ចំណេះដឹងទូទៅ៖ អត្ថន័យពាក្យ «សាស្ត្រាចារ្យ សាស្ត្រាចារ្យរង និងសាស្ត្រាចារ្យជំនួយ» ក្នុងបរិបទពិភពលោក
07-08-2026 20:18
(ភ្នំពេញ)៖ តើអ្នកដឹងទេ គោរមងារសាស្ត្រាចារ្យ សាស្ត្រាចារ្យរង និងសាស្ត្រាចារ្យជំនួយ ខុសគ្នាយ៉ាងណា? ថ្ងៃនេះ Fresh News នឹងបកស្រាយពាក្យទាំងនេះដូចតទៅ។ ជាទូទៅ នៅក្នុងបរិបទពិភពលោក មុននឹងទទួលបានគោរមងារទាំងនេះ លោកអ្នកត្រូវមានបញ្ចប់ថ្នាក់បណ្ឌិតសិន។
សាស្ត្រាចារ្យជំនួយ ឬ Assistant Professor
នេះជាសាស្ត្រាចារ្យកម្រិតដំបូង ដែលទើបបញ្ចប់ថ្នាក់ខ្ពស់បំផុត ដូចជាបណ្ឌិត។ កម្រិតនេះ គឺកំពុងស្ថិតក្នុងផ្លូវឆ្ពោះទៅរកតំណែងអចិន្ត្រៃយ៍ មានន័យថា មិនទាន់ទទួលបានតំណែងអចិន្ត្រៃយ៍ទេ ប៉ុន្តែកំពុងខិតខំដើម្បីយកគោរមងារមួយកម្រិតទៀត គឺសាស្ត្រាចារ្យរង (ជាធម្មតាត្រូវបានវាយតម្លៃបន្ទាប់ពី ៥ ទៅ ៧ ឆ្នាំ)។ ចំពោះទំនួលខុសត្រូវ គឺបង្រៀនថ្នាក់ រៀបចំកម្មវិធីស្រាវជ្រាវ បោះពុម្ពផ្សាយអត្ថបទ និងបម្រើការងារក្នុងគណៈកម្មាធិការតូចៗ។
សាស្ត្រាចារ្យរង ឬ Associate Professor
សាស្ត្រាចារ្យរង គឺជាសមាជិកមហាវិទ្យាល័យ ដែលបានទទួលការដំឡើងឋានៈ បន្ទាប់ពីការវាយតម្លៃយ៉ាងម៉ត់ចត់ លើការស្រាវជ្រាវ ការបង្រៀន និងការបំពេញភារកិច្ច។ ជាធម្មតា សាស្ត្រាចារ្យរង ត្រូវបានផ្ដល់តំណែង នៅពេលដំឡើងឋានៈពីសាស្ត្រាចារ្យជំនួយ ដែលនាំឲ្យសាស្ត្រាចារ្យរង អាចបំពេញការងាររយៈពេលវែងនៅមហាវិទ្យាល័យ។ ចំពោះទំនួលខុសត្រូវ គឺណែនាំសមាជិកមហាវិទ្យាល័យវ័យក្មេង និងនិស្សិត ទទួលបន្ទុកកិច្ចការរដ្ឋបាលកាន់តែច្រើន និងបន្តការស្រាវជ្រាវដែលបានបង្កើតឡើង។
សាស្រ្តាចារ្យ ឬ Professor (Full Professor)
នេះជាឋានៈផ្នែកអ្នកសិក្សាខ្ពស់បំផុត ដែលអាចទទួលបានក្នុងដេប៉ាតឺម៉ង់សាកលវិទ្យាល័យ។ សាស្រ្តាចារ្យ មានសិទ្ធិកាន់តំណែងពេញសិទ្ធិ និងអចិន្ត្រៃយ៍ ជាមួយនឹងកម្រិតជាន់ខ្ពស់បំផុត។ ចំពោះទំនួលខុសត្រូវ គឺត្រូវបានទទួលស្គាល់ជាអ្នកដឹកនាំថ្នាក់ជាតិ ឬអន្តរជាតិក្នុងវិស័យរបស់ខ្លួន គ្រប់គ្រងមូលនិធិស្រាវជ្រាវទ្រង់ទ្រាយធំ ណែនាំនិស្សិតថ្នាក់ក្រោយឧត្តមសិក្សា និងមើលការខុសត្រូវលើការដឹកនាំសាកលវិទ្យាល័យ ឬអភិបាលកិច្ចសិក្សា ឬការណែនាំស្ថាប័ន ឬភាពជាអ្នកដឹកនាំឧត្តមសិក្សា ដែលសម្តៅដល់ការដឹកនាំគោលនយោបាយ យុទ្ធសាស្ត្រ និងបេសកកម្មសិក្សាជារួមរបស់គ្រឹះស្ថានឧត្តមសិក្សា។
តើបណ្ឌិត និងសាស្ត្រាចារ្យ មួយណាខ្ពស់ជាង?
នេះជារឿងមិនអាចធៀបបាន។ សាស្ត្រាចារ្យភាគច្រើនមានងារជា «បណ្ឌិត» រួចទៅហើយ ព្រោះជាទូទៅពួកគាត់ តម្រូវឱ្យមានសញ្ញាបត្របណ្ឌិតដើម្បីទទួលបានមុខតំណែងនេះ។ បណ្ឌិត គឺសម្តៅដល់បុគ្គល ដែលមានសញ្ញាបត្រក្រោយបញ្ចប់ការសិក្សា រីឯសាស្ត្រាចារ្យរង សាស្ត្រាចារ្យរងជាន់ខ្ពស់ និងសាស្ត្រាចារ្យពេញសិទ្ធិ គឺជាមុខតំណែងការងារ។ ភាពខុសគ្នានៅត្រង់ថា បណ្ឌិត (Doctor) គឺជាសញ្ញាបត្រមួយ ដែលបញ្ជាក់ថាបុគ្គលបានបញ្ចប់ការសិក្សាកម្រិតខ្ពស់បំផុតក្នុងជំនាញរបស់ខ្លួន ដូចជា បណ្ឌិតទស្សនវិជ្ជា (PhD), បណ្ឌិតវេជ្ជសាស្ត្រ (MD), ឬបណ្ឌិតអប់រំ (EdD)។ នៅពេលទទួលបានសញ្ញាបត្រនេះ អ្នកនឹងរក្សាតំណែងនេះអស់មួយជីវិត ដោយមិនគិតពីមុខតំណែងការងារឡើយ។ តំណែងសាស្រ្តាចារ្យ គឺជាមុខតំណែងការងារជាក់លាក់នៅក្នុងសាកលវិទ្យាល័យ។
ដើម្បីស្វែងយល់ពីអន្តរកម្ម សូមពិនិត្យមើលឋានានុក្រម៖
* បណ្ឌិត ប៉ុន្តែមិនមែនជាសាស្ត្រាចារ្យ៖ ជាបុគ្គលដែលមានសញ្ញាបត្របណ្ឌិត ប៉ុន្តែបម្រើការងារក្នុងវិស័យឯកជន ឬធ្វើការនៅសាកលវិទ្យាល័យក្នុងតួនាទីមិនមែនបង្រៀន (ដូចជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ)។
* សាស្ត្រាចារ្យជំនួយ / សាស្ត្រាចារ្យរង / សាស្ត្រាចារ្យ៖ ជាបុគ្គលដែលមានសញ្ញាបត្របណ្ឌិត ហើយត្រូវបានជ្រើសរើសចូលក្នុងមុខតំណែងអាជីពជាសាស្ត្រាចារ្យ។
តើគោរមងារមួយណាមានអាទិភាពជាង? នៅក្នុងបរិបទសិក្សា សាស្ត្រាចារ្យ (Professor) គឺជាឋានៈវិជ្ជាជីវៈខ្ពស់ជាងបណ្ឌិត (Doctor)។ ប្រសិនបើបុគ្គលណាម្នាក់ជាសាស្ត្រាចារ្យ ការហៅពួកគាត់ថា «សាស្ត្រាចារ្យ [នាមត្រកូល]» គឺត្រឹមត្រូវ និងសមរម្យជាងការហៅថា «បណ្ឌិត [នាមត្រកូល]» ព្រោះវាទទួលស្គាល់ទាំងកម្រិតសញ្ញាបត្រជាន់ខ្ពស់ និងឋានៈការងារដ៏មានកិត្យានុភាពរបស់ពួកគាត់។ ឧទាហរណ៍ សាស្ត្រាចារ្យ សេម។
ខាងលើនេះជាការបកស្រាយពីបរិបទទូទៅលើពិភពលោក។
ដោយឡែក នៅកម្ពុជាមានភាពមិនប្រក្រតីបន្តិចនៅត្រង់ថា មានអ្នកទទួលបានគោរមងារ សាស្ត្រាចារ្យជំនួយ / សាស្ត្រាចារ្យរង / សាស្ត្រាចារ្យ ដោយមិនទាន់ចប់ថ្នាក់បណ្ឌិត។ ជាពិសេស មានទាំងការហៅថា សាស្ត្រាចារ្យបណ្ឌិត ទៅទៀត។
គោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា ចែកចេញជា២ រួមមាន៖
* ទី១៖ គោរមងារវិទ្យាសាស្ត្រ៖ អគ្គមហាបណ្ឌិតសភាចារ្យទិសាបាមោក្ខ, អគ្គបណ្ឌិតសភាចារ្យ និងបណ្ឌិតសភាចារ្យ។
* ទី២៖ គោរមងារកិក្តិយស៖ កិត្តិព្រឹទ្ធបណ្ឌិត, កិត្តិបរិរក្សបណ្ឌិត, កិត្តិសេដ្ឋាបណ្ឌិត, កិត្តិសង្គហបណ្ឌិត, កិតិ្តនីតិកោសលបណ្ឌិត, កិត្តិឧទ្ទេសបណ្ឌិត និងកិត្តិបណ្ឌិត៕



