* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ចំណេះដឹងទូទៅ៖ តើអ្វីជា «វ្រះរាជកាយ៌្យ»​ និង «ថ្វេវ្រះរាជកាយ៌្យ»?

26-10-2026 22:17

(ភ្នំពេញ)៖ យោងតាមការសិក្សាលើបរិបទប្រវត្តិសាស្ត្រនៃការរៀបចំរដ្ឋបាល និងសេដ្ឋកិច្ចសង្គមខ្មែរបុរាណ ពាក្យ «វ្រះរាជកាយ៌្យ» ឬ «រាជកាយ៌្យ» មិនត្រឹមតែសំដៅលើ «ព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ» ប៉ុណ្ណោះទេ ប៉ុន្តែមានសេចក្តីទាក់ទងនឹងការងាររដ្ឋបាលរបស់រាជការខ្មែរសម័យបុរាណដោយផ្ទាល់ ទៅនឹង «កាតព្វកិច្ចពលរដ្ឋ» ដែលប្រជារាស្ត្រត្រូវបង់ ឬបំពេញជូនរាជការបាលកណ្តាល និងប្រាសាទ។

បើតាមលោកបុរាណវិទូ អ៉ឹម សុខរិទ្ធី កាតព្វកិច្ចពលរដ្ឋនោះ មានការងារចំនួនទាក់ទងនឹង ««វ្រះរាជកាយ៌្យ»។ ទី១ គឺទាក់ទងនឹង «ពន្ធអាករ» ដែលក្នុងសិលាចារឹក ដែលចារពាក្យ «កាយ៌្យ» ជាភាសាសំស្ក្រឹត (Kārya) ដែលបានប្រើជាពាក្យបច្ចេកទេសសំដៅលើ «ជំនូន/ពន្ធអាករ» ដែលប្រជារាស្ត្រមានដីស្រែចម្ការ ឬផលដែលទទួលបាន ត្រូវបង់ចូលរដ្ឋ ឬបង់ជូនប្រាសាទ (ថ្វេវ្រះរាជកាយ៌្យ)តាមច្បាប់កំណត់។ ការបង់ជាផលពីកសិកម្មឬរុក្ខផល មានដូចជា ស្រូវ អង្ករ ក្រមួន ប្រេង ឬផលព្រៃឈើ ដែលកំណត់ និងបែងចែកតាមភាគរយលើផលដែលទទួលបាន ផ្ញើចូលឃ្លាំងព្រះរាជទ្រព្យ (ព្រះរាជឃ្លាំង)។

ទន្ទឹមនឹងនេះ ក៏មានការលើកលែងពន្ធដែរ ។ នៅពេលព្រះមហាក្សត្រ ឬអ្នកគ្រប់គ្រងដែនដីរដ្ឋបាលនានា ប្រគល់ដី/ភូមិ ទៅឱ្យប្រាសាទ គេតែងមានបញ្ញត្តិថា ឥតមានត្រូវ «ថ្វេវ្រះរាជកាយ៌្យ» ឬ «លែងកាយ៌្យ» ដែលមានន័យថា «លើកលែងការបង់ពន្ធអាករចូលរដ្ឋ» ដោយតម្រូវឲ្យយកផលប្រយោជន៍ទាំងនោះទៅទ្រទ្រង់ប្រាសាទ សាលារៀន មន្ទីរពេទ្យ និងបុព្វជិត/អ្នកបម្រើប្រាសាទជំនួសវិញ។

ទី២ គឺទាក់ទងនឹង «កំណែន» (Corvée Labor) ដែលជាប្រភេទពន្ធលើកម្លាំងពលកម្មក្រៅពីពន្ធជាសម្ភារៈ។ «ថ្វេវ្រះរាជកាយ៌្យ» សំដៅលើ «ពលកម្មកំណែន» (Labor Levy / Obligatory Public Service) ដែលប្រជារាស្ត្រមានកាតព្វកិច្ចត្រូវចូលរួម។

តើរាជការ យកពន្ធលើកម្លាំងពលកម្មធ្វើអ្វី?

រាជការយកកម្លាំងពលកម្មនេះ ទៅប្រើប្រាស់សម្រាប់កសាង និងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានាក្នុងព្រះនគរ។ ការកែនកម្លាំងពលករទៅលើកបារាយណ៍ លើកទំនប់ទឹក កសាងនិងជួសជុលផ្លូវថ្នល់ សាងស្ពានថ្ម និងកសាងប្រាសាទជាដើម។ នេះភស្តុតាងប្រវត្តិសាស្រ្ត ដែលរាជការខ្មែរមិនមែនចាប់ឈ្លើយសឹក ជនជាតិភាគតិច ឬទាសករ មកធ្វើការ ដូចឃើញមានអ្នកស្រាវជ្រាវខ្លះនិយាយបរិយាយនោះទេ។

រឿងសំខាន់មួយទៀត ដែលទាក់ទងនឹងពន្ធលើកម្លាំពលកម្ម គឺ ជាប្រភេទនៃ «កាតព្វកិច្ចយោធា»។ រាជការប្រើប្រាស់ពន្នប្រភេទនេះ សម្រាប់ចូលរួមបម្រើក្នុងកងទ័ព ឬការដឹកជញ្ជូនស្បៀងអាហារក្នុងសម័យសង្គ្រាម ជាដើម។ ដូច្នេះ កាតព្វកិច្ចកងទ័ព ដែលរាជការបច្ចុប្បន្នកំពុងចាប់ផ្តើមអនុវត្ត ជាទំនៀមធម្មតា មិនមែនជារឿងថ្មី ហើយចេះតែនឹកឃើញនោះទេ។

«វ្រះរាជកាយ៌្យ» ដែលមានចារក្នុងសិលាចារឹក ឬកិច្ចការគ្រប់គ្រងដីធ្លីសម័យបុរាណ ពាក្យនេះមានន័យលម្អិតថា «កាតព្វកិច្ចពន្ធដារ និងពលកម្មកំណែនរបស់រាស្ត្រចំពោះរដ្ឋ» (Royal Duties / State Obligations and Taxes)។

ប្រសិនបើជាមានដី ឬប្រជារាស្រ្ត មួយក្រុមណា ទទួលបានរាជប្រកាសថា «រួចវ្រះរាជកាយ៌្យ» មានន័យថាដែនដីនោះលែងបង់ពន្ធ និងលែងកែនពលកម្មជូនរដ្ឋ» (Immunity / Tax-exempt status) ដោយសារតែ បានផ្ទេរកាតព្វកិច្ចនោះទៅបម្រើក្នុងដែនដីរបស់ប្រាសាទ មណ្ឌលសិក្សាអប់រំ ឬរបស់មន្ទីរពេទ្យវិញ៕