* យល់ដឹងផ្នែកច្បាប់៖ ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស
* ចំណេះដឹងទូទៅ៖ មេដឹកនាំនយោបាយ ១០រូប ដែលមានប្រាក់បៀវត្សខ្ពស់បំផុតក្នុងពិភពលោក គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦

យល់ដឹងផ្នែកច្បាប់៖ ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស

13-09-2026 18:11

(ភ្នំពេញ)៖ នៅក្នុងសង្គមកម្ពុជា ដែលបណ្តុំទៅដោយមនុស្សម្នាជាច្រើនរស់នៅប្រមូលផ្តុំគ្នារមែងមានទំនាក់ទំនង ដើម្បីប្រកបមុខរបរ និងបំពេញការងារផ្សេងៗ ដែលបម្រើឱ្យតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ។ តួយ៉ាងការធ្វើទំនាក់ទំនង សកម្មភាព ឬការសហការ ណាមួយរវាងបុគ្គលម្នាក់ ជាមួយបុគ្គលម្នាក់ទៀត ក្នុងន័យប្រកបអាជីវកម្ម និងសកម្មភាពផ្សេងៗ ដែលចាំបាច់បម្រើឱ្យជីវភាពរស់នៅ ត្រូវមានការស្វែងយល់អំពីច្បាប់ និងបទបញ្ញត្តិផ្សេងៗដើម្បីយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ច ដែលសកម្មភាពខ្លះត្រូវបានកម្រិតសិទ្ធិឱ្យធ្វើ ឬមិនឱ្យធ្វើសកម្មភាពមួយចំនួនដែលអាចជាអំពើខុសច្បាប់ ។

ជាក់ស្តែងការធ្វើសកម្មភាពដែលយើងយល់ថាជារឿងធម្មតាសម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃនោះបែរជានាំឱ្យយើងក្លាយទៅជាជនល្មើសក្នុងអំពើការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើសដែលជាបទល្មើសព្រហ្មទណ្ឌមួយដោយត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាក់ជាពុំខានឡើយ ។

តើសកម្មភាពបែបណាដែលនឹងត្រូវចាត់ទុកថាជា ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស? តើជនល្មើសដែលប្រព្រឹត្តអំពើនេះត្រូវផ្តន្ទាទោសដូចម្តេចខ្លះ?
ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី “ការទទួលយកមនុស្សដោយមាន គោលដៅ ជួយដល់ជនល្មើស” មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងសាធារណជនទាំងអស់គ្នា ដូចខាងក្រោម៖

ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស គឺសំដៅដល់អំពើរបស់បុគ្គលណា ដែលផ្តល់ទីកន្លែង លាក់បាំងមនុស្ស ឬធ្វើការដឹកជញ្ជូនជនរងគ្រោះ ដើម្បីនាំយកជនរងគ្រោះចេញពីទីតាំងណាមួយទៅទីតាំងណាមួយដោយ គ្មានឯកសារបញ្ជាក់ច្បាស់លាស់តាមផ្លូវច្បាប់ ដោយប្រើកលវិធីដើម្បីជួយសម្រួលដល់ជនល្មើសឱ្យបានសម្រេចតាមគោលបំណង ដោយយោងតាមច្បាប់ ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្នុងមាត្រា ២០ បានចែងថា « ជនណា ដែលទទួល ផ្តល់ជម្រក ឬ លាក់បំពួន ជនរងគ្រោះក្នុងអំពើនាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូន ក្នុងគោលដៅដើម្បីជួយដល់ជនល្មើស ដែលបាននាំយកចេញដោយមិនស្របច្បាប់ ជ្រើសរើស លក់-ដូរ ឬ ដឹកជញ្ជូនជនរងគ្រោះនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ ក្នុងករណីជនរងគ្រោះជាអនីតិជន»។

ឧទាហរណ៍៖ លោក “ក” ជាអ្នកប្រកបមុខរបរបើកបររថយន្តឈ្នួល ហើយលោក “ខ” ដែលជាមេខ្យល់បានទាក់ទង មកលោក “ក” ដោយសន្យាផ្តល់ប្រាក់កម្រៃខ្ពស់ជាថ្នូរនឹងការឱ្យក្មេងស្រីអនីតិជន និងនារីរងគ្រោះមួយក្រុមជាជនបរទេសស្នាក់នៅជាបណ្ដោះអាសន្ន និងជួយដឹកជញ្ជូនពួកគេនៅពេលយប់ទៅកាន់ខេត្តមួយនៅតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងប្តូរទីតាំងការងារទៅធ្វើការងារក្នុងអាគារមួយ ។ ទោះបីជាលោក “ក” ដឹងយ៉ាងច្បាស់ថា អនីតិជន និងនារីជនបរទេសទាំងនោះពុំមានទិដ្ឋាការស្របច្បាប់ក៏ដោយក៏លោក “ក” យល់ព្រមដឹក និងយល់ព្រមផ្តល់ជម្រក លាក់បំពួន ជនរងគ្រោះទាំងនោះ ដើម្បីជួយសម្រួលដល់លោក “ខ” ដែលជាមេខ្យល់ ។ ក្នុងករណីនេះ សកម្មភាពរបស់ លោក “ក” ជាការជួយសម្រួលដល់ជនល្មើសនាំយកនារីទាំងនោះដោយផ្ទាល់ និងផ្តល់ទីកន្លែង លាក់បាំង ជនរងគ្រោះ ត្រូវចោទ ពីបទ «ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស» តាមមាត្រា ២០ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរ មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

សរុបមកប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងស្វែងយល់អំពីច្បាប់ឱ្យបានច្បាស់លាស់ ដើម្បីចៀសវាង ការចូលរួមក្នុងអំពើល្មើសពីបទ “ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស” ដោយអចេតនា ដោយសារតែការលោភលន់ចង់បានប្រាក់កម្រៃ ឬតាមការអាណិតអាសូរពីការអង្វរករបស់បុគ្គលទុច្ចរិត បណ្តាលឱ្យត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ។

រៀបរៀងដោយ៖ លោកស្រីមេធាវី ទ្រី ស្រីល័ក្ខណ និងលោក ហេង សុខហ៊ួ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអាគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៦១ ៤៤៨ ៨៨៩ អ៊ីមែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕