* រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
* អភិវឌ្ឍអស់ជិត ១០ ឆ្នាំ! ក្រុមហ៊ុនកាណាដាបង្កើតបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រទៅជាទឹកសាប ដោយប្រើថាមពលរលកសមុទ្រ
* អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន
* ល្បឿននៃការរីកចម្រើនរបស់ AI ធ្វើឲ្យលោក Jensen Huang រួចផុតពីការចោទប្រកាន់ និងវិលមកតំណែង CEO វិញ
* ការវិលត្រឡប់មកកាន់ក្រុមហ៊ុន Nvidia វិញរបស់លោក Jensen Huang បង្ហាញឱ្យឃើញពីឥទ្ធិពលដ៏លើសលប់របស់បុរសរូបនេះ លើវិស័យបញ្ញាសិប្បនិម្មិត (AI)

ចំណេះដឹងទូទៅ៖ ទន្លេធំៗ ៤ខ្សែ ដែលហូរស្របគ្នា

18-09-2026 21:19

(ភ្នំពេញ)៖ នៅតំបន់ភ្នំ Hengduan ភាគនិរតីនៃប្រទេសចិន មានទន្លេធំៗចំនួន ៤ គឺទន្លេអ៉ីរ៉ាវ៉ាឌី (Irrawaddy), ទន្លេសាល់វីន (Salween), ទន្លេមេគង្គ (Mekong) និងទន្លេយ៉ាងសេ (Yangtze) ដែលមានប្រភពទឹកស្ថិតនៅតំបន់ខ្ពង់រាបទីបេ និងតំបន់ភ្នំជិតៗគ្នា ហើយហូរស្របគ្នាតាមជ្រលងភ្នំយ៉ាងគួរឱ្យចាប់អារម្មណ៍។

ទន្លេទាំងនេះហូរកាត់តំបន់ភ្នំខ្ពស់ និងជ្រលងជ្រៅៗដែលបែងចែកដោយជួរភ្នំ Hengduan។ ទោះបីនៅដើមនៃទន្លេមានចម្ងាយមិនឆ្ងាយពីគ្នាក៏ដោយ ប៉ុន្តែទន្លេនីមួយៗបន្តហូរទៅទិសផ្សេងៗគ្នា ហើយចុងក្រោយទៅដល់សមុទ្រផ្សេងៗគ្នា។

*ទន្លេអ៉ីរ៉ាវ៉ាឌី (Irrawaddy)

ប្រភពសំខាន់មួយរបស់វា គឺទន្លេ N’Mai Hka ដែលកើតនៅតំបន់ទីបេ ក្នុងប្រទេសចិន។ រួមគ្នាជាមួយទន្លេ Mali Hka ផងនោះ វាបានក្លាយជាទន្លេ Irrawaddy ហើយហូរកាត់ប្រទេសមីយ៉ាន់ម៉ា មុននឹងចាក់ទៅសមុទ្រ Andaman។

*ទន្លេសាល់វីន (Salween)

កើតនៅខ្ពង់រាបទីបេ ប្រទេសចិន ហូរកាត់ប្រទេសចិន និងមីយ៉ាន់ម៉ា ហើយផ្នែកខ្លះបង្កើតជាព្រំដែនរវាងមីយ៉ាន់ម៉ា និងថៃ មុននឹងចាក់ទៅសមុទ្រ Andaman។

*ទន្លេមេគង្គ (Mekong)

កើតនៅខ្ពង់រាបទីបេក្នុងប្រទេសចិន ដែលនៅប្រទេសចិនគេហៅថា ទន្លេឡានឆាង (Lancang)។ បន្ទាប់មក វាហូរកាត់ ឬតាមព្រំដែនប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម មុននឹងចាក់ទៅសមុទ្រ។

*ទន្លេយ៉ាងសេ (Yangtze)

កើតនៅតំបន់ខ្ពង់រាបទីបេក្នុងខេត្ត Qinghai ប្រទេសចិន ហើយហូរឆ្លងកាត់ប្រទេសចិនទាំងមូលពីភាគលិចទៅភាគខាងកើត មុននឹងចាក់ទៅសមុទ្រចិនខាងកើត។

តំបន់ដែលទន្លេធំៗទាំងនេះហូរជិតៗ និងស្របគ្នា គឺជាតំបន់ភូមិសាស្ត្រដ៏ពិសេសមួយរបស់អាស៊ី។ ជាពិសេស ទន្លេ Yangtze, Mekong និង Salween ត្រូវបានគេស្គាល់ថាជា «ទន្លេ៣ ដែលហូរស្របគ្នា» (Three Parallel Rivers) នៅតំបន់ភ្នំ Hengduan។

ទន្លេទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះប្រជាជននៅតាមអាងទន្លេ ព្រោះវាផ្តល់ទឹកសម្រាប់ការរស់នៅ កសិកម្ម នេសាទ ថាមពល និងសកម្មភាពសេដ្ឋកិច្ចជាច្រើន។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺទន្លេធំៗដែលកើតនៅតំបន់ភ្នំជិតៗគ្នា អាចបែកចេញទៅទិសផ្សេងៗគ្នា ហើយចុងក្រោយទៅដល់សមុទ្រផ្សេងៗគ្នា៕