ចំណេះដឹងទូទៅ៖ ការប្រើប្រាស់ក្រយៅដៃ និងទម្រង់មុខ (Biometrics), ដោះសោលឿន និងសុវត្ថិភាពខ្ពស់
28-08-2026 20:11
(ភ្នំពេញ)៖ តើអ្នកដឹងទេ? ការប្រើប្រាស់ក្រយៅដៃ និងទម្រង់មុខ (Biometrics) ពិតជាជួយក្នុងការដោះសោលឿន ហើយមានសុវត្ថិភាពខ្ពស់។
*បញ្ហា៖ ការលួចមើលលេខសម្ងាត់ពីក្រោយខ្នង (Shoulder Surfing)
ស្រមៃថាអ្នកកំពុងអង្គុយនៅក្នុងហាងកាហ្វេដ៏មានមនុស្សអ៊ូអរ ឬកំពុងជិះកង់បី (Tuk-Tuk) ជាមួយមនុស្សប្លែកមុខ។ រាល់ពេលដែលអ្នកចុចលេខសម្ងាត់នៅលើអេក្រង់ អ្នកផ្សេងដែលអង្គុយក្បែរ ឬឈរពីក្រោយ អាចលួចមើល និងចងចាំលេខកូដរបស់អ្នកបានយ៉ាងងាយស្រួល។ ក្នុងភាសាសន្តិសុខសាយប័រ គេហៅសកម្មភាពនេះថា Shoulder Surfing (ការលួចមើលពីក្រោយខ្នង)។
*ដំណោះស្រាយ៖ បច្ចេកវិទ្យាជីវមាត្រ (Biometrics)
ដើម្បីកុំឱ្យគេលួចមើលលេខសម្ងាត់បាន ហើយក៏មិនបាច់ពិបាកចុចលេខញឹកញាប់ វិធីដ៏ល្អបំផុតគឺការបើកមុខងារ ស្កេនក្រយៅដៃ (Fingerprint) ឬ ស្កេនទម្រង់មុខ (Face ID)។
-លឿនជាងមុន៖ គ្រាន់តែសម្លឹងមើលអេក្រង់ ឬដាក់ដៃលើប៊ូតុង ទូរស័ព្ទនឹងដោះសោភ្លាមៗ។
-សុវត្ថិភាពខ្ពស់៖ គ្មាននរណាម្នាក់មានទម្រង់មុខ ឬក្រយៅដៃដូចអ្នកនោះទេ ទោះបីជាបងប្អូនបង្កើតក៏ដោយ។
-ការពារការលួចមើល៖ ដោយសារអ្នកមិនបាច់ចុចលេខ ជនខិលខូចដែលលួចមើលពីក្រោយខ្នង នឹងមិនអាចដឹងកូដរបស់អ្នកឡើយ។
*ចំណុចពិសេសសម្រាប់អ្នកប្រើ iPhone
Apple មានមុខងារមួយហៅថា Require Attention for Face ID។ មុខងារនេះតម្រូវឱ្យភ្នែករបស់អ្នកបើក និងសម្លឹងមើលចំអេក្រង់ ទើបទូរសព្ទព្រមដោះសោ។ វាជួយការពារមិនឱ្យជនខិលខូចយកទូរសព្ទមកស្កេនមុខអ្នក ដើម្បីដោះសោ ក្នុងពេលដែលអ្នកកំពុងគេងលក់។
*សកម្មភាពប្រចាំថ្ងៃរបស់អ្នក (Action Item)
ចំណាយពេលត្រឹម ១ នាទី ដើម្បីដំឡើងមុខងារនេះនៅលើទូរស័ព្ទរបស់អ្នក៖
ក. សម្រាប់ទូរសព្ទ Android៖
-ចូលទៅកាន់ Settings (ការកំណត់) រួចចុច Security & Privacy (សុវត្ថិភាព និងឯកជនភាព)
-ជ្រើសរើស Biometrics (ជីវមាត្រ)
-ចុចជ្រើសរើស Fingerprints (ក្រយៅដៃ) ឬ Face Recognition (ចំណាំផ្ទៃមុខ) រួចធ្វើតាមការណែនាំ។
ខ. សម្រាប់ទូរសព្ទ iPhone៖
-ចូលទៅកាន់ Settings រួចចុច Face ID & Passcode
-ចុចលើ Set Up Face ID (ដំឡើង Face ID)
-អូសចុះក្រោមបន្តិច រួចបើកមុខងារ Require Attention for Face ID (ទាមទារការយកចិត្តទុកដាក់សម្រាប់ Face ID) ឱ្យលោតពណ៌បៃតង៕
ដោយ៖ លោក អ៊ូ ផាន់ណារិទ្ធ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI)



