ របស់កម្មវិធីនោះ)
*៣. កុំបើកមើល attachment ជាមួយនឹងអ៉ីម៉ែលដែលមានប្រភពមិនច្បាស់លាស់
*៤. ធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់អ្នកជាប្រចាំ និងប្រើប្រាស់កម្មវិធីទប់ស្កាត់ និងកម្ចាត់មេរោគ
*៥. ធ្វើការថតចម្លងឯកសាររបស់អ្នកទុក (មិនឱ្យភ្ជាប់ជាមួយនឹង network ឡើយ)។
មានតែខ្លួនអ្នកទេ ដែលអាចការពារមិនឱ្យមានការឆ្លងមេរោគនេះបាន៕



