ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីកិច្ចហៅព្រលឹង ឬស្រូបព្រលឹង
15-07-2026 20:33
(ភ្នំពេញ)៖ តាមរយៈបាឋកថារបស់លោកសាស្រ្តាចារ្យ អាំង ជូលាន បានឱ្យដឹងថា ព្រលឹង ទំនងក្លាយមកពីពាក្យ ព្រះលិង្គ ដែលជាភាសាសំស្រ្កឹតហៅថា លិង្គឝរីរ។ មនុស្សខ្មែរជឿថា ព្រលឹងនៅក្នុងខ្លួនមនុស្សមានចំនួន ១៩ ពោល គឺព្រលឹងតូច និងព្រលឹងធំ។ យើងមិនអាចពន្យល់ថា តើហេតុអ្វីបានគេជាគេជឿយ៉ាងដូច្នេះទេ ហើយក៏ពុំដឹងថាព្រលឹងទាំង១៩នោះ មានអ្វីខ្លះនោះដែរ។
រឿងមួយដែលគេដឹងច្បាស់នោះ ព្រលឹង ងាយនឹងបាត់ចេញពីខ្លួនខ្លាំងណាស់ ជាពិសេស នៅពេលមនុស្សភ័យខ្លាច ឬតក់ស្លុតជាមួយរឿងអ្វីមួយ។ ម្ល៉ោះហើយ ទើបឃើញមានពាក្យថា លស់ព្រលឹង ព្រលឹងចុងសក់ ជាដើម។ អ្នកដែលព្រលឹងមិនគ្រប់១៩ តែងតែមានអាការៈអស់កម្លាំងល្ហិតល្ហៃ ម្តងនិយាយបាន ឬនិយាយមិនបាន ឬខ្លះក៏ដើររួច ឬក៏ដើរមិនរួច ដែលមើលទៅហាក់ដូចជាពុំមានជំងឺអ្វីមួយឱ្យច្បាស់ប្រាកដឡើយ។
ក្នុងករណីនេះ គេត្រូវរកគ្រូបញ្ជាន់រូប ឬអ្នកចេះបូលដើម្បីសួរនាំអំពីបុព្វហេតុនៃជំងឺ។ ប្រសិនបើគ្រូឆ្លើយថា បាត់ ឬលស់ព្រលឹង គេត្រូវតែហៅ ឬអន្ទង ឬស្រូបព្រលឹងឱ្យមកគ្រប់ចំនួនវិញ។ តើកិច្ចហៅព្រលឹង ឬស្រូបព្រលឹង មានរណ្តាប់ និងដំណើរការយ៉ាងដូចម្តេចខ្លះ?
អត្ថបទរបស់ ស្រី សមប៊ុនណារ៉ុង បានឲ្យដឹងថា ជាទូទៅ កិច្ចពាក់ព័ន្ធនឹងព្រលឹងមានច្រើនយ៉ាងណាស់ ដូចជាកិច្ចហៅព្រលឹងអ្នកត្អើក ហៅព្រលឹងឱ្យអ្នកជំងឺ ពាក្យហៅព្រលឹងនាគ ឬហៅព្រលឹងស្រូវជាដើម។ គួរឱ្យចាប់អារម្មណ៍ អ្នកស្រុកដំដែក ខេត្តសៀមរាប មានទំនៀមហៅកិច្ចនេះថា ហៅព្រលឹង ឬ ស្រូបព្រលឹង។ ការហៅព្រលឹងឱ្យមនុស្សនេះទៀតសោត គឺមានច្រើនទម្រង់ណាស់ ពោល គឺអាស្រ័យលើបរិបទ ឬទំនៀមផ្សេងពីគ្នា ប៉ុន្តែគោលបំណងតែមួយ គឺចង់ឱ្យព្រលឹងដែលបាត់បង់ចូលមករូបកាយដើមវិញ។
ឧទាហរណ៍តូចមួយ នៅពេលមនុស្សប៊ិះជាន់សត្វអ្វីមួយ គេច្រើនតែភ្ញាក់ ហើយភ្លាមៗបើសិនមានចាស់ទុំនៅក្បែរ ច្បាស់ណាស់គេនឹងពោលថា «ព្រលឹងព្រលះប្រាំបួនតណ្តប់ (១៩) សព្វគ្រប់ចូលរូបចូលឆោមវិញមក»។ ករណីរបៀបនេះ ក៏រាប់ជាការហៅព្រលឹងមួយដ៏សាមញ្ញដែរ ដ្បិត បើសិនមិនបានហៅព្រលឹងឱ្យអ្នកដែលភ្ញាក់ និងភ័យនោះទេ គេជឿថា ព្រលឹងនឹងនៅទីនេះពុំខាន ដែលតម្រូវឱ្យធ្វើកិច្ចហៅព្រលឹងទើបបាន។ ដោយឡែក នៅតំបន់សំបូរព្រៃគុក ខេត្តកំពង់ធំបើសិនជាគេដឹងថាមនុស្សនោះព្រលឹងបាត់ចេញពីខ្លួន គេតែងអញ្ជើញអ្នកចេះអន្ទងព្រលឹង ឬហៅព្រលឹង ជាមួយក្រុមភ្លេងអារក្ស (ស្គរ និងទ្រ) ដើរទៅព្រៃគុក ហើយកាច់ស្លឹកឈើមួយចំនួនដែលតំណាងឱ្យព្រលឹង យកទៅសៀតត្រចៀកឱ្យអ្នកដែលលស់ព្រលឹង។ អ្នកដែលពោលនោះ តែងស្រែកថា «ព្រលឹងទាំងប្រាំបួនតណ្តប់ សព្វជុំ ពីរូងពីរាម ពីពាមទន្លេ កោះរំពេរថ្មអណ្តែក លោកតាបើកព្រលឹងព្រលះឱ្យហើយ ក៏ចូលរូបចូលឆោម មោវើយមោ»។
រីឯភ្លេងវិញ គេលេងបទទ្រាំង ដែលមានខ្លឹមសារទាំងស្រុងថា៖ «ព្រលឹងប្រាំបួនតណ្តប់ ឱព្រលឹងម្ចាស់ខ្ញុំ ប្រាំបួនតណ្តប់ ព្រលឹងប្រាំបួនតណ្តប់ ឱលោកម្ចាស់ខ្ញុំរាមមកហើយ ឱ្យសះឱ្យស្បើយ ស្រីល្មមបងអ្ហើយ ពីថ្ងៃនេះទៅ ឱថ្លៃខ្ញុំអើយដល់ហើយ ម្ចាស់ខ្ញុំអ្ហើយ ដល់ហើយៗ [២ដង], កន្ទេលខ្នើយកើយ ស្រីល្មមថ្លៃខ្ញុំអ្ហើយ គេក្រាលរង់ចាំ [២ដង] សំពត់និងអាវ គេហៅម្ចាស់ខ្ញុំ ឱ!គេរក [២ដង] ឱ្យអ្នកយាងមក មកផ្ទះយើងវិញ»។
ចំពោះការហៅព្រលឹងដែលចង់បង្ហាញនៅពេលនេះ គឺមានគោលបំណងដូចគ្នា ពោលគឺដើម្បីចង់ឱ្យព្រលឹងដែលបានបាត់មកចូលរូបកាយដើមវិញ។ ចំណែក មូលហេតុនោះដោយសារអ្នកជំងឺបាយមិននឹកទឹកមិនស្រេកនិងចេះតែល្ហិតល្ហៃនៅក្នុងខ្លួន ហើយទៅរកពេទ្យឱ្យព្យាបាលក៏នៅតែពុំធូរស្រាល។ ម្ល៉ោះហើយ អ្នកជំងឺបានសម្រេចចិត្តមករកគ្រូបញ្ជាន់រូប ដើម្បីឱ្យរកមើលអំពីបុព្វហេតុនៃជំងឺ។ ក្រោយមក គ្រូបញ្ជាន់រូប បានឆ្លើយថា ព្រលឹងអ្នកជំងឺត្រូវគេឃាត់ទុកហើយ ដែលតម្រូវឱ្យធ្វើកិច្ចស្រូបព្រលឹងមកវិញ។ ក្នុងកិច្ចនេះ យើងសង្កេតឃើញមានគ្រឿងរណ្តាប់មួយចំនួន ដូចជា ជមចំនួន៣ (ជមសម្រាប់រូបស្នងមួយ និងជមសម្រាប់អ្នកជំងឺមួយទៀត) ព្រះពិស្ណុការភ្លេង (ភាសានិយាយថា “ពពឹសការ”) ស្លាធម៌ ខន្ធប្រាំ (បញ្ចក្ខន្ធ) ដើមចេកសាសនា និងបាយព្រលឹង។ បាយព្រលឹងនេះពិសេសជាងគេ ព្រោះគេតម្រូវឱ្យមានមនុស្សកាន់រហូតដល់ចប់កម្មវិធី ដែលក្នុងនោះមាន ចេក ដូង ដំឡូង ត្រាវ ពងទា ពងមាន់ ទៀន ធូប ក្រណាត់ស និងខ្សែក ឬរបស់មានតម្លៃរបស់អ្នកជំងឺ ដើម្បីយកមកស្រូបព្រលឹង។
កិច្ចនេះប្រារព្ធនៅតែក្នុងផ្ទះប៉ុណ្ណោះ ដោយប្រើពេលប្រមាណ ៥ ម៉ោង និងមានការចូលរួមពីសាច់ញាតិអ្នកជំងឺ ចាស់ទុំក្នុងភូមិ រូបស្នង និងក្រុមភ្លេងពិណពាទ្យមួយវង់។ ដំបូងឡើយ រូបស្នងទៅអង្គុយមុខគ្រឿងរណ្តាប់មួយសន្ទុះ ទើបអមនុស្សដែលមានចិត្តល្អចូលមកសណ្ឋិត ពោលគឺកន្ទោងខៀវ (ព្រាយ)។ បន្ទាប់ពីអមនុស្សមកចូលសណ្ឋិតហើយ អមនុស្សបានចូលមករាំកម្សាន្តមួយសន្ទុះ រួចក៏អង្គុយវិញ ហើយចាស់ទុំបានមកបវារណាសុំឱ្យដោះលែងព្រលឹងអ្នកជំងឺមកវិញ។ អមនុស្សបានឱ្យអ្នកជំងឺ និងសាច់ញាតិក្រុមគ្រួសារមកជុំគ្នា ហើយអមនុស្សបានយកអំបោះមកគួចដៃហៅព្រលឹងឱ្យអ្នកជំងឺ រួមទាំងសាច់ញាតិផង។
អំឡុងពេលហៅព្រលឹង ឃើញមានចាស់ទុំមួយក្រុម (ជាស្រ្តី) បានសូត្រថា៖
មោវើយមោ (មកវើយមក) ព្រលឹង [ឈ្មោះអ្នកឈឺ] ប្រាំបួនតណ្តប់សព្វគ្រប់ កុំឱ្យដើរហោះហើរទៅណា នៅរក្សារូប រក្សាអង្គ ជ្រោះជ្រងជ្រលងដងភ្នំ ត្រដេវវិច ជ្រងហើយស្រងាត់ ឭសូរមាត់សេក ឭតែមាត់សត្វ ជ្រងហើយស្រងាត់ ស្តាប់ពាក្យអ៊ំហៅ។
មោវើយមោ ព្រលឹង [ឈ្មោះអ្នកឈឺ] ប្រាំបួនតណ្តប់សព្វគ្រប់ កុំឱ្យដើរហោះហើរទៅណា ខ្លាចចចក ស្វានស្វា ទីទុយមៀមមុំ អាឡ [សត្វរឡ] ភ្នែកធំ គេលួងកុំដោយ គេបោយកុំទៅណា។
មោវើយមោ ព្រលឹង [ឈ្មោះអ្នកឈឺ] ប្រាំបួនតណ្តប់សព្វគ្រប់ កុំឱ្យដើរហោះហើរទៅណា នៅរក្សារូប រក្សាអង្គ ចូលព្រៃស្តុកទទ្រុកព្រៃជ្រៅ ជំនីកបោះទៅ កញ្ជើអូសតាម រដាមទឹកភ្នែក រហាមៗ កញ្ជើអូសតាម កន្ទបរីកអស់។
មោវើយមោ ព្រលឹង [ឈ្មោះអ្នកឈឺ] ប្រាំបួនតណ្តប់សព្វគ្រប់ កុំឱ្យដើរហោះហើរទៅណា ផ្កាឈូកទឹកថ្លា ផ្កាអំពៅ [ឈ្មោះអ្នកឈឺ] ជាល្អ សុខសប្បាយ បានសេចក្តីសុខ អាយុវែង។
មោវើយមោ ព្រលឹង [ឈ្មោះអ្នកឈឺ] ប្រាំបួនតណ្តប់សព្វគ្រប់ កុំឱ្យដើរហោះហើរទៅណា នៅរក្សារូប រក្សាអង្គ មកនៅផ្ទះយើងធំស្រនំ [ទ្រនំ] ស្រណុក ស៊ីចេកស៊ីអំបុក ស៊ីត្រាវដំឡូង ស៊ីដូងស៊ីស្ករ ស៊ីចេកដេកនៅ ស៊ីអំពៅដើរលេង [ឈ្មោះអ្នកឈឺ] គគ្រឹកគគ្រេង មកផ្ទះយើងវិញ។
មោវើយមោ ព្រលឹង [ឈ្មោះអ្នកឈឺ] ប្រាំបួនតណ្តប់សព្វគ្រប់ កុំឱ្យដើរហោះហើរទៅណា ឱ្យជាល្អសុខសប្បាយ បាត់ឈឺដៃ ឈឺជើង ឈឺចង្កេះ ឈឺខ្នង ឈឺចាក់ ឈឺច្រំ រោគាព្យាធិក្នុងខ្លួនឱ្យបាត់ត្រឹមថ្ងៃនេះទៅ។
ក្រោយពីគួចដៃឱ្យសព្វគ្នាហើយ រូបស្នងបានទៅអង្គុយមុខគ្រឿងរណ្តាប់។ មួយសន្ទុះក្រោយមក គេឃើញរូបស្នងផ្ងាកក្រោយ បាត់ស្មារតី ដែលតម្រូវឱ្យចាស់ទុំទៅស្រែក (ពើប) ដាក់ត្រចៀក រហូតរូបស្នងត្រឡប់មកប្រក្រតីវិញ។ សកម្មភាពនេះ គឺមានលក្ខណៈដូចទៅនឹងកិច្ចលៀងអារក្សនៅតំបន់សំបូរព្រៃគុកដែរ ពោលគឺបន្ទាប់ពីគ្រូអារក្សបានប្រគល់រណ្តាប់ជើងហ៊ឹងឱ្យសិស្សគណវិញ ស្រាប់តែមានផ្ញាកក្រោយបាត់ស្មារតីដូចគ្នាដែរ ម្ល៉ោះហើយគេត្រូវពើប (ស្រែក) មួយទំហឹង រហូតគ្រូភ្ញាក់ដឹងខ្លួនវិញ។ ក្នុងគោលបំណងនៃកិច្ច គឺមានតែមួយប៉ុណ្ណោះ ពោល គឺដើម្បីឱ្យព្រលឹងរូបស្នងត្រឡប់មករូបកាយដើមវិញ។ ត្រង់ចំណុចនេះ សូមបញ្ជាក់បន្ថែមថា ពុំមែនអមនុស្សទាំងអស់សុទ្ធតែដូច្នេះទេ ជាក់ស្តែងដូចនៅភូមិកោះកេរ (ស្ថិតក្នុងរមណីយដ្ឋានប្រាសាទកោះកេរ) ករណីអ្នកតាចូលសណ្ឋិត ហើយចេញទៅវិញ រូបស្នងមានសភាពធម្មតា ពោល គឺខុសពីមេមត់ ឬខ្មោច ដែលពេលចូលក៏ពិបាក ហើយពេលចេញក៏ពិបាក បណ្តាលឱ្យរូបស្នងផ្ងាកក្រោយដូចគ្នា។ ការដែលរូបស្នងផ្ញាកក្រោយក្នុងកិច្ចនេះ គឺដោយសារតែអមនុស្សដែលចូលសណ្ឋិតជាខ្មោចក៏អាចថាបាន ដ្បិតដូចបានបញ្ជាក់ខាងលើហើយថា គឺអមនុស្សចិត្តល្អដែលចូលមកសណ្ឋិត គឺជាព្រាយកន្ទោងខៀវ។ ក្រោយពីសម្រាកមួយសន្ទុះ អមនុស្សថ្មីមួយទៀតបានបន្តចូលសណ្ឋិត ដែលគេដឹងថាជាតាបស ហើយក៏បានហៅព្រលឹងដូចសកម្មភាពមុនៗដែរ គ្រាន់តែមានវិជ្ជាចាប់សរសៃឱ្យអ្នកជំងឺ និងសាច់ញាតិ។
ជារួមមក កិច្ចហៅព្រលឹង ឬស្រូបព្រលឹង គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿបុរាណ និងការអនុវត្តទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរតាំងពីបុរាណកាលមក។ ជំនឿលើព្រលឹងទាំង ១៩នេះ មិនត្រឹមតែជាការយល់ឃើញផ្នែកអរូបីប៉ុណ្ណោះទេ តែគេអាចមើលឃើញថាជាវិធីសាស្ត្រព្យាបាល និងថែទាំសុខភាពផ្លូវចិត្តដ៏មានប្រជាប្រិយភាពមួយនៅក្នុងសហគមន៍ នៅពេលដែលវិទ្យាសាស្ត្រទំនើបពុំទាន់អាចដោះស្រាយបានទាំងស្រុង។ ទោះបីជាទម្រង់ និងដំណើរការនៃកិច្ចពិធីនេះមានលក្ខណៈខុសប្លែកគ្នាខ្លះៗទៅតាមតំបន់ និងបរិបទនីមួយៗ ដូចជាការរៀបចំគ្រឿងរណ្តាប់ ការប្រើប្រាស់វង់ភ្លេងអារក្ស ឬពិណពាទ្យ និងការសូត្រឬបូលអន្ទងព្រលឹងយ៉ាងណាក្ដី ក៏គោលបំណងស្នូលតែមួយគត់ គឺហៅព្រលឹងឱ្យត្រឡប់មកវិញ ដើម្បីជួយដេញស្អំ និងផ្តល់កម្លាំងចិត្តដល់អ្នកជំងឺឱ្យមានភាពធូរស្រាល បាត់បង់ភាពភ័យខ្លាច និងត្រឡប់មកមានសភាពប្រក្រតីដូចដើមវិញ៕



