ចំណេះដឹងទូទៅ៖ បុរសដំបូងគេបំផុតដែលបានធ្វើដំណើរទៅដល់លំហអាកាសជានរណា?
10-10-2026 00:01
(ភ្នំពេញ)៖ បុរសដំបូងគេបំផុតដែលបានធ្វើដំណើរទៅដល់លំហអាកាស គឺលោក Yuri Gagarin (យូរី ហ្គាហ្គារីន)។ លោកគឺជាអ្នកបើកបរយន្តហោះ និងជាអវកាសយានិករបស់សហភាពសូវៀត។
កាលបរិច្ឆេទហិះហើរ គឺថ្ងៃទី ១២ ខែមេសា ឆ្នាំ១៩៦១ ដោយយានអវកាស Vostok 1 (វ៉ូស្តុក ១) ខណៈ លោកបានធ្វើដំណើរគន្លងជុំវិញភពផែនដីចំនួនមួយជុំ ដោយប្រើពេលអស់ ១០៨ នាទី (១ ម៉ោង ៤៨ នាទី) ទើបចុះចតមកដីវិញដោយសុវត្ថិភាព។
*ប្រវត្តិខ្លះរបស់ លោក យូរី
លោកកើតនៅថ្ងៃទី ៩ ខែមីនា ឆ្នាំ១៩៣៤ នៅក្នុងភូមិមួយនាប្រទេសរុស្ស៊ី (សហភាពសូវៀត)។ ឪពុកម្តាយរបស់លោកជាកសិករ។ លោកបានរៀនបើកបរយន្តហោះតាំងពីវ័យក្មេង និងបានក្លាយជាអ្នកបើកបរយន្តហោះចម្បាំងរបស់កងទ័ពអាកាសសូវៀត។
នៅឆ្នាំ១៩៦០ លោកត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនរាប់រយនាក់ ឲ្យចូលរួមក្នុងក្រុមអវកាសយានិកដំបូងបង្អស់របស់សូវៀត (សមាសភាពចុងក្រោយមានតែ ២០នាក់ប៉ុណ្ណោះ)។ ក្រៅពីសមត្ថភាព និងសុខភាពដ៏ល្អឥតខ្ចោះ លោក Gagarin មានកម្ពស់ត្រឹមតែ ១.៥៧ ម៉ែត្រដែលជាទំហំដ៏ស័ក្តិសមបំផុតសម្រាប់កាប៊ីនដ៏តូចចង្អៀតរបស់យាន Vostok 1។ ម្យ៉ាងទៀត លោកជាមនុស្សមានបុគ្គលិករីករាយ និងមានស្នាមញញឹមគួរឲ្យទាក់ទាញ។
លោកបានទទួលមរណភាពក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះហ្វឹកហាត់ MiG-15 នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ១៩៦៨ ក្នុងវ័យទើបតែ ៣៤ ឆ្នាំ។
*ព្រឹត្តិការណ៍ហោះហើរប្រវត្តិសាស្ត្រ (យាន Vostok 1)
នៅពេលដែលរ៉ុក្កែតចាប់ផ្តើមបញ្ឆេះម៉ាស៊ីនចាកចេញពីដី លោក Gagarin បានស្រែកពាក្យមួយឃ្លាយ៉ាងសប្បាយរីករាយថា «Poyekhali!» (ភាសារុស្ស៊ីមានន័យថា «តោះ! ពួកយើងទៅហើយ!»)។ ពាក្យនេះបានក្លាយជាឃ្លាដ៏ល្បីល្បាញទូទាំងពិភពលោកសម្រាប់យុគសម័យអវកាស។
នៅក្នុងការហោះហើរនោះ លោក Gagarin មិនបានបើកបរ ឬបញ្ជាយានដោយផ្ទាល់ដៃនោះទេ ព្រោះក្រុមគ្រូពេទ្យ និងអ្នកវិទ្យាសាស្ត្រសម័យនោះមិនទាន់ច្បាស់ថា តើខួរក្បាល និងរាងកាយមនុស្សអាចដំណើរការធម្មតាក្នុងស្ថានភាពគ្មានទំនាញផែនដីដែរឬទេ។ យានទាំងមូលត្រូវបានបញ្ជាដោយប្រព័ន្ធស្វ័យប្រវត្តពីដីមក។
ពេលយានចាប់ផ្តើមធ្លាក់ចូលមកក្នុងបរិយាកាសផែនដីវិញ ផ្នែកកាប៊ីន និងផ្នែកកន្ទុយរបស់យានមិនបានដាច់ចេញពីគ្នា តាមការគ្រោងទុកឡើយ ដែលធ្វើឲ្យយានវិលវល់យ៉ាងខ្លាំង។ ប៉ុន្តែ សំណាងល្អ ខ្សែខ្សែកាបបានដាច់ចេញពីគ្នាដោយសារកម្តៅបរិយាកាស ធ្វើឲ្យយានមានលំនឹងឡើងវិញ។
យាន Vostok 1 មិនមានប្រព័ន្ធហ្វ្រាំងបន្ធូរល្បឿនពេលជិតដល់ដីទេ។ ដូច្នេះ នៅកម្ពស់ប្រហែល ៧ គីឡូម៉ែត្រ ពីដី លោក Gagarin ត្រូវលោតចេញពីយាន ហើយប្រើប្រាស់ឆ័ត្រយោងផ្ទាល់ខ្លួនដើម្បីចុះចតលើដីដោយសុវត្ថិភាព។
*ឥទ្ធិពលនៃការហោះហើរ
ព្រឹត្តិការណ៍នេះបានធ្វើឲ្យសហភាពសូវៀតនាំមុខសហរដ្ឋអាមេរិកនៅក្នុង ការប្រណាំងប្រជែងលំហអាកាស (Space Race) នាសម័យសង្គ្រាមត្រជាក់។ លោក Yuri Gagarin បានក្លាយជាវីរៈបុរសលំដាប់ពិភពលោកភ្លាមៗ ហើយថ្ងៃទី១២ ខែមេសា ត្រូវបានប្រកាសជា ទិវាអន្តរជាតិនៃការហោះហើររបស់មនុស្សទៅកាន់លំហអាកាស (International Day of Human Space Flight) រហូតមកដល់សព្វថ្ងៃ៕



