ចំណេះដឹងទូទៅ៖ ភាពខុសគ្នារវាងត្រីត្រោត និងត្រីសាលម៉ុន

19-06-2026 20:54

(ភ្នំពេញ)៖ ត្រីសាលម៉ុន និងត្រីត្រោត (Trout) ជាត្រីនៅក្នុងអំបូរតែមួយ (Salmonidae) ប៉ុន្តែមានលក្ខណៈខុសគ្នាទាំងរូបរាង រសជាតិ និងតម្លៃ។ សាច់ត្រីសាលម៉ុនមានពណ៌ទឹកក្រូចច្បាស់ ឬផ្កាឈូក មានសរសៃខ្លាញ់ពណ៌សរដិបរដុប (Marbling) និងសាច់ទន់រលោង ចំណែក ត្រីត្រោត សាច់មានពណ៌ស្លេកជាង (ស ផ្កាឈូកខ្ចី ឬលឿងស្រាល) សាច់តឹងរឹងជាង និងមានជាតិខ្លាញ់តិចជាង។

ត្រីសាលម៉ុនមានជាតិខ្លាញ់ខ្ពស់ ធ្វើឱ្យរសជាតិរបស់វាឆ្ងាញ់ខ្លាំង រីឯត្រីត្រោតមានរសជាតិស្រាល។ ដោយសារតម្រូវការទីផ្សារខ្ពស់ និងគុណភាពជីវជាតិ ត្រីសាលម៉ុនមានតម្លៃថ្លៃជាងត្រីត្រោត។

ត្រីទាំងពីរប្រភេទនេះផ្តល់ អត្ថប្រយោជន៍សុខភាពខ្ពស់ដូចគ្នា ប៉ុន្តែពួកវាមានចំណុចខ្លាំងផ្សេងគ្នាលើកម្រិតវីតាមីន និងសារធាតុចិញ្ចឹម៖

ត្រីសាលម៉ុន
អត្ថប្រយោជន៍ចម្បងរបស់ត្រីសាលម៉ុនសម្បូរអូមេហ្គា-៣ (Omega-3) ខ្ពស់ ជួយកាត់បន្ថយការរលាក បញ្ចុះសម្ពាធឈាម និងការពារបេះដូង។ ចំណែក ត្រីសាលម៉ុនផ្តល់វីតាមីន D ច្រើនជាងត្រីត្រោត ដែលជួយឱ្យឆ្អឹងរឹងមាំ និងពង្រឹងប្រព័ន្ធការពាររាងកាយ។ សម្រាប់សុខភាពខួរក្បាលវិញនោះ សារធាតុ DHA នៅក្នុងត្រីសាលម៉ុនជួយពង្រឹងការចងចាំ និងកាត់បន្ថយភាពស្រ្តេស។

ត្រីត្រោត
រីឯអត្ថប្រយោជន៍ចម្បងរបស់ត្រីត្រោត វាមានវីតាមីន B12 ច្រើនជាងត្រីសាលម៉ុន ដែលជួយបង្កើនថាមពល និងផលិតគ្រាប់ឈាមក្រហម។ ត្រីត្រោតជាតិខ្លាញ់ទាប កាឡូរីតិច ដែលវាសមស្របបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់។ ត្រីត្រោត ក៏ផ្តល់ប្រូតេអ៉ីនខ្ពស់ជួយជួសជុលសាច់ដុំ ប៉ុន្តែមិនងាយធ្វើឱ្យធាត់ឡើយ៕


សាច់ត្រីសាលម៉ុន


សាច់ត្រីត្រោត