* សិល្បករអន្តរជាតិដ៏ល្បីម្នាក់ ដាក់ដេញថ្លៃគំនូរច្រើនផ្ទាំងនៅ Soma Hotel ដើម្បីជួយដល់កុមារកម្ពុជា
* CoolApp បញ្ចេញ Version 68 ថ្មីបន្ថែមមុខងារ Reel link ដែលអាចកូពីផ្ញើទៅកាន់មិត្តភក្តិ ឬយកទៅបង្ហោះទៅបណ្តាញសង្គមផ្សេងៗបានទៀតផង !

ចំណេះដឹងទូទៅ៖ តើកញ្ចក់ឆ្លុះមុខសម័យបុរាណធ្វើពីអ្វី និងមានរូបរាងដូចម្តេច?

28-09-2026 20:22

(ភ្នំពេញ)៖ កញ្ចក់ឆ្លុះមុខក្នុងសម័យបុរាណខ្មែរ ជាពិសេសក្នុងសម័យអង្គរ (សតវត្សរ៍ទី៩–១៤) មិនមែនធ្វើអំពីកញ្ចក់ថ្លាដែលស្រោបដោយធាតុប្រាក់ដូចកញ្ចក់ទំនើបបច្ចុប្បន្នឡើយ។ ប៉ុន្តែផ្ទុយទៅវិញ វាជា «កញ្ចក់ធ្វើពីលោហៈ» ឬ Metallic Mirrors ដែលមានលក្ខណៈពិសេស។

លក្ខណៈពិសេសនោះ ត្រូវបានលោកបុរាណវិទូ អ៉ឹម សុខរិទ្ធី ពន្យល់ដូចខាងក្រោម៖

*ជាលោហៈធាតុ៖ កញ្ចក់ឆ្លុះមុខភាគច្រើនត្រូវ បានសង្កេតឃើញថាផលិតចេញពី សំរិទ្ធ (Bronze) ឬលោហៈធាតុចម្រុះ (មានស្ពាន់ និងសំណប៉ាហាំង) ដែលបានខាត់ដុសខាត់ផ្ទៃមុខឲ្យរលោងស្អាត និងភ្លឺចែងចាំងរហូតដល់អាចឆ្លុះមើលឃើញរូបភាពបាន។

*រូបរាងផ្ទៃឆ្លុះ៖ ផ្ទៃឆ្លុះមានរូបរាងមូល (Circular) ជាទូទៅ មានទំហំល្មមអាស្រ័យលើការកាន់ប្រើប្រាស់ (ប្រហែល ១៥ ទៅ ៣០ សង់ទីម៉ែត្រ)។

*មុខកញ្ចក់ (ផ្ទៃខាងមុខ)៖ ជាផ្ទៃរលោង គ្មានក្បាច់ ដើម្បីទុកសម្រាប់ឆ្លុះ។

*ខ្នងកញ្ចក់ (ផ្ទៃខាងខ្នង)៖ ជាចំណុចលេចធ្លោនៃសិល្បៈខ្មែរ ដោយមានក្បាច់រចនាលម្អយ៉ាងល្អិតល្អន់ ជាក្បាច់ភ្ញីទេស ក្បាច់ភ្ញីអង្គរ ឬរូបអាទិទេពផ្សេងៗតាមបែបព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។

*ដងកាន់ (Handle)៖

*មានប្រភេទ ដងខ្លី និង ដងវែង ដែលធ្វើអំពីសំរិទ្ធ ឈើ ឬប្រាក់។
*ដងកាន់ច្រើនតែបានរចនាជារូបសត្វទេព (ដូចជា គ្រុឌ នាគ ឬសិង្ហ) រូបស្រីអប្សរា ឬក្បាច់ភ្ញីកាញ់ឆកយ៉ាងរស់រវើក។
*ប្រភេទខ្លះគ្មានដងកាន់វែងទេ ប៉ុន្តែមានក ឬពន្លកនៅចំកណ្តាលខ្នងកញ្ចក់ សម្រាប់ដោតខ្សែចង ឬកាន់អប។

តើមានភស្តុតាងប្រវត្តិសាស្ត្រ និងចម្លាក់ប្រាសាទបង្ហាញទេ?

*ចម្លាក់ប្រាសាទ៖ នៅលើជញ្ជាំងប្រាសាទបុរាណដូចជា ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ ព្រះខ័ន តាព្រហ្ម ប្រាសាទអង្គរវត្ត ជាដើម ដែលយើងឃើញមានចម្លាក់ស្រីអប្សរា ឬទេវតា កំពុងកាន់កញ្ចក់ឆ្លុះមុខពិនិត្យមើលសម្រស់ តុបតែងលំអសក់។

*បុរាណវត្ថុ៖ កញ្ចក់សំរិទ្ធបុរាណជាច្រើន បានរកឃើញក្នុងកំណាយបុរាណវិទ្យានៅតំបន់អង្គរ និងជុំវិញប្រទេសកម្ពុជា ដែលខ្លះបច្ចុប្បន្នកំពុងរក្សាទុក និងដាក់បង្ហាញនៅ សារមន្ទីរជាតិភ្នំពេញ និងសារមន្ទីរជាតិព្រះសីហនុ-អង្គរ នៅខេត្តសៀមរាប៕