ចំណេះដឹងទូទៅ៖ អត្ថន័យក្នុងសិលាចារឹកទេពប្រណម្យ K.២៩០ ដែលនិយាយពីការបោះបាយបិណ្ឌ
03-10-2026 14:26
(ភ្នំពេញ)៖ សិលាចារឹកទេព្យប្រណម ចារឹកនៅក្នុងរាជ្យព្រះបាទស្រីយសោវម៌្មទេវទី១ រវាង ចុងស.វ.ទី៩-ដើមស.វ.ទី១០។ សិលាចារឹកនេះ នៅផ្ទាំងគ បន្ទាត់ទី១៧-បន្ទាត់ទី២៤ ត្រូវនឹងស្លោកទី៦៣-ស្លោក៦៦ មានសេចក្តីសំខាន់ទាក់ទងបុណ្យភ្ជុំបិណ្ឌ «ស្រាទ្ធ» និងការបោះបាយបិណ្ឌ។
មានសិលាចារឹកដទៃទៀតដូចជា K.២៧៩, K.៧០១ និង K.១២២៨ ដែលមានសេចក្តីដូចសិលាចារឹកនេះ ដូចមានសេចក្តីសង្ខេបនិងសម្រួលថា «ក្នុងពេលមានពិធីស្រាទ្ធ (បុណ្យភ្ជុំ) ពេលមានសូរ្យគ្រាសឬចន្ទក្រាស និងក្នុងពេលវិសុវ (សមរាត្រី) គេត្រូវរៀបចំនូវបិណ្ឌ ប្រើអង្ករចំនួន១ខារី ធ្វើតាមចំណាំ ដើម្បីឧទ្ទិសដល់អ្នកដែលបានពលីក្នុងសមរភូមិដោយភក្ដីភាព អ្នកមានភក្ដីភាព ខ្មោចគ្មានសាច់ញាតិធ្វើបិណ្ឌឱ្យ ព្រមទាំងជនក្រីក្រ ជនអនាថា កុមារ និងមនុស្សជរា ដែលចែកឋានទៅ។ សម្រាប់អ្នកទាំងឡាយនោះ ត្រូវយកអង្ករចំនួន៤អាឍកៈធ្វើបិណ្ឌ សម្រាប់ធ្វើតប្ប៍ណ (ឧទ្ទិសកុសល) រៀងរាល់ចុងខែ។ បិណ្ឌដែលបានធ្វើនៅក្នុងអាស្រមនេះ (យសោធរាស្រម) ត្រូវប្រមូលជុំគ្នាយកទៅបោះនៅខ្នងយសោធរតដាក (បារាយណ៍ខាងកើត/បារាយណ៍ព្រះដាក)»។
បើតាមលោកសាស្ត្រាចារ្យ ហ៊ុន ឈុនតេង បិណ្ឌ ឬ បាយបិណ្ឌ សម្រាប់បូជាដល់អ្នកដែលចែកឋានទៅបរលោក មិនមែនសម្រាប់តែប្រេត (សត្វកើតក្នុងអបាយភូមិពួកមួយ)នោះទេ ហើយបុរាណលោកធ្វើក្នុងឱកាសច្រើនយ៉ាង ដូចជា បុណ្យស្រាទ្ធ/បិតរបក្ស/ភ្ជុំបិណ្ឌ សូរ្យគ្រាស ចន្ទ្រគ្រាស និង វិសុវ (សមរាត្រី) ព្រមទាំងធ្វើនៅរាល់ថ្ងៃខែដាច់ផង។
ទំនៀមបែបនេះ ជាទំនៀមក្នុងសាសនាព្រាហ្មណ៍សុទ្ធសាធ។ ក្រោយមក ដ្បិតតែខ្មែរប្រែមកកាន់ពុទ្ធសាសនាថេរវាទក្តី ខ្មែរបានសំយោគពិធីនេះក្នុងអារាមពុទ្ធសាសនាយ៉ាងសុខដុម ព្រោះអ្វីដែលសំខាន់ គឺធ្វើបុណ្យជូនដូនតា៕
សូមអានបន្ថែម៖ Coedès, G. (1908). La stèle de Tep Praņam. Journal Asiatique, 11, 203–225.













