ចំណេះដឹងទូទៅ៖ ពាក្យ «ស្វាង» មិនមានប្រភពមកពីសៀមទេ
05-06-2026 22:58
(ភ្នំពេញ)៖ លោកបេក្ខជនបណ្ឌិត ហ៊ុន ឈុនតេង បានចេញផ្សាយអត្ថបទមួយ ដោយមានចំណងជើងថា ពាក្យ «ស្វាង» មិនមានប្រភពមកពីសៀមទេ។
ពាក្យ «ស្វាង» មានប្រើប្រាស់នៅក្នុងភាសាខ្មែរ ភាសាថៃ ( សវា់ង สว่าง) និងភាសាលាវ (សៈហ្វ់ាង ສະຫວ່າງ)។ ពាក្យនេះមានប្រើក្នុងនាមខត្តិយវង្សក្នុងភាសាលាវ ដូចជា ព្រះចៅមហាជីវិតស្រីស្វាងវឌ្ឍនា (ພະເຈົ້າມະຫາຊີວິດສີສະຫວ່າງວັດທະນາ)ជាអង្គមហាក្សត្រលាវចុងក្រោយជាដើម។
នៅក្នុងវចនានុក្រមខ្មែរ ចេញផ្សាយគ្រាទី៥ ដោយពុទ្ធសាសនបណ្ឌិត្យ ពន្យល់ប្រភព ពាក្យ «ស្វាង» ថាមកពីភាសាសៀម «សវ់ាង» (អានថា សៈវ៉ាង)។ ចំណែកឯវចនានុក្រមខ្មែរ ចេញផ្សាយដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ចែកពាក្យ «ស្វាង» ជាមេពាក្យ២ផ្សេងគ្នា ដោយហាក់ដូចជាចាត់ទុកមេពាក្យទី១ ជាពាក្យខ្មែរ និងមេពាក្យទី២ ជាពាក្យមានប្រភពចេញពីភាសាសៀម ដោយអនុលោមតាមវចនានុក្រមខ្មែរ ចេញផ្សាយដោយពុទ្ធសាសនបណ្ឌិត្យកន្លងមក។
រីឯវចនានុក្រមភាសាថៃ របស់រាជបណ្ឌិត្យស្ថាន វចនានុក្រមពាក្យកម្ចីភាសាខ្មែរក្នុងភាសាថៃ និងវចនានុក្រមភាសាឡាវ ពុំមានដាក់បញ្ជាក់ថាមានពាក្យនេះមានប្រភពមកភាសាខ្មែរឡើយ។ យ៉ាងនេះក្ដី ពាក្យនេះមានប្រទះឃើញក្នុងសិលាចារឹកខ្មែរតាំងពីសម័យមុនអង្គរមកម្ល៉េះ។
នៅក្នុងអត្ថបទនេះ នឹងលើកយកពាក្យ «ស្វាង» តាមរយៈតឹកតាងសិលាចារឹក និងទិដ្ឋភាពភាសាវិទ្យា ដើម្បីបញ្ជាក់ថា ពាក្យ «ស្វាង» ជាពាក្យខ្មែរ ពុំមានប្រភពមកពីភាសាសៀមនោះទេ។
១៖ អត្ថន័យពាក្យ
ពាក្យ «ស្វាង» មានថ្នាក់ពាក្យជាគុណនាម មានន័យដូចខាងក្រោម៖
*ភ្លឺ ភ្លឺស្រឡះ។ ឧ. ស្វាងឯកើត = ភ្លឺឯកើត (អរុណោទ័យ)។
*ដែលអន់, ដែលធូរស្បើយ, ស្រាក។ ឧ. ស្វាងងងុយ, ស្វាងពីប្រកាច់, ស្វាងដឹង ស្រវឹងភ្លើ!។
នៅក្នុងភាសាថៃ ពាក្យ «ស្វាង» ប្រើជាគុណនាមសំដៅដល់ពេលព្រលឹមស្រាងៗ, ភ្លឺច្បាស់ល្អ មានពន្លឺច្រើន, ភ្លឺថ្លា (បញ្ញា), ភ្លឺ ច្បាស់ (ភ្នែក ត្រចៀក), អន់ងងុយ។ ឯក្នុងភាសាលាវ ក៏មានន័យប្រហាក់ប្រហែលគ្នានេះដែរ គឺប្រើជាគុណនាម មានន័យថា ដែលភ្លឺ ដែលមានពន្លឺ ដែលភ្លឺល្អ ដែលពេញដោយពន្លឺ និងប្រើជាកិរិយាសព្ទដែរ មានន័យថា ដល់ព្រលឹមស្រាងៗ ភ្លឺល្អ ពេញពន្លឺ។
យើងអាចសរុបន័យពាក្យ «ស្វាង» ទាំងក្នុងភាសាខ្មែរ ថៃ និងលាវ គឺទាក់ទងនឹងពន្លឺដែលចាប់ភ្លឺខ្លាំងទៅៗ។ ឯន័យថាអន់ ធូរស្បើយ ស្រាក ជាសមាសភាគន័យដែលទាក់ទងនឹងភាពផ្ទុយច្រាសពីងងឹត។ សភាពងងុយងោក ធ្វើឲ្យភ្នែកយើងមីរទន់ត្របកភ្នែក បិទភ្នែកម្ដងៗ ដែលនាំឲ្យភ្នែកមើលមិនច្បាស់ឬមិនឃើញ ពោលគឺងងឹត។ ស្វាងងងុយ គឺអារម្មណ៍ចាប់ផ្ដើមធូរស្រាល លែងទន់ភ្នែក ចាប់បើកភ្នែកមើលបានភ្លឺថ្លាជាងមុន។ល។
២៖ ភស្ដុតាងតាមរយៈសិលាចារឹក
បើពិនិត្យមើលនៅក្នុងសិលាចារឹកភាសាខ្មែរបុរាណ ពាក្យនេះមានវត្តមានតាំងពីសម័យមុនអង្គរនេះរួចទៅហើយ និងបន្ដមានវត្តមាននៅសម័យអង្គរ ព្រមទាំងសម័យកណ្ដាលផងដែរ ដែលប្រើក្នុងន័យដូចបច្ចុប្បន្នផង និងប្រើជាឈ្មោះមនុស្សផង។ ដូច្នេះ ពាក្យនេះមានប្រើនៅក្នុងភាសាខ្មែរ តាំងពីដើមរៀងមកឥតដាច់នោះឡើយ។ នៅក្នុងសិលាចារឹកពាក្យនេះ មានសំណេរជា៖ ស្វាង៑ សិវាង៑ និងមានពាក្យកម្លាយជា សង៑ហ្វង៑ សង៑ហ្វាង៑។
នៅក្នុងសិលាចារឹកត្រពាំងប្រី K.១២៧ ចុះកាលបរិច្ឆេទមហាសករាជឆ្នាំ ៦០៤ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ៦២៨ ឬ ៦២៩ មានប្រភពមកពីស្រុកសំបូរ ខេត្តក្រចេះ ដែលល្បីល្បាញពីវត្តមានសញ្ញាលេខសូន្យដែលមានចំណាស់នោះ ក៏មានប្រើពាក្យនេះដែរ គឺនៅត្រង់បន្ទាត់ទី១១ ដូចមានក្នុងឃ្លាដកស្រង់នេះ៖ […] គិតស្វាង៑គិតទិវសញ្ចារស្ឋិតនៅ […] ដែលសម្រួលជាភាសាខ្មែរទំនើបថា «គឺ(អ្នក)ដែលភ្លឺស្វាង(អ្នកអស់មន្ទិល អ្នកត្រាស់ដឹង) (គឺអ្នកនោះ) ទៅកាន់ស្ថានសួគ៌»។ ពាក្យ «ស្វាង» នៅក្នុងសិលាចារឹកខាងលើនេះ សំដៅដល់សេចក្ដីអស់នូវមន្ទិលសៅហ្មង ភ្លឺយល់ច្បាស់នូវកុសលនិងអកុសលជាដើម។ យើងអាចយល់បានថា អកុសល បាបកម្មជាដើម គឺជាសេចក្ដីខ្មៅងងឹត។ ដូច្នេះ អ្នកដែលស្វាង គឺអ្នកយល់ភ្លឺថ្លាច្បាស់នូវកុសលនិងអកុលជាដើម។
ចំណែកឯឈ្មោះមនុស្សវិញ មានសំណេរជា «ស្វាង៑», «សង៑ហ្វង៑» និង «សង៑ហ្វាង៑» ផង។ ឧ. «កុស្វាង៑» (K.៥២៦ខ បន្ទាត់ទី១៩ ស.វ.៧) «កុសង៑ហ្វាង៑អញ៑ទៃ» (K.៥៤ បន្ទាត់ទី១០ គ.ស.៦២៨) និង «សង៑ហ្វង៑» (K.៤៨០ បន្ទាត់ទី២ ស.វ.៧)។
នៅសម័យកណ្ដាល ពាក្យនេះ នៅតែឃើញមានប្រើ ដូចជានៅក្នុងសិលាចារឹកសម័យកណ្ដាលនៅប្រាសាទអង្គរវត្ត K.៣០២/IMA១៥ បន្ទាត់ទី១០ ដែលមានឃ្លាថា […] ប្រោសអាសួសនេះឱយវ៌្វចជាព្រៃយស្វាងព្រះស្រលាះជ្រះឥតកុំម្ដិងលេយ […] មានសេចក្ដីជាភាសាខ្មែរទំនើបថា «…ប្រោសអាសួសនេះឱ្យរួចជាព្រៃស្វាងព្រះស្រឡះជ្រះឥតចំពាក់បំណុលគេទៀតឡើយ…»។ ក្នុងឃ្លានេះ ពាក្យ «ស្វាង ព្រះ ស្រឡះ ជ្រះ» សុទ្ធតែទាក់ទងជាមួយពន្លឺ ពុំជាប់ចំពាក់ជាមួយអ្វីទៀតឡើយ។ ពាក្យ «ព្រះ ស្រឡះ ជ្រះ» សុទ្ធតែកម្លាយមកពីពាក្យឫស «រះ» ដែលសូមពុំអធិប្បាយនៅទីនេះឡើយ។ យ៉ាងណាក្ដី ត្រឹមប៉ុណ្ណេះ ក៏យើងអាចឃើញបានថា ពាក្យនេះខ្មែរប្រើតាំងពីសម័យមុនអង្គររហូតមក។
៣៖ ឫស និងកម្លាយរបស់ពាក្យ «ស្វាង»
មុននឹងបន្ដទៅដល់ឫសនិងកម្លាយរបស់ពាក្យ «ស្វាង» គួរយល់បន្ដិចជាមុនថា ដ្បិតតែពាក្យនេះមានប្រើតាំងពីសម័យមុនអង្គរមក នោះពាក្យនេះមានការប្រែប្រួលសូរនិងន័យខ្លះៗជាក់ជាពុំខាន។ ជាធម្មតា ភាសារមែងមានការប្រែប្រួលគ្រប់ផ្នែកដូចជាផ្នែកសូរ សទ្ទតា រូបសព្ទ សម្ព័ន្ធ ន័យ ជាដើម។ ការប្រែប្រួលផ្នែកណាមួយ នឹងជះឥទ្ធិពលដល់ផ្នែកផ្សេងទៀតដែរ។
ពាក្យ «ស្វាង» នេះ កម្លាយនិងក្លាយជាពាក្យ «ស្រវាំង» នៅសម័យទំនើបនេះមួយទៀត។ ពាក្យ «ស្រវាំង» មានន័យថាដែលភ្លឺមិនច្បាស់ព្រោះចាំងពន្លឺថ្ងៃជាដើម (ចំពោះតែភ្នែក) គឺសំដៅដល់សភាពភ្លឺច្រាល ភ្លឺខ្លាំង រហូតមើលអ្វីពុំឃើញច្បាស់ ដូចជាយើងមើលចំព្រះអាទិត្យដែលពេញពន្លឺ នាំឱ្យភ្នែកយើងក្រឡេកមើលអ្វីផ្សេងទៀតពុំច្បាស់ ឬពុំឃើញមួយរយៈ។ សភាពមើលពុំច្បាស់បែបនេះ ទោះជាមិនមើលពន្លឺភ្លឺខ្លាំង ប៉ុន្ដែដោយសារភ្នែកយើងខ្សោយមើលពុំច្បាស់ ក៏យើងប្រើពាក្យ «ស្រវាំង» នេះដែរ។ សូមសង្កេតក្នុងពាក្យកម្លាយនេះ ក្នុងពាក្យឫសមានសូរ / ាង/ ឯក្នុងពាក្យកម្លាយមានសូរ / ាំង/ ទៅវិញ ប៉ុន្តែពុំកើតឡើងដោយសាររឿងកម្លាយនោះទេ គឺដោយសារការប្រែប្រួលសូរ។
ពាក្យ «ស្វាង» នេះមានឫសមកពីពាក្យ «*វង/*វាង» ដែលអាចមានន័យថាភ្លឺ ថ្លា មើលឃើញច្បាស់…។ ឫស «*វាង» នេះក្លាយមកជាពាក្យទំនើបថា «ភាំង»។ ក្នុងភាសាខ្មែរបុរាណ មានការវិវត្តព្យញ្ជនៈ វ > ព > ភ មានទាំងពាក្យខ្មែរបុរាណ និងបាលីសំស្ក្រឹតជាដើម ដូចពាក្យ៖ វ្រៃ > ព្រៃ, វ្រះ > ព្រះ, វិមាន > ពិមាន > ភិមាន…។ ដោយសារភាសាមានការវិវត្ត នាំពាក្យ «ភាំង» បច្ចុប្បន្ននេះ មានកម្លាយន័យច្រើន ដែលន័យខ្លះ ហាក់ឃ្លាតចាកពីន័យដើម។ តែយ៉ាងណា យើងអាចមើលឃើញន័យពាក្យ «ភាំង» ដែលអាចទាក់ទងនឹងន័យ «*វាង» ក្នុងពាក្យ «ស្វាង» ត្រង់ថា «ភាំង» គឺមើលអ្វីមិនច្បាស់មួយភ្លែត គិតអ្វីមិនច្បាស់ មិនចេញ។
ចំណែកឯ «*វង» នេះ នៅមានប្រើមកដល់បច្ចុប្បន្នគឺ «វ៉ង់» ឬ «ហ្វង់» ដែលជាឫសចូលរួមក្នុងការបង្កើតពាក្យ «ឆ្វង់»។ «វ៉ង់» និង «ឆ្វង់» គឺសំដៅដល់ទឹកដែលមានសភាពភ្លឺថ្លាមើលឃើញច្បាស់។ បើពិនិត្យថយក្រោយបន្ដិចទៀត ពាក្យ «*វង/*វាង» នេះអាចមានឡិចសែមដើម (ពាក្យដើម) ជា [aŋ] (អង) ឬ [aːŋ] (អាង) នៅក្នុងភាសាអម្បូរមនខ្មែរដទៃទៀត ដែលមានន័យថា «ពន្លឺ រះ ភ្លឺ»។
ឆ្លងតាមការពិនិត្យខាងលើមក អាចវាយតម្លៃបានថាពាក្យ «ស្វាង» ជាពាក្យខ្មែរបុរាណដែលមានប្រើតាំងពីសម័យមុនអង្គរមក និងត្រូវសៀមលាវយកទៅប្រើប្រាស់។ ដូច្នេះ ពាក្យ «ស្វាង» ពុំមែនជាពាក្យមានប្រភពមកពីសៀមនោះទេ៕






