ចំណេះដឹងទូទៅ៖ ដើរដោយជើងទទេផ្ទាល់ដី ឬក៏នៅក្បែរដើមឈើធម្មជាតិ អាចឲ្យជៀសផុតពីជំងឺមួយចំនួន

22-07-2026 20:31

(ភ្នំពេញ)៖ តើលោកអ្នកដឹងទេ​ថា? គ្រាន់តែដើរដោយជើងទទេផ្ទាល់ជាមួយនឹងដី ឬក៏មានពេលនៅក្បែរដើមឈើធម្មជាតិ អាចឲ្យយើងជៀសផុតពីជំងឺមួយចំនួនបាន។

ខាងក្រោមនេះ ជាការសិក្សាស្រាវជ្រាវរបស់សាស្ត្រាចារ្យធំៗ នៅក្នុងពិភពលោក៖

១៖ ការដើរជើងទទេលើដី (Earthing / Grounding)

អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យមួយចំនួន (ដូចជា Dr. Stephen Sinatra ផ្នែកបេះដូង និងលោក Clinton Ober) បានធ្វើការសិក្សា និងបោះពុម្ពផ្សាយអំពីផលប្រយោជន៍នៃការប៉ះពាល់ដីដោយផ្ទាល់។

ទ្រឹស្តីវិទ្យាសាស្ត្រ៖ ផ្ទៃផែនដីមានផ្ទុក អេឡិចត្រុងសេរី (Free Electrons) ដែលមានបន្ទុកអវិជ្ជមាន។ នៅពេលជើងទទេរបស់យើងប៉ះលើដី ឬស្មៅ រាងកាយរបស់យើងនឹងស្រូបយកអេឡិចត្រុងទាំងនោះ។

ផលប្រយោជន៍ដែលការសិក្សាបានរកឃើញ៖

*កាត់បន្ថយការរលាក (Anti-inflammatory)៖ អេឡិចត្រុងអវិជ្ជមានជួយបន្សាបរ៉ាឌីកាល់សេរី (Free Radicals) នៅក្នុងរាងកាយ។
*កាត់បន្ថយភាពតានតឹង (Stress)៖ ជួយសម្រួលប្រព័ន្ធប្រសាទ និងកាត់បន្ថយកម្រិតអ័រម៉ូនស្ត្រេស (Cortisol)។
*ជួយឱ្យគេងលក់ស្រួល និងសម្រួលចរន្តឈាម៖ ការសិក្សាបង្ហាញថាការប៉ះដីជួយកាត់បន្ថយភាពខាប់នៃឈាម (Blood Viscosity) ដែលល្អសម្រាប់សុខភាពបេះដូង។

២៖ ការនៅក្បែរដើមឈើ និងការប៉ះពាល់ធម្មជាតិ (Forest Bathing / Shinrin-yoku)

ការនៅក្បែរដើមឈើ ឬការចំណាយពេលជិតស្និទ្ធជាមួយរុក្ខជាតិ ដូចជា ការដើរលេងនៅតំបន់មានដើមឈើ និងឧទ្យានជាតិ មានប្រភពចេញពីការសិក្សានៅប្រទេសជប៉ុនដែលហៅថា Shinrin-yoku (ការងូតខ្យល់ព្រៃឈើ) ហើយត្រូវបានស្រាវជ្រាវយ៉ាងស៊ីជម្រៅដោយសាស្ត្រាចារ្យ Dr. Qing Li (នៃសាលាវេជ្ជសាស្ត្រ Nippon ក្រុងតូក្យូ)។ អ្វីដែលសំខាន់នោះគឺ ការងូតទឹកព្រៃមិនមែនមានន័យថាការងូតទឹកនៅក្នុងព្រៃនោះទេ។ វាគ្រាន់តែសំដៅលើការជ្រមុជខ្លួនអ្នកទៅក្នុងបរិយាកាសព្រៃឈើ ដោយការដើរយឺតៗ អង្គុយស្ងៀមស្ងាត់ សង្កេតមើលធម្មជាតិ និងស្រូបយកខ្យល់ព្រៃ។

ទ្រឹស្តីវិទ្យាសាស្ត្រ៖ ដើមឈើបញ្ចេញសារធាតុគីមីម្យ៉ាងឈ្មោះថា Phytoncides (ជាប្រេងអាកាសធាតុដែលរុក្ខជាតិផលិត ដើម្បីការពារខ្លួនពីបាក់តេរី និងសត្វល្អិត)។ នៅពេលយើងនៅជិត ឬនៅក្បេរដើមឈើ យើងបានដកដង្ហើមស្រូបយកសារធាតុ Phytoncides ទាំងនេះ។

ផលប្រយោជន៍ដែលការសិក្សាបានរកឃើញ៖

*ពង្រឹងប្រព័ន្ធការពាររាងកាយ (Immune System)៖ ជួយបង្កើនកោសិកា NK Cells (Natural Killer Cells) ដែលជួយប្រយុទ្ធប្រឆាំងនឹងវីរុស និងកោសិកាមហារីក។
*ទម្លាក់សម្ពាធឈាម និងកាត់បន្ថយភាពតានតឹង៖ ការប៉ះពាល់ ឬនៅក្បែរដើមឈើជួយបញ្ចេញអ័រម៉ូនរីករាយដូចជា Oxytocin និងកាត់បន្ថយចង្វាក់បេះដូងដែលលោតញាប់។

លោកវេជ្ជបណ្ឌិត លុយ សមសក្តិ បានសេចក្តីសន្និដ្ឋានថា ទោះបីជាអ្នកវិទ្យាសាស្ត្រមួយចំនួននៅតែចាត់ទុក «Earthing» ថាជានិន្នាការជំនឿសុខភាពបន្ថែម (Alternative Health) ក៏ដោយ ប៉ុន្តែការសិក្សាផ្នែកជីវរូបវិទ្យា Biophysics និងចិត្តវិទ្យា Psychology ជាច្រើនសុទ្ធតែយល់ស្របថា ការភ្ជាប់ទំនាក់ទំនងរាងកាយជាមួយធម្មជាតិ (Nature Connection) ពិតជាផ្តល់ផលវិជ្ជមានច្បាស់លាស់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តពិតប្រាកដមែន។

ប្រសិនបើលោកអ្នកមានពេលទំនេរ ការដើរជើងទទេលើស្មៅ ឬឆ្នេរខ្សាច់ និងលំហែកាយនៅតំបន់មានដើមឈើ គឺជាវិធីសាស្រ្តធម្មជាតិដែលងាយស្រួល គ្មានការចំណាយ និងមានសុវត្ថិភាពបំផុត៕