ចំណេះដឹងទូទៅ៖ អាយុ ១១៧ឆ្នាំ, មកស្គាល់ស្ត្រីម្នាក់ អាយុវែងជាងគេលើពិភពលោក កំពុងមានជីវិត

02-09-2026 21:22

(ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលធ្លាប់ឆ្លងកាត់សម័យកាលសង្គ្រាមលោកពីរលើក ការលិចកប៉ាល់ទីតានិក បដិវត្តន៍រុស្ស៊ី ការរីកចម្រើននៃទូរទស្សន៍ កុំព្យូទ័រ អ៉ីនធឺណិត និងបញ្ញាសិប្បនិម្មិត។ លោកយាយនៅតែមានវត្តមាន។

លោកយាយ Ethel Caterham បានឈានចូលវ័យ ១១៧ ឆ្នាំជាផ្លូវការ ដោយធ្វើឱ្យគាត់ក្លាយជាមនុស្សចាស់ជាងគេបំផុតនៅលើពិភពលោក និងជាជនជាតិអង់គ្លេសដំបូងគេដែលបានរស់នៅដល់អាយុ ១១៧ឆ្នាំ។ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩០៩ នៅ Hampshire ប្រទេសអង់គ្លេស លោកយាយបានកើតក្នុងរជ្ជកាលព្រះបាទ Edward ទី៧ និងបានឆ្លងកាត់ប្រវត្តិសាស្ត្រមនុស្សជាតិដ៏អស្ចារ្យអស់រយៈពេល ១២ទសវត្សរ៍។

កាលលោកយាយ Ethel កើតមក យន្តហោះនៅតែជាការបង្កើតថ្មី វិទ្យុពាណិជ្ជកម្មទើបតែចាប់ផ្តើម ហើយពិភពលោកសម័យទំនើបក៏មិនដូចឥលូវ។ លោកយាយមានអាយុត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ នៅពេលសង្គ្រាមលោកលើកទី១ បានចាប់ផ្តើម ហើយក្រោយមកបានឆ្លងកាត់សង្គ្រាមលោកលើកទី២ ការចុះចតលើឋានព្រះច័ន្ទ បដិវត្តន៍ឌីជីថល និងជំងឺរាតត្បាតកូវីដ-១៩ ដែលលោកយាយផ្ទាល់បានឆ្លងជំងឺនេះ និងជាមកវិញ កាលនៅអាយុ ១១០ឆ្នាំ។

ជីវិតរបស់លោកយាយពិតជាអស្ចារ្យ បើមើលតាមរបៀបផ្សេងទៀត។ នៅអាយុ ១៨ឆ្នាំ លោកយាយបានធ្វើដំណើរតែម្នាក់ឯងតាមកប៉ាល់ទៅកាន់ប្រទេសឥណ្ឌា ជាកន្លែងដែលលោកយាយបានធ្វើការជាមេដោះ សម្រាប់គ្រួសារយោធា។ ក្រោយមក លោកយាយបានរៀបការជាមួយមន្ត្រីកងទ័ពអង់គ្លេស Norman Caterham រស់នៅកន្លែងជាច្រើន រួមទាំងហុងកុង ហើយបន្តបើកបររហូតដល់អាយុ ៩៧ឆ្នាំ។

នៅពេលសួរអំពីអាថ៌កំបាំងនៃអាយុយឺនយូររបស់លោកយាយ ចម្លើយរបស់គាត់ គឺសាមញ្ញគួរឱ្យភ្ញាក់ផ្អើល។ លោកយាយបាននិយាយថា គាត់តែងតែស្តាប់ច្រើនជាងនិយាយ ជៀសវាងការឈ្លោះប្រកែកគ្នា និងធ្វើអ្វីដែលគាត់ចូលចិត្ត។

នៅអាយុ ១១៧ឆ្នាំ លោកយាយបានជួបប្រទះនូវដំណើរផ្សងព្រេងថ្មីៗ រួមទាំងការជួបព្រះមហាក្សត្រ Charles ទី៣ និងថែមទាំងបានស្គាល់សត្វ llama ទៀតផង។

សូមជម្រាបថា កំណត់ត្រាដែលបានផ្ទៀងផ្ទាត់សម្រាប់អាយុវែងបំផុតរបស់មនុស្ស នៅតែជារបស់លោកយាយ Jeanne Calment នៃប្រទេសបារាំង ដែលបានរស់នៅដល់ ១២២ឆ្នាំ និង ១៦៤ ថ្ងៃ។ ប៉ុន្តែលោកយាយ Ethel Caterham ឥឡូវនេះ គឺជាមនុស្សចាស់ជាងគេបំផុតដែលនៅរស់នៅលើផែនដី ជាការរំលឹកដ៏អស្ចារ្យ អំពីអ្វីដែលជីវិតមនុស្សម្នាក់អាចជួបប្រទះបាន៕