ចំណេះដឹងទូទៅ៖ មកស្គាល់ការដាក់ពិន័យដ៏ចម្លែកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់
29-07-2026 21:06
(ភ្នំពេញ)៖ ថ្ងៃនេះ Fresh News សូមចែករំលែកចំណេះដឹងទូទៅមួយ ដែលជារឿងដាក់ពិន័យដ៏ចម្លែកគួរឲ្យចង់ដឹង ព្រោះវាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់ទាល់តែសោះ។
នោះគឺការបង្កកំហុសយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងការប្រកួតបាល់ទាត់ប្រេស៉ីលរវាងក្រុម Internacional និង Cruzeiro ដែលខ្សែការពារ Internacional កីឡាករ Victor Gabriel បានបង្កកំហុសលើកីឡាករ Gabriel Pec របស់ក្រុម Cruzeiro។ ជាលទ្ធផល កីឡាករ Gabriel Pec បានរងរបួសបាក់ឆ្អឹងស្មងជើង ក្នុងពេលបង្ហាញខ្លួនជាផ្លូវការលើកដំបូងរបស់គាត់សម្រាប់ក្រុម Cruzeiro។
កីឡាករ Victor Gabriel ត្រូវបានពិន័យកាតក្រហមចំពោះកំហុសនោះ ហើយត្រូវបានព្យួរដោយតុលាការកំពូលយុត្តិធម៌កីឡាប្រេស៉ីល (STJD)។ STJD បានរកឃើញថា Victor Gabriel មានទោសពីបទប្រព្រឹត្តអំពើហិង្សា និងបានអនុវត្តបទប្បញ្ញត្តិ ដែលតម្រូវឲ្យមានការព្យួរការប្រកួតយូរ។
ពោលគឺ Victor Gabriel ត្រូវបានព្យួរចំនួន ៦ ប្រកួត បូករួមទាំងរហូតដល់ Gabriel Pec អាចត្រឡប់មកហ្វឹកហាត់វិញ ដោយការហាមឃាត់សរុបមានរយៈពេលអតិបរមា ១៨០ ថ្ងៃ (៦ ខែ)។ ប្រសិនបើ Pec អវត្តមាន ៦ ខែ Victor Gabriel ក៏នឹងត្រូវហាមឃាត់ក្នុងរយៈពេលដូចគ្នាដែរ។
ការប្រកួតនេះបានធ្វើឡើងនៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦។ វាជាការប្រកួតជុំទី១៩ នៃពានរង្វាន់ Campeonato Brasileiro Série A ដែលរៀបចំឡើងនៅកីឡដ្ឋាន Beira-Rio។ ការប្រកួតនេះ ក្រុម Cruzeiro ឈ្នះក្នុងលទ្ធផល ២-១។
មាត្រា២៥៤ នៃក្រមយុត្តិធម៌កីឡាប្រេស៉ីល ដាក់ទោសការលេងហិង្សា ដោយព្យួរការប្រកួតពី ១ ទៅ ៦ លើក ចំពោះទង្វើបង្កគ្រោះថ្នាក់ដល់គូប្រកួត។ កថាខណ្ឌទី៣ ចែងថា ការពិន័យអាចឡើងដល់ ១៨០ថ្ងៃ ប្រសិនបើរបួសជនរងគ្រោះធ្ងន់ធ្ងរ និងរយៈពេលវែង ដើម្បីធានាថាអ្នកប្រព្រឹត្តនៅតែមិនអាចចូលលេងបាន រហូតដល់ជនរងគ្រោះអាចត្រឡប់មកហ្វឹកហាត់វិញ៕





