* ចំណេះដឹងទូទៅ៖ រថភ្លើងក្រោមដីនៅមូស្គូ ដឹកអ្នកដំណើរជាង ៩លានដងក្នុងមួយថ្ងៃ និងមានសមត្ថភាពដឹកជញ្ជូនលើស ១៨លាននាក់

ចំណេះដឹងទូទៅ៖ រថភ្លើងក្រោមដីនៅមូស្គូ ដឹកអ្នកដំណើរជាង ៩លានដងក្នុងមួយថ្ងៃ និងមានសមត្ថភាពដឹកជញ្ជូនលើស ១៨លាននាក់

28-10-2026 21:18

(ភ្នំពេញ)៖ ប្រព័ន្ធរថភ្លើងក្រោមដីមូស្គូ (Moscow Metro) គឺជាមធ្យោបាយដឹកជញ្ជូនសាធារណៈដ៏សំខាន់មួយនៅក្នុងរដ្ឋធានីនៃសហព័ន្ធរុស្ស៉ី។ ប្រព័ន្ធនេះជួយឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ធ្វើដំណើរទៅកាន់តំបន់ផ្សេងៗក្នុងទីក្រុងបានរហ័ស និងងាយស្រួល ដោយកាត់បន្ថយការពឹងផ្អែកលើការធ្វើដំណើរតាមផ្លូវគោក។

សេវាសាធារណៈនៅមូស្គូ មិនថារថភ្លើងក្រោមដី រថយន្តក្រុង និងត្រាំវ៉ៃ ងាយស្រួលប្រើប្រាស់ខ្លាំងណាស់ ដោយសាររថភ្លើងក្រោមដី ប្រើពេល ២នាទីមកដល់ ខណៈប្រជាពលរដ្ឋគេមានទម្លាប់ប្រើប្រាស់ គេមានផ្លូវធំ ផ្លូវស្អាត ហើយប្រជាពលរដ្ឋ ក៏មិនរំលោភយកចំណីដីសាធារណៈ ជាដើម។

យោងតាមអាជ្ញាធរមេត្រូមូស្គូ ចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ប្រព័ន្ធនេះមានការធ្វើដំណើរជាង ១,២ពាន់លានដង ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ ពោលគឺកើនឡើង២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ជាមធ្យម មេត្រូមូស្គូមានការធ្វើដំណើរជាង ៨លានដងក្នុងមួយថ្ងៃ។

ទោះជាយ៉ាងណា សាកលវិទ្យាល័យស្រាវជ្រាវជាតិជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច (HSE University) ធ្លាប់បានចុះផ្សាយកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ថា មេត្រូមូស្គូមានអ្នកដំណើរប្រើប្រាស់ជាង ៩លាននាក់នៅថ្ងៃធ្វើការ ដោយសារសិស្ស និងអ្នកធ្វើការចេញដំណើរច្រើន។ តួលេខនេះសំដៅលើទិន្នន័យដែល HSE បានរាយការណ៍នៅពេលនោះ ខណៈទិន្នន័យផ្លូវការថ្មីជាងនេះ បានប្រើពាក្យ «ចំនួនការធ្វើដំណើរ» ដែលអាចរាប់បញ្ចូលការធ្វើដំណើរច្រើនដងរបស់មនុស្សម្នាក់ៗ។

សមត្ថភាពដឹកជញ្ជូនលើសពី ១៨លាននាក់ក្នុងមួយថ្ងៃ

តាមសេចក្តីប្រកាសរបស់អាជ្ញាធរមេត្រូមូស្គូ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ សមត្ថភាពដឹកជញ្ជូនសរុបរបស់រថភ្លើងក្នុងប្រព័ន្ធមេត្រូ និង Moscow Central Circle (MCC) មានលើសពី ១៨លាននាក់ក្នុងមួយថ្ងៃ។ សមត្ថភាពនេះត្រូវបានគាំទ្រដោយការពង្រីកបណ្តាញផ្លូវដែក ការធ្វើទំនើបកម្មរថភ្លើង និងការកាត់បន្ថយចន្លោះពេលរង់ចាំរថភ្លើងនៅម៉ោងមមាញឹកមកត្រឹមប្រហែល ៩០វិនាទីនៅតាមខ្សែមួយចំនួន។

គួរបញ្ជាក់ថា តួលេខលើសពី ១៨លាននាក់នេះ គឺជាសមត្ថភាពដឹកជញ្ជូនសរុប មិនមែនជាចំនួនអ្នកដំណើរដែលប្រើប្រាស់ជាក់ស្តែងក្នុងមួយថ្ងៃនោះទេ។

ប្រព័ន្ធមេត្រូដែលមានប្រវត្តិជិតមួយសតវត្សរ៍

មេត្រូមូស្គូបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៣៥ ដោយមានស្ថានីយ៍ចំនួន១៣ និងផ្លូវប្រវែងប្រហែល ១១គីឡូម៉ែត្រ។ ចាប់តាំងពីពេលនោះមក បណ្តាញនេះត្រូវបានពង្រីកជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃចំនួនប្រជាជន និងតម្រូវការធ្វើដំណើរក្នុងទីក្រុង។

ក្រៅពីតួនាទីជាមធ្យោបាយដឹកជញ្ជូន ស្ថានីយ៍មួយចំនួនក៏មានតម្លៃផ្នែកស្ថាបត្យកម្ម និងវប្បធម៌ផងដែរ។ យោងតាម HSE ស្ថានីយ៍ចំនួន៤០ ត្រូវបានចាត់ទុកថាជាទីតាំងបេតិកភណ្ឌវប្បធម៌។ ស្ថានីយ៍ចាស់ៗមួយចំនួនត្រូវបានតុបតែងដោយចម្លាក់ រូបគំនូរលើជញ្ជាំង ក្បាច់ម៉ូសាអ៉ីក និងកញ្ចក់ពណ៌ ដែលធ្វើឱ្យស្ថានីយ៍មេត្រូមួយចំនួនមានលក្ខណៈស្រដៀងនឹងសាលតាំងពិព័រណ៍សិល្បៈនៅក្រោមដី។

មិនមែនមានតែមូស្គូប៉ុណ្ណោះទេ

ក្រៅពីមូស្គូ ប្រទេសរុស្ស៉ីក៏មានប្រព័ន្ធមេត្រូនៅទីក្រុង Saint Petersburg, Novosibirsk, Nizhny Novgorod, Kazan, Samara និង Yekaterinburg ផងដែរ។ ទីក្រុងនីមួយៗមានបណ្តាញ និងទំហំខុសៗគ្នា ដោយមូស្គូជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវដែកក្នុងទីក្រុងដ៏សំខាន់មួយរបស់ប្រទេស។

សម្រាប់ទីក្រុងធំៗ ប្រព័ន្ធមេត្រូមិនត្រឹមតែជួយសម្រួលការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការរៀបចំទីក្រុង ការតភ្ជាប់តំបន់លំនៅឋានទៅកាន់កន្លែងធ្វើការ និងការគាំទ្រសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃផងដែរ៕