ចំណេះដឹងទូទៅ៖ យល់ញាតិ ឃ្លាតច្បាប់! រឿងដែលអតីតអភិបាលក្រុងស៊ាងហៃ ទទួលបានការកោតសរសើរ និងជាប់រហស្សនាម «លោក ត្រាមួយ»
21-08-2026 22:04
(ភ្នំពេញ)៖ លោក Zhu Rongji (ជូ រ៉ុងជី) អតីតអភិបាលក្រុងស៊ាងហៃ ដែលគេស្គាល់ថា «មេធំសេដ្ឋកិច្ច» ដែលបានជួយប្រែក្លាយប្រទេសចិនទៅជាមហាអំណាច បានទទួលមរណភាពក្នុងជន្មាយុ ៩៧ឆ្នាំ។ បុរស ដែលទទួលបានការកោតសរសើរ និងជាប់រហស្សនាម «លោក ត្រាមួយ» បានធ្វើរឿងមួយដ៏ល្អបំផុត ប៉ុន្តែរឿងនោះអាចមិនសូវល្អក្នុងបរិបទគ្រួសារលោក សមដូចនឹងពាក្យខ្មែរថា «យល់ញាតិ ឃ្លាត់ច្បាប់»។ តើរឿងនោះមានសាវតារយ៉ាងណា?
នៅពេលដែល លោក ជូ រ៉ុងជី បានក្លាយជាអភិបាលក្រុងស៊ាងហៃ (ចំកន្លែងខ្លាញ់) ក្នុងឆ្នាំ១៩៨៨ លោកបាននាំមកនូវឥរិយាបថម៉ឺងម៉ាត់ និងមិនអត់ឱនទាល់តែសោះចំពោះការយោគ យល់និយម និងភាពអសមត្ថភាពនៃប្រព័ន្ធរដ្ឋបាល។ នៅក្នុងវប្បធម៌មួយដែលអំណាចនយោបាយត្រូវបានគេប្រើប្រាស់ជាទម្លាប់ដើម្បីដោះដូរផលប្រយោជន៍ផ្ទាល់ខ្លួន លោក Zhu បានគូសបន្ទាត់ព្រំដែនយ៉ាងច្បាស់លាស់ចាប់តាំងពីថ្ងៃដំបូងមកម្ល៉េះ។
បន្ទាប់ពីកាន់តំណែងបានបន្តិច សាច់ញាតិឆ្ងាយពីរនាក់របស់លោកបានមកហូបបាយល្ងាចនៅផ្ទះរបស់លោក។ ក្នុងអំឡុងពេលហូបអាហារ ពួកគេបានសុំឱ្យលោកប្រើអំណាចថ្មីរបស់លោក ដើម្បីជួយរំលងច្បាប់ចុះបញ្ជីគ្រួសារ (សៀវភៅ គ្រួសារ ឬ hukou) ដ៏ម៉ឺងម៉ាត់របស់ស៊ាងហៃ ដើម្បីឱ្យគ្រួសាររបស់ពួកគេអាចផ្លាស់ប្តូរទីលំនៅមក រស់នៅក្នុងទីក្រុងនេះបាន។
លោក Zhu បានស្តាប់ដោយអត់ធ្មត់ រៀបចំអាហារជូនពួកគេ រួចក៏បានបដិសេធដាច់អហង្ការថា៖ «អ្វីដែលខ្ញុំអាចធ្វើបាននៅក្នុងព្រំដែននៃច្បាប់ ខ្ញុំបានធ្វើរួចរាល់ហើយ។ អ្វីដែលខ្ញុំមិនអាចធ្វើបានដោយស្របច្បាប់ ខ្ញុំនឹងមិនធ្វើជាដាច់ខាត ទោះបីជាសម្រាប់គ្រួសាររបស់ខ្ញុំផ្ទាល់ក៏ដោយ»។
ការបដិសេធដាច់ខាតក្នុងការបំពានច្បាប់ដើម្បីសាច់ញាតិបែបនេះ បានកំណត់ជាគោលការណ៍សម្រាប់រដ្ឋបាលទាំងមូលរបស់លោក ប៉ុន្តែការស្អប់ខ្ពើមរបស់លោកចំពោះការយោគយល់និយមរបស់មន្ត្រី គឺមានកម្រិតស្មើគ្នានឹងការស្អប់ខ្ពើមចំពោះអំពើខ្ជះខ្ជាយក្នុងប្រព័ន្ធរដ្ឋបាលផងដែរ។
ក្នុងពេលប្រហាក់ប្រហែលគ្នានោះ លោក Zhu បានរកឃើញថាក្រុមហ៊ុនបរទេសដែលចង់សាងសង់រោងចក្រនៅស៊ាងហៃ ត្រូវដើររត់ការរវាងការិយាល័យរដ្ឋាភិបាលរាប់សិបកន្លែង និងប្រមូលត្រាអនុម័តផ្លូវការច្រើនជាង ១០០ត្រា (ដែលក្នុងស្រុកហៅថា "chops") មុនពេលអាចចាប់ផ្តើមបុកគ្រឹះសាងសង់បាន។ ដោយសារតែការធុញទ្រាន់នឹងភាពយឺតយ៉ាវ និងគ្មានប្រសិទ្ធភាពនេះ លោកបានបង្កើត «ការិយាល័យរដ្ឋបាលរួមមួយ» (unified administrative hall) ដែលប្រមូលផ្តុំគ្រប់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ឱ្យមកស្ថិតនៅក្រោមដំបូលតែមួយ។ វិនិយោគិនបរទេសឥឡូវនេះអាចដើរចូលទៅ ហើយទទួលបានរាល់ហត្ថលេខាចាំបាច់ទាំងអស់នៅទីតាំងតែមួយគត់ (ស្រុកខ្មែរយើងហៅច្រកចេញចូលតែមួយ One window service)។
ការសម្រេចចិត្តនេះ បានធ្វើឱ្យលោកទទួលបានរហស្សនាមជាប់រហូត នៅក្នុងសហគមន៍អាជីវកម្មថា «លោក ត្រាមួយ (Mr. One Chop)»។
មិនថាតទល់ជាមួយសាច់ញាតិជិតស្និទ្ធ ដែលស្នើសុំផ្លូវកាត់ ឬមន្ត្រីរដ្ឋបាលជើងចាស់ ដែលបង្កការពន្យារពេលដោយចេតនាដើម្បីគោះយកលុយនោះទេ លោក Zhu បានធ្វើឱ្យគេឃើញច្បាស់ថា បទបញ្ញត្តិនៅក្នុងទីក្រុងស៊ាងហៃ គឺធ្វើឡើងដើម្បីរក្សាសណ្ដាប់ធ្នាប់ប្រព័ន្ធ មិនមែនដើម្បីបម្រើមុខមាត់នយោបាយ ឬចំណងគ្រួសារឡើយ។
លោក Zhu ទ្បើងកាន់តំណែងនាយករដ្ឋមន្ត្រីទី៥ របស់ចិន ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣។ លោកទទួលមរណភាពថ្មីៗនេះ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩៨ឆ្នាំ៕
ប្រភព៖ Visoth Sean និង CNN





