ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីកូរ៉ាសៅ រដ្ឋស្វយ័តមួយនៃព្រះរាជាណាចក្រហូឡង់ ដែលលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២៦

22-06-2026 19:55

(ភ្នំពេញ)៖ កូរ៉ាសៅ (Curaçao) គឺជាដែនកោះដ៏ស្រស់ស្អាតមួយ មានទីតាំងនៅសមុទ្រការ៉ាប៊ីនភាគខាងត្បូង និងជាផ្នែកមួយនៃព្រះរាជាណាចក្រហូឡង់ (Kingdom of the Netherlands)។ កោះនេះស្ថិតនៅចម្ងាយប្រហែល ៦៥គីឡូម៉ែត្រភាគខាងជើងនៃប្រទេសវេណេស៊ុយអេឡា។ រដ្ឋាភិបាល មានរចនាសម្ព័ន្ធបែបប្រជាធិបតេយ្យសេរី។

កូរ៉ាសៅ បានកត់ត្រាប្រវត្តិសាស្ត្រកីឡាដ៏អស្ចារ្យ ក្នុងនាមជាប្រទេសដែលមានប្រជាជនតិចបំផុតមួយ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ (FIFA World Cup)។ បន្ថែមលើនេះ ពួកគេរកបាន ១ពិន្ទុ ជាប្រវត្តិសាស្ត្រ នៅវគ្គចែកពូល ទោះបីជាពួកគេមិនអាចឡើងទៅលេងវគ្គបន្តក៏ដោយ។

ចំណុចគួរឲ្យចាប់អារម្មណ៍របស់ប្រទេសកូរ៉ាសៅ គឺរដ្ឋធានីមានឈ្មោះថា វីលឡឹមស្តាដ (Willemstad) ដែលគេស្គាល់ដោយសារស្ថាបត្យកម្មអាណានិគមហូឡង់ មានពណ៌ស្រស់ៗចម្រុះគ្នា រហូតត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់ UNESCO ។ ភាសាផ្លូវការរបស់កោះនេះ មាន ៣គឺ ភាសាហូឡង់ ភាសាប៉ាព្យាម៉ង់តូ (Papiamento) និងភាសាអង់គ្លេស។

សេដ្ឋកិច្ចពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ (ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងការលេងទឹកកម្សាន្ត) ការចម្រាញ់ប្រេង និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ វាមានផ្ទៃដីប្រមាណ ៤៤៤គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបប្រហែលជាង ១៥០ ០០០នាក់ប៉ុណ្ណោះ។

គួរកត់សម្គាល់ថា កូរ៉ាសៅគឺជារដ្ឋស្វយ័តមួយ (Constituent Country) ដែលស្ថិតនៅក្នុងព្រះរាជាណាចក្រហូឡង់ (Kingdom of the Netherlands) ដូចមានការពន្យល់ខាងក្រោម៖

ក៖ ស្វយ័តភាពផ្ទៃក្នុង

អ្វីដែលកូរ៉ាសៅគ្រប់គ្រងដោយខ្លួនឯង (ស្វយ័តភាពផ្ទៃក្នុង) គឺមានរដ្ឋាភិបាលផ្ទាល់ខ្លួនចាប់តាំងពីឆ្នាំ២០១០មក ដោយគ្រប់គ្រងកិច្ចការក្នុងស្រុកទាំងស្រុង រួមមាន៖ មាននាយករដ្ឋមន្ត្រី និងសភាផ្ទាល់ខ្លួនសម្រាប់បង្កើតច្បាប់ គ្រប់គ្រងលើប្រព័ន្ធអប់រំ ប្រព័ន្ធច្បាប់ និងសុខាភិបាល ហើយមានរូបិយបណ្ណ (Antillean Guilder) និងទង់ជាតិផ្ទាល់ខ្លួន។

ទោះបីជាមានរដ្ឋាភិបាលខ្លួនឯងក៏ដោយ ក៏កិច្ចការធំៗមួយចំនួនត្រូវពឹងផ្អែកលើព្រះរាជាណាចក្រហូឡង់ រួមមាន៖ កិច្ចការបរទេស គឺការចរចា និងទំនាក់ទំនងអន្តរជាតិ, វិស័យការពារជាតិ ដែលយោធាហូឡង់ជាអ្នកការពារកោះនេះ ខណៈសញ្ជាតិ គឺប្រជាជនកូរ៉ាសៅប្រើប្រាស់លិខិតឆ្លងដែនហូឡង់ (អឺរ៉ុប)។ កូរ៉ាសៅ មានព្រះមហាក្សត្រហូឡង់ ជាប្រមុខរដ្ឋ តំណាងដោយអភិបាលខេត្តម្នាក់ នៅលើកោះនេះ។

ការពឹងផ្អែកលើព្រះរាជាណាចក្រហូឡង់ ធ្វើឲ្យកូរ៉ាសៅ មានផលប្រយោជន៍ច្រើន រួមមាន៖

*១. អត្ថប្រយោជន៍ដែលកូរ៉ាសៅទទួលបានពីហូឡង់លិខិតឆ្លងដែន និងសិទ្ធិធ្វើដំណើរ ដោយប្រជាជនកូរ៉ាសៅមានសញ្ជាតិហូឡង់។ ពួកគេអាចកាន់លិខិតឆ្លងដែនសហភាពអឺរ៉ុប (EU) ធ្វើដំណើរដោយសេរី និងអាចទៅរស់នៅ ឬធ្វើការក្នុងប្រទេសហូឡង់បានយ៉ាងងាយស្រួល។

*២. ឱកាសសិក្សាអប់រំ គឺនិស្សិតកូរ៉ាសៅទទួលបានសិទ្ធិទៅរៀននៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសហូឡង់ ក្នុងតម្លៃសិក្សាទាប (ស្មើនឹងប្រជាជនហូឡង់ផ្ទាល់) និងទទួលបានជំនួយហិរញ្ញវត្ថុពីហូឡង់ថែមទៀត។

*៣. ជំនួយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺហូឡង់ជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងប្រាក់កម្ចីក្នុងករណីមានវិបត្តិធ្ងន់ធ្ងរ (ដូចជាអំឡុងពេលកូវីដ-១៩ ឬគ្រោះធម្មជាតិ) ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចលើកោះ។

*៤. ប្រព័ន្ធច្បាប់ និងតុលាការ គឺតុលាការកំពូលរបស់កូរ៉ាសៅ ស្ថិតនៅក្រោមប្រព័ន្ធតុលាការកំពូលរបស់ហូឡង់ ដែលជួយធានាឲ្យមានតម្លាភាព និងយុត្តិធម៌ខ្ពស់សម្រាប់អ្នកវិនិយោគទុនអន្តរជាតិ។

ខ៖ ប្រវត្តិសាស្ត្រនៃការទាមទារស្វយ័តភាព (រហូតដល់ឆ្នាំ២០១០)

នៅសម័យអាណានិគម ហូឡង់បានដណ្ដើមកាន់កាប់កោះកូរ៉ាសៅពីអេស្ប៉ាញ នៅក្នុងឆ្នាំ១៦៣៤ ហើយបានប្រើប្រាស់វាជាមជ្ឈមណ្ឌលជួញដូរទាសករដ៏ធំមួយនៅតំបន់ការ៉ាប៊ីន។ ការបង្កើត Netherlands Antilles (១៩៥៤) គឺក្រោយសង្គ្រាមលោកលើកទី២ ហូឡង់បានកែទម្រង់នយោបាយ ដោយដាក់បញ្ចូលកោះនានានៅការ៉ាប៊ីន រួមទាំងកូរ៉ាសៅ ទៅជាដែនដីស្វយ័តមួយហៅថា «Netherlands Antilles» ប៉ុន្តែរដ្ឋបាលរួមនេះ មានភាពស្មុគស្មាញ។

ការបះបោរថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៦៩ មានបាតុកម្ម និងកុបកម្មធំមួយនៅ Trinta di Mei ដែលកើតឡើងពីបញ្ហាពូជសាសន៍ និងសេដ្ឋកិច្ច។ ព្រឹត្តិការណ៍នេះបានជំរុញឲ្យប្រជាជនក្នុងស្រុក ចង់បានសិទ្ធិសម្រេចចិត្ត និងដឹកនាំប្រទេសដោយខ្លួនឯង កាត់បន្ថយឥទ្ធិពលស្បែកសពីហូឡង់។

ការរំលាយប្រព័ន្ធចាស់ ធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០។ ឆ្លងកាត់ការធ្វើប្រជាមតិជាច្រើនលើក ប្រជាជនកូរ៉ាសៅបានបោះឆ្នោតជ្រើសរើសយកការបំបែកខ្លួនចេញពីក្រុមដែនកោះ Netherlands Antilles ដើម្បីក្លាយជារដ្ឋស្វយ័តផ្ទាល់ខ្លួន នៅក្នុងព្រះរាជាណាចក្រហូឡង់ រហូតមកដល់បច្ចុប្បន្ន៕