ចំណេះដឹងទូទៅ៖ ភាពខុសគ្នានៃលិខិតឆ្លងដែនកម្ពុជា

06-07-2026 20:35

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៤ប្រភេទ គឺលិខិតឆ្លងដែនការទូតលិខិតឆ្លងដែនផ្លូវការ លិខិតឆ្លងដែនធម្មតា និងលិខិតធ្វើដំណើរ។

ភាពខុសគ្នាមានដូចខាងក្រោម៖

- លិខិតឆ្លងដែនការទូត (Diplomatic Passport):
ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី និងផ្តល់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ (ប្រធានព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្ត្រី) មន្ត្រីការទូត មន្ត្រីកុងស៊ុល និងឥស្សរជនជាន់ខ្ពស់តាមឋានានុក្រមដែលច្បាប់កំណត់។ ស្ថាប័នចេញឲ្យ គឺក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ចំពោះអត្ថប្រយោជន៍ គឺការទទួលបានសិទ្ធិអភ័យឯកសិទ្ធិការទូត (Diplomatic Immunity) តាមច្បាប់អន្តរជាតិ និងទទួលបានការលើកលែងទិដ្ឋាការ (Visa) ពីប្រទេសជាច្រើន។

- លិខិតឆ្លងដែនផ្លូវការ (Official Passport):
ផ្តល់ជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ឬបុគ្គលិកជាន់ខ្ពស់របស់រដ្ឋ ដែលត្រូវធ្វើដំណើរទៅក្រៅប្រទេសដើម្បីបំពេញបេសកកម្មផ្លូវការតំណាងឱ្យស្ថាប័នរដ្ឋ ឬរាជរដ្ឋាភិបាល។ ស្ថាប័នចេញឲ្យគឺក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វាប្រើប្រាស់បានតែក្នុងអំឡុងពេលបំពេញការងារផ្លូវការប៉ុណ្ណោះ មិនមែនសម្រាប់ដើរលេងកម្សាន្តផ្ទាល់ខ្លួនឡើយ។

- លិខិតឆ្លងដែនធម្មតា (Normal / Ordinary Passport):
ផ្តល់ជូនប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់រូបដែលមានបំណងធ្វើដំណើរទៅបរទេស។ ស្ថាប័នចេញឲ្យ គឺក្រសួងមហាផ្ទៃ (នាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម)។ វាត្រូវបានប្រើប្រាស់ក្នុងគោលបំណងសម្រាប់ទេសចរណ៍ អាជីវកម្មផ្ទាល់ខ្លួន ការសិក្សា ព្យាបាលជំងឺ ឬការងារឯកជននៅក្រៅប្រទេស។

- លិខិតធ្វើដំណើរ (Travel Document / Laissez-Passer):
ឯកសារនេះមិនមែនជាសៀវភៅលិខិតឆ្លងដែនអចិន្ត្រៃយ៍ឡើយ ប៉ុន្តែជាឯកសារបណ្តោះអាសន្ន ឬមានលក្ខណៈពិសេស។ វាត្រូវបានផ្តល់ជូនពលរដ្ឋខ្មែរនៅបរទេស ដែលបានបាត់លិខិតឆ្លងដែន ឬលិខិតឆ្លងដែនផុតកំណត់ ហើយត្រូវការធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញជាបន្ទាន់ (ស្ថានទូតខ្មែរប្រចាំប្រទេសនោះជាអ្នកចេញឱ្យ)។ វាក៏ត្រូវបានប្រើប្រាស់សម្រាប់ជនភៀសខ្លួន ឬជនអនាថោជន ដែលស្នាក់នៅក្នុងប្រទេសកម្ពុជាស្របច្បាប់ ប៉ុន្តែគ្មានលិខិតឆ្លងដែននៃប្រទេសដើមរបស់ខ្លួន ដើម្បីឱ្យពួកគេអាចធ្វើដំណើរចេញទៅក្រៅប្រទេសបាន (ស្របតាមអនុសញ្ញាអន្តរជាតិ)។ វាមានសុពលភាពខ្លី ប្រើប្រាស់បានតែម្តង (Single Entry/Exit) ឬប្រើបានតែតាមផ្លូវដែលបានកំណត់ជាក់លាក់៕