ចំណេះដឹងទូទៅ៖ «ឲ្យ» មិនមែនជាសំណេរខុសនោះទេ, នេះបើតាមវចនានុក្រមខ្មែរ បោះពុម្ពផ្សាយគ្រាទី៥ (ភាគ១ ឆ្នាំ១៩៦៧ និងភាគ២ ឆ្នាំ១៩៦៨)
17-06-2026 20:21
(ភ្នំពេញ)៖ វចនានុក្រមខ្មែរ បោះពុម្ពផ្សាយគ្រាទី៥ (ភាគ១ ឆ្នាំ១៩៦៧ និងភាគ២ ឆ្នាំ១៩៦៨) មិនមានចំណុចត្រង់ណាប្រាប់ថា «ឲ្យ» ជាសំណេរខុសនោះទេ។ បញ្ហា «ឱ្យ» និង «ឲ្យ» គ្រាន់តែជាបញ្ហាពុម្ពអក្សរប៉ុណ្ណោះ។ ឯគ្រាប់ពុម្ពពីដើមទៀតសោត គឺធ្វើតាមអក្សរសរសេរដៃនោះឯង។ ពុម្ពអក្សរមូល ធ្វើតាមអក្សរដៃមូល ពុម្ពអក្សរជ្រៀង ធ្វើតាមអក្សរដៃជ្រៀង។
លោក ហ៊ុន ឈុនតេង អ្នកស្រាវជ្រាវវប្បធម៌ និងជាសាស្ត្រាចារ្យជំនួយផ្នែកភាសាខ្មែរបុរាណ និងសិលាចារឹក បានឲ្យដឹងថា នៅក្នុងវចនានុក្រមខ្មែរ បោះផ្សាយគ្រាទី៥ នៅឆ្នាំ១៩៦៧-១៩៦៨ បានរក្សាទុកនិងដើរតាមសេចក្ដីសម្រេចរបស់ក្រុមជំនុំវចនានុក្រមតាំងពីគ្រាដំបូង ដោយមិនអនុញ្ញាតឱ្យសរសេរ «ឱយ» និង «អោយ» ឡើយ គឺឱ្យសរសេរជា «ឱ្យ» តែប៉ុណ្ណោះ។ យ៉ាងនេះក្ដី វចនានុក្រមពុំបានលើកឡើងពី «ឲ្យ» នេះឡើយ ដោយសំណេរនៅក្នុងវចនានុក្រមភាគច្រើន ប្រើតែសំណេរ «ឲ្យ» នេះ ច្រើនជាងសំណេរ «ឱ្យ» ដែលជាមេពាក្យ សូម្បីតែនៅក្នុងសេចក្ដីពន្យល់ពាក្យ «ឱ្យ» និងនៅក្នុងនិទានត្រង់ខ៣ ដែលនិយាយពីការសម្រេចនោះ ក៏សរសេរ «ឲ្យ» នេះស្ទើរតែទាំងអស់ដែរ។
សំណេរ «ឱយ» និង «អោយ» នេះ គឺជាការកំណត់មិនឱ្យប្រើតែប៉ុណ្ណោះ ប៉ុន្ដែបើពិនិត្យមើលទៅមិនមែនខុសទៅតាមប្រព័ន្ធសំណេរខ្មែរឡើយ ដ្បិត «ឱយ» ធ្លាប់ប្រើក្នុងសិលាចារឹកតាំងពីសម័យមុនអង្គររហូតមក។ មកដល់សម័យកណ្ដាល នាពេលដែលតួប្រកបក្លាយប្រើជាជើងទៅវិញនោះ «ឱយ» ក៏ប្រែក្លាយមកជា «ឱ្យ» ដូច្នេះទៅវិញ។ ចំណែកឯ «អោយ» ក៏មិនជាខុសទាស់ដែរ ដ្បិតនៅពេលដែលការនិយមស្រៈពេញតួថយចុះ ហើយមកប្រើស្រៈនិស្ស័យភ្ជាប់និងអក្សរ «អ» (ចំពោះស្រៈនៅខាងដើមព្យាង្គ វិញនោះ) «ឱយ» ឬ «ឱ្យ» នេះក៏អាចសរសេរជា «អោយ» ឬ «អោ្យ» បានដែរ។
ម្យ៉ាងវិញទៀត «ឱ» មានកាឡាសំណេរជា «ឲ» នៅពេលដែលសរសេរលឿន។ ដូច្នេះ «ឱ្យ» និង «ឲ្យ» មិនមានអ្វីជាខុសគ្នានោះទេ។ ដូច្នេះកុំដល់ថ្នាក់ដូចអស់លោកខ្លះ យកវចនានុក្រមច្បាប់ដើម មកកែដាក់ «ឱ្យ» ជំនួស «ឲ្យ» បង្ហោះបង្ហើរបង្ហាញគេ ដូចចង់ដៀលថាវចនានុក្រមខុស។ល។ ជាទូទៅ ក្នុងវចនានុក្រម បើកាលបើប្រើគ្រាប់ពុម្ពអក្សរជ្រៀងឬអក្សរឈរក្នុងសេចក្ដីពន្យល់ គឺមានសំណេរជា «ឲ្យ» (ខណៈពេលពាក្យផ្សេង នៅតែប្រើ ឱ ដូច្នេះដដែល) បើប្រើគ្រាប់ពុម្ពអក្សរឈរ ជាអក្សរធំដិតនៅមេពាក្យ គឺប្រើជា «ឱ្យ»។
ជាថ្មីម្ដងទៀត វចនានុក្រមពុំបានកំណត់ថា «ឲ្យ» ជាសំណេរខុសឬត្រូវនោះទេ ប៉ុន្ដែនិយមប្រើបែបនេះច្រើន។ ប្រសិនបើមានការកំណត់សំណេរ «ឱ្យ» តែមួយគត់សម្រាប់ប្រើប្រាស់ជាផ្លូវការឬថាជាអក្ខរាវិរុទ្ធនោះ ក៏ពុំគួរចាត់ទុកសំណេរដទៃថាជាសំណេរខុសនោះដែរ ព្រោះមិនខុសនឹងប្រព័ន្ធសំណេរខ្មែរ គ្រាន់តែខុសនឹងការកំណត់ប៉ុណ្ណោះ។ គួរកុំនិយាយថា «ខុស» ច្រើនពេក គួរនិយាយត្រឹមតែថា «ក្នុងចំណោមសំណេរទាំងនោះ សំណេរផ្លូវការ គឺ…»៕





