ចំណេះដឹងទូទៅ៖ អ្នកបើកយន្តហោះដំបូងគេលំដាប់ទី២ មរណភាពនៅអាយុ ៤០ឆ្នាំ គឺជានរណា?

12-08-2026 21:28

(ភ្នំពេញ)៖ នៅខែកក្កដា ឆ្នាំ២០២៦ គឺជាខួប ១៥០ឆ្នាំ នៃកំណើតរបស់លោក Sergei Utochkin ដែលជាអ្នកបើកបរយន្តហោះដំបូងគេបង្អស់មួយរូប (អ្នកបើកយន្តហោះដំបូងគឺលោក Mikhail Efimov) និងជាកីឡាករដ៏ល្បីល្បាញរបស់ប្រទេសរុស្ស៊ី។

នៅដើមសតវត្សរ៍ទី២០ លោកបានបង្កើតយន្តហោះស្លាបពីរ (Biplane) ដោយខ្លួនឯង និងបានធ្វើការហោះហើរបង្ហាញគំរូប្រមាណ ១៥០លើក នៅក្នុងទីក្រុងផ្សេងៗនៃប្រទេសរុស្ស៊ី និងនៅបរទេស។

មនុស្សក្នុងជំនាន់នោះបានប្រសិទ្ធនាមលោកថាជា «Leonardo da Vinci ក្នុងវិស័យកីឡា»។ លោកធ្លាប់ជាជើងឯកប្រណាំងកង់ថ្នាក់ជាតិរុស្ស៊ី និងបានឈ្នះពានរង្វាន់ក្នុងការប្រកួតដ៏ឆ្នើមនៅប្រទេសព័រទុយហ្គាល់ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងកីឡាប្រដាល់ បោកចំបាប់ ស្គីលើទឹកកក និងអុំទូក។ លើសពីនេះ លោកក៏បានចូលរួមយ៉ាងសកម្មក្នុងកីឡាប្រណាំងទូកក្តោង បាល់ទាត់ និងការប្រណាំងឡាន-ម៉ូតូផងដែរ។

លោក Sergei Utochkin គឺជាអ្នកបើកបរយន្តហោះដំបូងគេដែលបានហោះហើរលើមេឃនៃទីក្រុងម៉ូស្គូ។ លោកបានបង្ហាញការបើកបរយន្តហោះបែបសម្តែងញាប់ញ័រ ដែលធ្វើឱ្យរាល់ការហោះហើរក្លាយជាព្រឹត្តិការណ៍ដ៏ទាក់ទាញបំផុត។ ក្នុងចំណោមទស្សនិកជនដែលបានទស្សនាដោយក្តីកោតសរសើរ មានកុមារ និងយុវជនជាច្រើនដែលក្រោយមកបានក្លាយជាអ្នកឌីហ្សាញយន្តហោះ និងជាអ្នកបើកបរយន្តហោះដ៏ល្បីល្បាញ ដូចជាលោក Sergei Korolev, Pavel Sukhoi, Nikolai Polikarpov, Alexander Mikulin និង Igor Sikorsky ជាដើម។

ជីវិត និងសកម្មភាពរបស់លោក Sergei Utochkin គឺពោរពេញដោយគ្រោះថ្នាក់ជានិច្ច។ នៅខែកក្កដា ឆ្នាំ១៩១១ ក្នុងអំឡុងពេលនៃការហោះហើរផ្លូវឆ្ងាយលើកដំបូងបង្អស់ក្នុងប្រទេសរុស្ស៊ី ពីទីក្រុងសាំងពែទ័រប៊ឺហ្គ ទៅកាន់ទីក្រុងម៉ូស្គូ យន្តហោះរបស់លោកបានជួបគ្រោះថ្នាក់ធ្លាក់ បណ្តាលឱ្យលោកបាក់ជើង បាក់ដៃ បាក់ឆ្អឹងដងកាំបិត និងរងរបួសធ្ងន់ធ្ងរត្រង់ទ្រូង និងក្បាល។ លោកបានចេញពីមន្ទីរពេទ្យនៅរដូវស្លឹកឈើជ្រុះ ឆ្នាំ១៩១៣ ប៉ុន្តែមិនអាចជាសះស្បើយទាំងស្រុងនោះទេ។

លោក Sergei Utochkin បានទទួលមរណភាពនៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩១៦ ក្នុងទីក្រុង Saint Petersburg (កាលនោះហៅថា Petrograd) ក្នុងជន្មាយុ ៤០ឆ្នាំ ហើយសពរបស់លោកត្រូវបានបូជានៅទីសក្ការៈដ្ឋាន «តំបន់អ្នកបើកបរយន្តហោះ» នៃវាល Aleksandr Nevsky Lavra។

វីរបុរសនៃលំហអាកាសរូបនេះ បានបន្សល់ទុកនូវស្នាដៃដ៏ត្រចះត្រចង់ក្នុងវិស័យអាកាសចរណ៍ ពោលលោកគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកបង្កើតគ្រឹះដំបូងនៃកីឡាអាជីព និងវិស័យអាកាសចរណ៍នៅរុស្ស៊ី។ ការហោះហើររបស់លោកបានបំផុសគំនិតយុវជន អ្នកបើកបរយន្តហោះ និងវិស្វករជំនាន់ក្រោយជាច្រើន ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតក្លឹប និងសាលាអាកាសចរណ៍ផងដែរ៕

ប្រភព៖ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី (ផ្ទះវប្បធម៌រុស្ស៊ី)