ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីការបោះឆ្នោតប្រធានាធិបតីរុស្ស៉ី, លោក ពូទីន មិនមែនជាសមាជិកគណបក្សនយោបាយ តែអាចក្លាយជាប្រធានាធិបតី
25-09-2026 21:52
(ភ្នំពេញ)៖ មែនទែនទៅ លោក វ្ល៉ាឌីមៀរ ពូទីន មិនមែនជាសមាជិកគណបក្សនយោបាយណាមួយឡើយ ប៉ុន្តែលោកបែរជាក្លាយជាប្រធានាធិបតីរុស្ស៉ីទៅវិញ។ តើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅរុស្ស៉ី ដំណើរការដូចម្តេចទៅ?
នៅក្នុងប្រព័ន្ធនយោបាយរបស់រុស្ស៊ី បុគ្គលម្នាក់មិនចាំបាច់ជាសមាជិកគណបក្សនយោបាយណាមួយនោះទេ ដើម្បីឈរឈ្មោះ ឬក្លាយជាប្រធានាធិបតី។ វិធានសម្រាប់ការឡើងកាន់តំណែងជាមេដឹកនាំសហព័ន្ធ គឺដាច់ដោយឡែកទាំងស្រុងពីសមាជិកភាពបក្ស។
ថ្ងៃនេះ Fresh News សូមបង្ហាញពីរបៀបដែលប្រធានាធិបតីរុស្ស៊ីត្រូវបានតែងតាំង និងរបៀបដែលបេក្ខជនឯករាជ្យដូចជា លោក វ្ល៉ាឌីមៀរ ពូទីន អាចដឹកនាំប្រទេសបាន។
១៖ របៀបដែលបេក្ខជនឯករាជ្យអាចដឹកនាំបាន
នៅក្នុងរដ្ឋធម្មនុញ្ញសហព័ន្ធរុស្ស៊ី ចែងថា ប្រធានាធិបតីគឺជាប្រមុខរដ្ឋ និងតំណាងឱ្យប្រជាជាតិទាំងមូល មិនមែនជាគណបក្សនយោបាយណាមួយឡើយ។ ដោយសារហេតុនេះ ប្រព័ន្ធបោះឆ្នោតត្រូវបានរៀបចំឡើង ដើម្បីអនុញ្ញាតឱ្យបេក្ខជនឯករាជ្យ (មិនមែនបក្ស) អាចឈរឈ្មោះបាន។
*ផ្លូវឯករាជ្យ: ដើម្បីឈរឈ្មោះជាបេក្ខជនឯករាជ្យ បេក្ខជនគ្រាន់តែត្រូវការ ការតែងតាំងពីក្រុមពលរដ្ឋរុស្ស៊ី យ៉ាងតិច ៥០០ នាក់ រួចប្រមូលហត្ថលេខាគាំទ្រចំនួន ៣០០ ០០០ ពីអ្នកបោះឆ្នោតទូទៅនៅទូទាំងប្រទេស។
*គុណសម្បត្តិផ្នែកនយោបាយ: តាមរយៈការរក្សាជំហរឯករាជ្យ លោក ពូទីន អាចអះអាងថា លោកតំណាងឱ្យប្រជាជនរុស្ស៊ីទាំងអស់ ខណៈដែលគណបក្សរុស្ស៉ីរួបរួម ដែលជាគណបក្សកាន់អំណាច (United Russia) នៅតែគាំទ្រយ៉ាងក្លៀវក្លា ឃោសនាឱ្យលោក និងប្រើប្រាស់សំឡេងភាគច្រើនរបស់ខ្លួននៅក្នុងសភា ដើម្បីអនុម័តច្បាប់របស់លោក។
២. របៀបដែលប្រធានាធិបតីរុស្ស៊ីត្រូវបាន «តែងតាំង» ជាផ្លូវការ
ប្រធានាធិបតីរុស្ស៊ី មិនត្រូវបានតែងតាំងដោយសភា ឬព្រះមហាក្សត្រឡើយ ប៉ុន្តែតំណែងនេះត្រូវបានសម្រេចតាមរយៈការបោះឆ្នោតជាតិដោយផ្ទាល់។
ជំហានទី១៖ ការបំពេញលក្ខខណ្ឌ
ដើម្បីមានសិទ្ធិឈរឈ្មោះបោះឆ្នោត រដ្ឋធម្មនុញ្ញរុស្ស៊ីតម្រូវឲ្យបេក្ខជនបំពេញតាមលក្ខខណ្ឌតឹងរ៉ឹងដូចខាងក្រោម៖
* មានអាយុយ៉ាងតិច ៣៥ ឆ្នាំ។
* រស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសរុស្ស៊ី យ៉ាងតិច ២៥ ឆ្នាំ។
* មិនធ្លាប់កាន់សញ្ជាតិបរទេស ឬលិខិតអនុញ្ញាតស្នាក់នៅបរទេសនៅពេលណាមួយ ក្នុងជីវិតរបស់ពួកគេឡើយ។
ជំហានទី ២៖ ការតែងតាំង
បេក្ខជនអាចដាក់ឈ្មោះរបស់ពួកគេក្នុងបញ្ជីបោះឆ្នោតតាមពីរវិធី៖
* តាមរយៈគណបក្សសភា៖ ប្រសិនបើគណបក្សនយោបាយមួយ មានអាសនៈរួចហើយក្នុងសភាជាតិ (ដូចជា United Russia ឬ Yabloko) ពួកគេអាចតែងតាំងបេក្ខជនដោយផ្ទាល់ ដោយមិនចាំបាច់ប្រមូលហត្ថលេខាអ្នកបោះឆ្នោតឡើយ។
* តាមរយៈការតែងតាំងឯករាជ្យ៖ ក្នុងនាមជាបេក្ខជនឯករាជ្យ បេក្ខជនត្រូវប្រមូលហត្ថលេខា ៣០០ ០០០ ដូចបានរៀបរាប់ខាងលើ។
ជំហានទី៣៖ កាការបោះឆ្នោតដោយផ្ទាល់ពីប្រជាជន (ប្រព័ន្ធពីរជុំ)
នៅពេលបេក្ខជនត្រូវបានសម្រេចជាស្ថាពរ ការបោះឆ្នោតទូទាំងប្រទេសត្រូវបានរៀបចំ ដោយក្រុមប្រឹក្សាសហព័ន្ធ (សភាជាន់ខ្ពស់)។
ប្រជាពលរដ្ឋបោះឆ្នោតដោយសម្ងាត់៖
* វិធាន ៥០%៖ ដើម្បីឈ្នះភ្លាមៗ បេក្ខជនត្រូវទទួលបានសំឡេងភាគច្រើនដាច់ខាត (ច្រើនជាង ៥០%) នៃសំឡេងឆ្នោតសរុប។
* ការបោះឆ្នោតជុំទីពីរ៖ ប្រសិនបើគ្មានបេក្ខជនណាម្នាក់ទទួលបានច្រើនជាង ៥០% ក្នុងជុំទីមួយទេ ការបោះឆ្នោតជុំទីពីរត្រូវបានធ្វើឡើង៣សប្តាហ៍បន្ទាប់ រវាងបេក្ខជនពីររូបដែលទទួលបានសំឡេងច្រើនជាងគេ។ អ្នកណាដែលទទួលបានសំឡេងច្រើនជាងគេក្នុងជុំទីពីរ នឹងក្លាយជាប្រធានាធិបតី។
នៅពេលបេក្ខជនឈ្នះការបោះឆ្នោតដោយផ្ទាល់ពីប្រជាជន ពួកគេនឹងស្បថចូលកាន់តំណែងជាផ្លូវការ ហើយបម្រើអាណត្តិរយៈពេល ៦ឆ្នាំ។
ពូទីន ទទួលបានសំឡេងបោះឆ្នោតដោយផ្ទាល់ពីប្រជាជន
ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី កាលពីខែមីនា ឆ្នាំ២០២៤ លោក វ្ល៉ាឌីមៀរ ពូទីន ទទួលបានសំឡេងឆ្នោត ៨៧.២៨% ដែលស្មើនឹង ៧៦ ២៧៧ ៧០៨ សំឡេង។ យោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរុស្ស៊ី (CEC) ធ្លាប់មានភាគរយ ៧៧.៤៩% ដែលជាចំនួនអ្នកចូលរួមបោះឆ្នោតខ្ពស់បំផុត និងភាគរយសំឡេងឆ្នោតខ្ពស់បំផុត សម្រាប់បេក្ខជនប្រធានាធិបតីក្នុងប្រវត្តិសាស្ត្រ ក្រោយសហភាពសូវៀត។
ក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី កាលពីខែមីនា ឆ្នាំ២០២៤ មានសំឡេង៖
*វ្ល៉ាឌីមៀ ពូទីន (ឯករាជ្យ): ៨៧.២៨% (ប្រមាណ ៧៦.៣ លានសំឡេង)
*នីកូឡៃ ខារីតូណូវ (គណបក្សកុម្មុយនិស្ត): ៤.៣១% (ប្រមាណ ៣.៧ លានសំឡេង)
*វ្ល៉ាឌីស្លាវ ដាវ៉ាន់កូវ (គណបក្សប្រជាជនថ្មី): ៣.៨៥%
*លីអូនីដ ស្លុតស្គី (LDPR): ៣.២០%។
លោក វ្ល៉ាឌីមៀ ពូទីន មិនបានប្រើប្រាស់តាមផ្លូវគណបក្ស សម្រាប់ការបោះឆ្នោតប្រធានាធិបតី ខែមីនា ឆ្នាំ២០២៤ នោះទេ។ ផ្ទុយទៅវិញ លោកបានជ្រើសរើសឈរឈ្មោះជាបេក្ខជនឯករាជ្យ។
ដោយសារលោកបានផុតពីនីតិវិធីតែងតាំងដោយគណបក្ស លោកតម្រូវឱ្យអនុវត្តតាមដំណើរការប្រមូលហត្ថលេខាដ៏តឹងរ៉ឹង ដែលបានកំណត់ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរុស្ស៊ី (CEC)៖
*គំនិតផ្តួចផ្តើម ៥០០ នាក់៖ នៅខែធ្នូ ឆ្នាំ២០២៣ ក្រុមអ្នកគាំទ្រផ្លូវការយ៉ាងតិច ៥០០ នាក់ (រួមមានតារាល្បីៗ អត្តពលិក និងមន្ត្រីជាន់ខ្ពស់ពីគណបក្ស United Russia) បានប្រមូលផ្តុំគ្នា ដើម្បីតែងតាំងលោកជាផ្លូវការក្នុងនាមជាបេក្ខជនឯករាជ្យ។
*ហត្ថលេខា ៣០០ ០០០ នាក់៖ ក្រុមយុទ្ធនាការរបស់លោកបានរៀបចំស្តង់ទូទាំងប្រទេស និងបានប្រមូលហត្ថលេខាអ្នកបោះឆ្នោតជាង ៣១៥ ០០០ នាក់ ដោយជោគជ័យ ដើម្បីដាក់ជូន CEC សម្រាប់ដាក់ឈ្មោះរបស់លោកនៅលើសន្លឹកឆ្នោត។
ហេតុអ្វីបានជាធ្វើបែបនេះ បើលោកមានគណបក្សគាំទ្រ?
ទោះបីជាគណបក្សកាន់អំណាច United Russia បានគាំទ្រលោក និងជួយប្រមូលហត្ថលេខាក៏ដោយ ការឈរឈ្មោះជាបេក្ខជនឯករាជ្យ គឺជាជម្រើសរូបភាពនយោបាយដោយចេតនា។ វាអនុញ្ញាតឱ្យលោកបង្ហាញខ្លួននៅលើសន្លឹកឆ្នោតក្នុងនាមជាមេដឹកនាំដែលឈរលើសនយោបាយបក្សពួក និងតំណាងឱ្យប្រជាជាតិទាំងមូល ជាជាងគ្រាន់តែជាក្រុមនយោបាយមួយប៉ុណ្ណោះ៕



