* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ចំណេះដឹងទូទៅ៖  ដោយសារបំរាមឲ្យរៀនត្រឹមថ្នាក់ទី៦! ក្មេងស្រីអាហ្វហ្គានីស្ថានជាង ២លាននាក់ មិនអាចចូលរៀនអនុវិទ្យាល័យ

14-08-2026 20:02

(ភ្នំពេញ)៖ ក្មេងស្រីអាហ្វហ្គានីស្ថាន ប្រមាណ ២,៤លាននាក់ ត្រូវបានហាមឃាត់ឱ្យចូលរៀននៅអនុវិទ្យាល័យ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលតាលីបង់ ដែលបានដាក់បំរាមលើការអប់រំ លើសពីថ្នាក់ទី៦ ចាប់តាំងពីឆ្នាំ២០២១។

អង្គការយូណេស្កូ បានឲ្យដឹងថា បច្ចុប្បន្ន (គិតត្រឹមខែសីហា ឆ្នាំ២០២៦) ក្មេងស្រីអាហ្វហ្គានីស្ថានប្រមាណ ២,៤ លាននាក់ ត្រូវបានហាមឃាត់ការឲ្យចូលរៀននៅកម្រិតមធ្យមសិក្សា ដែលជាការកើនឡើង ២០០.០០០ នាក់ពីឆ្នាំមុន។ ចំនួននេះអាចកើនដល់ជិត ៤ លាននាក់ នៅឆ្នាំ២០៣០ ប្រសិនបើរបបតាលីបង់មិនដកការរឹតបន្តឹងរបស់ខ្លួន។

បច្ចុប្បន្ន អាហ្វហ្គានីស្ថាន គឺជាប្រទេសតែមួយគត់ក្នុងពិភពលោក ដែលក្មេងស្រី និងស្ត្រីត្រូវបានហាមឃាត់ការឲ្យចូលរៀននៅសាលាមធ្យមសិក្សា និងសាកលវិទ្យាល័យ។ ក្មេងស្រីត្រូវបានដកចេញពីការអប់រំមធ្យមសិក្សាក្នុងខែមីនា ឆ្នាំ២០២២ បន្ទាប់មកមានការហាមឃាត់ស្ត្រីមិនឲ្យចូលសាកលវិទ្យាល័យក្នុងខែធ្នូ ឆ្នាំ២០២២។

ការរឹតបន្តឹងទាំងនេះ ក៏បានប៉ះពាល់ដល់ប្រព័ន្ធអប់រំទាំងមូលផងដែរ។ ក្រុមតាលីបង់ បានហាមឃាត់ស្ត្រីបង្រៀនក្មេងប្រុស ដែលរួមចំណែកដល់ការខ្វះខាតគ្រូបង្រៀនស្រី ដែលមានសមត្ថភាពជាង ១១.០០០នាក់ នៅឆ្នាំ២០៣០។

ប្រព័ន្ធអប់រំរបស់អាហ្វហ្គានីស្ថាន ប្រឈមនឹងបញ្ហាបន្ថែមទៀត រួមមាន សាលារៀនដែលណែនណាន់តាន់តាប់ និងខ្វះសម្ភារៈបរិក្ខារ ការខ្វះខាតទឹកស្អាត និងអនាម័យ គ្រោះមហន្តរាយធម្មជាតិ និងការលំបាកក្នុងការសិក្សាជាទូទៅ។ កុមារអាយុបឋមសិក្សាជាង ២លាននាក់ មិនបានចូលរៀន ខណៈដែលប្រហែល ៩០% នៃកុមារអាយុ ១០ឆ្នាំ មិនអាចអានអត្ថបទសាមញ្ញបាន។ អត្រាអក្ខរកម្មជាតិត្រូវបានប៉ាន់ប្រមាណថាមានត្រឹមតែ ៣៧% ប៉ុណ្ណោះ។

ទោះបីជាមានសម្ពាធអន្តរជាតិក៏ដោយ ក្រុមតាលីបង់នៅតែបន្តការពារការរឹតបន្តឹងទាំងនេះថាជាកិច្ចការផ្ទៃក្នុង ហើយបានបដិសេធការអំពាវនាវឲ្យស្តារសិទ្ធិទទួលបានការអប់រំរបស់ក្មេងស្រី និងស្ត្រីឡើងវិញ៕